សិស្ស​ជាង​៣​លាន​នាក់​នៅ​កម្ពុជា​បាន​ប៉ះពាល់​ការ​សិក្សា​ដោយ​សារ​វិបត្តិ​​កូវីដ-១៩​ក្នុង​ឆ្នាំ​២០២០​

សិស្សម្នាក់​កំពុងសំអាតបន្ទប់សិក្សាបណ្តោះអាសន្ន ក្នុងសាលាឆាន់វត្តយុគន្ធរ បន្ទាប់ពីសាលាបឋមសិក្សាយុគន្ធរ របស់នាង ដែល​ស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវភ្លើងឆេះអស់​ កាលពីខែមិថុនា ឆ្នាំ២០១៩។ (រូបភាព៖ ឃុត សុគន្ធ)

អង្គការសហប្រជាជាតិ រកឃើញថា ក្នុងឆ្នាំ២០២០ សិស្សជាង៣,២លាន​នាក់នៅទូទាំងប្រទេស​កម្ពុជាបាន​ប៉ះ​​ពាល់ការសិក្សា បន្ទាប់ពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនបានបិទដំណើរការជាបណ្តោះអាសន្ន​ដោយ​សារការរីករាលដាល​ជំងឺកូវីដ-១៩។

ក្នុងរបាយការណ៍ដែលចេញផ្សាយលើទំព័រហ្វេសប៊ុកអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា មុនពេលមានរោគរាតត្បាតជំងឺកូវីដ-១៩ កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ឬ SDG​ ទី៤ ស្តីពីការរៀនសូត្រប្រកបដោយគុណភាពនិងចីរភាព។ ប៉ុន្តែ​ចាប់តាំងពីខែមីនា ឆ្នាំ​២០២០ ដែលមានការ​ឆ្លង​​រីករាលដាលនៃជំងឺ​កូវីដ-១៩​មក សិស្សចំនួន៣,២លាន​​នាក់បានរងផលប៉ះពាល់ការរៀនសូត្រ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទសាលារៀនរយៈពេលជាង២០០​ថ្ងៃ ។

អង្គការសហប្រជាជាតិ បន្តថា ការប៉ះពាល់នេះបានជំរុញឱ្យវិស័យអប់រំ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍមនុស្ស (HDI) នៅកម្ពុជា​សម្រាប់​ឆ្នាំ២០២០ ដោយ​ធ្លាក់​ចុះ​ជិត៤ភាគរយ ​(៣,៩៣%) បើប្រៀបធៀបពីឆ្នាំ២០១៩ ​ឬស្មើនឹងការលុបបំបាត់រាល់ការរីកចម្រើនលើវិស័យអប់រំដែលបានធ្វើក្នុងរយៈពេល៤ឆ្នាំកន្លងម​ក។

មួយវិញទៀត ការបិទទ្វារ​សាលា​រៀន​​យូរ​នេះបាន​ធ្វើឱ្យចំនួនកុមារ​ប្រឈម​នឹង​ការមិនវិលត្រឡប់ទៅសាលារៀនមា​នការកើនឡើង ជាពិសេស​សម្រាប់​កុមារ​មក​ពី​ក្រុម​ងាយ​រង​គ្រោះ ខណៈលទ្ធភាពនៃបើកសាលារៀននៅមិន​ទាន់​ដឹង​ពេលណាប្រាកដនៅឡើយ ព្រោះការរីករាលដាលជំងឺកូវីដ-១៩នៅតែបន្ត។

អង្គការសហប្រជាជាតិ បញ្ជាក់ថា៖ «គេនៅមិនទាន់ដឹងថាតើសាលារៀនអាចបើកឡើងវិញនៅពេលណាទេ! ហានិភ័យរបស់កុមារមិន​អាចវិលត្រឡប់ទៅសាលារៀនមានការកើនឡើងជាមួយនឹងពេលវេលា ជាពិសេសសម្រាប់កុមារមកពីក្រុមងាយរងគ្រោះ។ មេរោគរាត​ត្បាត​បាន​ធ្វើឱ្យវិសមភាពនិងហានិភ័យកាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលឱ្យមានការបែងចែកឌីជីថលកាន់តែជ្រៅទៅៗ។ ការបិទទ្វារសាលា​រៀនធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ឪពុកម្តាយនិងអ្នកថែទាំ ជាពិសេសស្ត្រី ដែលធ្វើឱ្យពួកគេកាត់បន្ថយការទទួលអាហារបំប៉នដែលមានជីវជាតិសម្រាប់កុមារជាច្រើន និងបង្កើនហានិភ័យនៃអំពើហិង្សាលើកុមារ»។

អាជីវករម្នាក់នៅផ្សារសឡា ​សង្កាត់ស្ទឹងមានជ័យ១ រាជធានីភ្នំពេញ អ្នកស្រី លាន សោភា ដែល​មានកូន៤នាក់ក្នុងបន្ទុក បាន​រៀបរាប់ថា ប្រសិនបើមានការបើកសាលារៀនឡើងវិញ ជារឿងល្អ ដោយថា ការសិក្សាតាមប្រព័ន្ធអនឡាញត្រូវចំណាយប្រាក់អ៊ីនធឺណិតផងនិងសាលាផង រួម​ទាំង​ចំណាយផ្សេងទៀត ប៉ុន្តែកា​រសិក្សាតាមអនឡាញនេះ កូនៗរបស់គាត់រៀនមិនសូវចេះដូចនៅសាលាឡើយ។

អ្នកស្រីថា៖ «ទីមួយ គាត់មានទូរសព្ទអ៊ីចឹង គាត់​ចង់​បើក​មើល​តុក្កតាឬកម្មវិធីអី​សប្បាយអីផ្សេងៗទៀតអ៊ីចឹង រៀនអនឡាញហ្នឹងកូនខ្ញុំចាប់អត់​បាន​ហ្មង បើកូន​គេ​ ខ្ញុំមិនដឹងទេ! [រៀនអនឡាញ] នៅចាំបា្រប់គាត់ ពន្យល់គាត់បន្ថែមផង ខ្ញុំត្រូវខាតពេលច្រើន។ ខ្ញុំចង់ឱ្យបើកការសិក្សាវិញភ្លាមៗ បើនៅតែ១ឆ្នាំទៀត ក្មេង​អាច​នឹង​មិនចេះអក្សរសោះតែម្ដង ខ្ញុំចង់ឱ្យបើកសាលាភ្លាមៗ ព្រោះខ្ញុំខ្លាចមិនចេះអក្សរ»។​

ស្ត្រីរូបនេះបន្តថា ក្នុងអំឡុងកូវីដ-១៩​នេះ កូនរបស់គាត់ដែលរៀនអនុវិទ្យាល័យម្នាក់និងវិទ្យាល័យ​ម្នាក់ បានបោះបង់ការសិក្សាបន្ទាប់ពីគ្រួសាររបស់គាត់ជួបបញ្ហាជីវភាពទៀតផង។

អ្នកស្រី​ថា៖ «កូនខ្ញុំ កូន​បង រៀនថ្នាក់ទី១១! ប៉ុន្តែកូវីដហ្នឹង គេផ្អាក ហើយពេលចូលវិញម្ដងទៀតក៏ផ្ទុះកូវីដទៀត។ ឥលូវគាត់ថា គាត់ឈប់រៀន រកការងារធ្វើ ដើម្បីជីវភាព គាត់ឃើញខ្ញុំពិបាករកលុយ។ មួយទៀត [កូន]ថ្នាក់ទី៩ ខ្ញុំអង្វរគាត់ដែរ គាត់ថារៀនលែងចូលហើយ! ខ្ញុំសុខចិត្តលំបាកវេទនា កុំឱ្យដូចខ្ញុំ»។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា  ប្រាប់ វីអូឌី តាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃនេះថា មុននិងក្នុង​បរិបទ​កូវីដ-១៩ ក្រសួងបានបង្កើតយន្តការរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីឆ្លើយតបបញ្ហានេះឱ្យទាន់​ពេល​វេលានិង​ផ្តល់​ប្រយោជន៍​ដល់​សិស្ស-និស្សិតក្នុងការសិក្សានិងស្វ័យសិក្សាគ្រប់កម្រិត។

លោកបន្តថា ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិចនោះមានដូចជា បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិច​ដែលធ្វើឡើងតាមការផលិត​វីដេអូ ប្រព័ន្ធអនឡាញរបស់ក្រសួង ការបង្រៀនដោយប្រើឯកសារដូចជាសន្លឹកកិច្ចការចំពោះសិ​ស្សគ្មានឧបករណ៍អេឡិចត្រូនិច ការបង្រៀនតាមវិទ្យុនិងទូរទស្សន៍ និងការរៀនតាមបណ្ដុំតូចៗទៅតាមលទ្ធភាពជាក់ស្តែង។

លោក រស់ សុវាចា  គូសបញ្ជាក់​ថា៖ «​ថ្នា​ក់ដឹកនាំក្រសួងនិងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់បានប្រឹងប្រែងយ៉ាងស្រួចស្រាវបំផុត ដើម្បី​បំពេញតម្រូវការសិក្សាឱ្យ​សិស្ស-និស្សិតបានបន្តរៀនសូត្រ តាមរយៈយន្តការសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិចដែលផ្តល់សុវត្ថិភាពសុខភាពដល់អ្នកសិក្សា»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយាវី  សង្កេតឃើញថា ការសិក្សាតាមប្រព័ន្ធអនឡាញជួបផលលំបាកច្រើន ទាំងគ្រូបង្រៀននិងសិស្ស ដោយសារ​សិស្សមិនសូវចាប់បានដូចពួកគាត់រៀន​នៅក្នុងថ្នាក់​ផ្ទាល់​ឡើយ។ លោកស្រីបន្តថា នៅពេលសិស្សានុសិស្សចាប់មេរៀនមិនបាន គឺជំរុញឱ្យវិស័យ​អប់រំ​ធ្លាក់​ចុះ ហើយ​សិស្ស​មួយ​ចំនួន​ដែលមានជីវភាពក្រីក្រ បានបោះបង់ការសិក្សាផងដែរ។

លោកស្រីថា៖ «បើនិយាយគុណភាពអប់រំដែលរៀនសម័យតាមប្រព័ន្ធអនឡាញនេះ បើសិនជាខ្ញុំគិតថា ជាភាគរយបាន២០ភាគរយទេ អាហ្នឹងសម្រាប់សាលាឯកជន! ហើយសម្រាប់សាលារដ្ឋវិញ ១០ភាគរយមិនបានផង! ពីព្រោះពួកគាត់ក្រីក្រ គាត់ខ្វះខាតគ្រប់បែបយ៉ាង ជាពិសេសជំនាញដែលរៀនតាមប្រព័ន្ធអនឡាញហ្នឹង ព្រោះអីប្រទេសយើងកន្លងមកអត់មានរៀនតាមប្រព័ន្ធហ្នឹងផុសផុលទេ។ យើងធ្លាប់តែរៀនផ្ទាល់ជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សអ៊ីចឹង»។

យ៉ាងណា កាលពីថ្ងៃទី១៦ ខែ​មិថុនា តំណាង​អង្គការ​សុខភាពពិភពលោក និង​អង្គការយូនីសេហ្វ (UNICEF) ប្រចាំតំបន់​ បាន​ចេញវិចារណកថាមួយដោយ​លើកឡើងថា ការបើកសាលារៀនឡើងវិញមិនគួរត្រូវពន្យារពេល​បន្តទៀតឡើយ។

តំណាង​ស្ថាប័នអន្តរជាតិធំៗទាំងពីរនេះបាន​សង្កត់ធ្ងន់ថា ការបើកដំណើរការសាលារៀន​ឡើង​វិញ​ប្រកប​ដោយ​​សុវត្ថិភាព គឺជាអាទិភាព​បន្ទាន់​មួយ​សម្រាប់​កុមារ ដោយ​សារ​ការរៀននៅក្នុង​សាលាមាន​សារៈ​សំខាន់យ៉ាងខ្លាំង​​សម្រាប់​ការ​អប់រំនិង​សក្តានុពលសម្រាប់ជីវិតពួកគេ។

ករណីនេះ ការ​បិទទ្វារសាលារៀនយូរបង្កផលប៉ះពាល់ជាច្រើនដល់កុមារ មិនត្រឹមតែប៉ះពាល់ដល់ការទទួលបានជំនាញ​របស់​កុមារនិងសក្តានុពលរបស់ពួកគេក្នុងការរកចំណូលប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់​​ផលិតភាព ព្រមទាំងលទ្ធភាព​រកចំណូលពេញមួយជីវិត និង​មានផលប៉ះពាល់សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់ពួកគេទៀតផង។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្ដីពីការបង្រៀននិងរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិចក្នុងឆ្នាំសិក្សា២០២០-២០២១ ទាំងគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈ ព្រមទាំងសម្រាប់គ្រឹះស្ថានសិក្សាឯកជន ខណៈព្រឹត្តិការណ៍ ​«សហ​គមន៍​​២០កុម្ភៈ» នៅមិនទាន់បញ្ចប់នៅឡើយ និងកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀតផង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ