ជប៉ុន​ផ្តល់​ជំនួយ​ឥត​សំណង​ចំនួន​៣,៣១​លាន​ដុល្លារ​ជួយ​អភិវឌ្ឍធនធាន​មនុស្ស​​នៅ​កម្ពុជា​

(ឆ្វេង) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ) ហុចលិខិតប្តូរសារដែលចុះហត្ថលេខាស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណងចំនួន៣,៣១​លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា​ សម្រាប់ជួយដល់​គម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា ជំនួយឥតសំណងចំនួន៣,៣១​លានដុល្លារ​នេះ បានចូលរួមចំណែកដល់ការ​លើក​កម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា និងជួយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងចំណងមិត្តភាពរវាងកម្ពុជានិងជប៉ុន។

បើតាមក្រសួងដដែលថា ការផ្ដល់ជំនួយនេះនឹងចុះហត្ថលេខាព្រមគ្នាលើលិខិតប្តូរសាររវាងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ។

ក្រៅពីផ្ដល់ជំនួយថវិកាថ្មីៗនេះ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ដល់កម្ពុជាចំនួន១លានដូស ដែលវ៉ាក់សាំងនេះនឹងដឹកមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។ 

លើសពីនេះ បើតាមសេចក្ដីប្រកាសរបស់ស្ថានទូតជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ជប៉ុនក៏បាន​ផ្ដល់​ជំនួយច្រើនជាង៥០លាន​ដុល្លារដល់កម្ពុជា រួមមាន ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅតាម​ព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូននិងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ជាដើម។

ជាងនេះទៀត លោក មិកាមិ ម៉ាសាហ៊ីរ៉ូ លើកឡើងទៀតថា រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់កម្ចីប្រមាណ២២៧​លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាលផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ