មន្ទីរ​ធម្មការ​និង​សាសនា​រាជ​ធានី​​ភ្នំពេញ​ ស្នើ​​​រក្សា​​តម្លៃ​​​បូជា​​​សព​​​​មិន​មែន​​ជា​​សព​អ្នក​ជំងឺ​​​កូវីដ​-១៩​ឱ្យ​នៅ​ដដែល ​​

មន្ត្រីជំនាញសុខាភិបាលដឹកសពបុរសម្នាក់ដែលកើតជំងឺកូវីដ-១៩ ទៅបូជានៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកោះកុង/ kohkong.gov.kh)

មន្ទីរធម្មការ ​និង​សាសនា រាជធានីភ្នំពេញ​ បានស្នើ​ដល់​គ្រប់វត្ត​​អារាមទាំងអស់ដែល​មានឈាបនដ្ឋានឬ​​ឡ​ដុត​សព​ ឱ្យ​រក្សា​តម្លៃធម្មតា​សម្រាប់​បូជាសព​ដែល​មិន​មែន​ជា​សព​អ្នកកើតជំងឺ​កូវីដ​-១៩​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​​ការ​ថ្នាំងថ្នាក់​ជាមួយ​អាជ្ញាធរនិងរាជរដ្ឋាភិបាលចំពោះការយកតម្លៃបូជាសព​ធម្មតាច្រើនហួសហេតុ។

លិខិតរបស់មន្ទីរ​ធម្មការ​ និង​សាសនា រាជធានីភ្នំពេញ​​ កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ដែលទើបផ្សព្វផ្សាយ​កាលពីថ្ងៃម្សិលមិញ បញ្ជាក់​ថា កន្លងមក ​មាន​វត្តអារាម​ខ្លះ​បាន​យក​តម្លៃ​បូជា​សពដែល​មិន​មែន​ជា​សពអ្នកជំងឺ​​​កូវីដ​-១៩ ក្នុ​ងតម្លៃច្រើន​លើស​ពី​ធម្មតា។

លិខិតដដែលបន្តថា បញ្ហានេះ​បាន​បណ្ដាលឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​​ពលរដ្ឋ​ និង​ធ្វើឱ្យ​ពួកគេ​មាន​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរនិង​រាជរដ្ឋាភិបាល​។ បន្ថែមពីនេះ ការ​យក​តម្លៃ​លើស​លុបនេះ​ គឺ​ជា​ការប្រព្រឹត្តផ្ទុយ​ពី​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​​ការ​យកចិត្ត​ទុក​ដាក់​ពី​សុខទុក្ខ​និង​​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​។

ដើម្បីដោះស្រាយបញ្ហានេះ ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា ​​រាជធានីភ្នំពេញ​ លោក ទេព​ គង្គា បាន​ស្នើ​ក្នុង​លិខិតនោះ​ថា៖ «សូមព្រះអង្គមេត្តា​ជួយសម្រួល​ក្នុង​ការ​បូជា​សពដែល​គ្មាន​ជំងឺ​កូវីដ-១៩​ទៅតាម​ទម្លាប់​ធ្លាប់​មាន​ពីមុនមក​ និង​​មុននឹង​បូជា​​ត្រូវ​ពិនិត្យ​លិខិត​បញ្ជាក់​ថាសព​នោះ​មិន​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ-១៩របស់​ពេទ្យ​ អមដោយ​លិខិត​ឯកភាព​របស់​អា​ជ្ញាធរ​មូលដ្ឋាន​»។​


លោក​ ទេព គង្គា​ បាន​រម្លឹក​​ក្នុង​លិខិត​ថា វត្ត​អារាមត្រូវ​អនុវត្ត​តាម​ការ​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ដោយ​អនុញ្ញាត​ចំនួន​សាច់​ញាតិ​សព​​១៥នាក់​ប៉ុណ្ណោះ​យ៉ាងច្រើន និង​តម្រូវឱ្យ​អ្នក​ចូលរួម​​បូជាសព​ពាក់​ម៉ាស់​និងរក្សា​គម្លាត​ឱ្យ​មាន​សុវត្ថិ​ភាព​។

លើសពី​នេះ​ លោក​បាន​ក្រើ​ន​​រម្លឹក​បន្ថែម​អំពី​តម្លៃ​សេវា​បូជា​សព​ថា សេវា​បូជា​សព​ត្រូវ​រក្សា​តម្លៃ​ដើម​ ដោយ​ចៀស​វាង​ការ​ដំឡើង​ថ្លៃ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុ​ងគ្រា​ជួប​ការ​លំបាក​នេះ។ ជាមួយ​​គ្នា​​នេះ​ ប្រធានមន្ទីរធម្មការនិងសាសនាដដែល ​បាន​រម្លឹកដែរ​​ថា ហាម​វត្ត​ធ្វើការ​រៃ​អង្គាស​បច្ច័យ​គ្រប់​រូបភាព​ពី​ម្ចាស់​សព ក្នុងទម្រង់នៃការកសាងវត្តអារាម ជាដើម។  

កាលពីពេលថ្មីៗនេះ មានលិខិតមួយអំពីសេចក្ដី​សម្រេច​របស់ចៅអធិការវត្ត​«សំបូរមាស» បង្ហាញ​ពី​តារាង​តម្លៃ​ទទួល​បូជា​សពដែលចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ដោយតារាងនោះបានកំណត់​​តម្លៃ​បូជា​​សពធម្មតា​ក្នុងវត្តមួយនេះ ចំនួន៣០០ ០០០រៀល រីឯ​ឡដាក់​សព​មាន​តម្លៃ​២០០ ០០០រៀល​។

ក្នុង​នោះ​ មាន​សេវាផ្សេងៗទៀត​សម្រាប់តម្រូវការ​​របស់​​គ្រួសារ​សព ​ដូចជា សពដាក់​តម្កល់​​១ថ្ងៃ គិតទាំងថ្លៃទឹកនិង​ភ្លើង​​តម្លៃ​៤០០ ០០០រៀល ក្ដារមឈូសវត្ត​តម្លៃ១ ០០០​ ០០០រៀល ឡានដឹកសព​ដោយគិតតាម​ចម្ងាយជិត​និង​ឆ្ងាយ គឺមានតម្លៃពី២៤០ ០០០រៀល​ ដល់៣០០​ ០០០ រៀល។ ចំណែកទីតម្កល់​មេរុ ឬ​មេន​ នៅជិត​សាលារៀន តម្លៃ​១​ ០០០​ ០០០រៀល ទីតម្កល់មេរុ​នៅជិត​ទីប៉ាឆា តម្លៃ៤០០​ ០០០រៀល និង​​មេក្រូ១ថ្ងៃ តម្លៃ២០០​ ០០០ រៀល។

យ៉ាងណា សេចក្តីសម្រេចនេះបានធ្វើឱ្យសាធារណជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុករិះគន់ជាខ្លាំង ដោយថាជាការធ្វើអាជីវកម្មលើសព ខណៈគ្រួសារពួកគេកំពុងជួបទុក្ខក្រៀមក្រំ​ ហើយតម្លៃទាំងនោះនឹងធ្វើឱ្យពលរដ្ឋក្រីក្រ គ្មានលទ្ធភាពដើម្បីយកសពទៅបូជាឬរៀបចំពិធីឱ្យបានសមរម្យនោះឡើយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ