ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្ត​សៀមរាប​​ ដោះស្រាយ​រឿង​​ដីធ្លី​ក្រោយ​​អាជ្ញាធរ​​មូលដ្ឋាន​​យក​​ដី​នោះ​​ទៅ​​បង្កើត​​សហ​គមន៍

ពលរដ្ឋជាច្រើននាក់តំណាងឱ្យ៦០គ្រួសារ បានមកប្រមូលម្តុំគ្នាទាមទារឱ្យអាជ្ញាធរមូលដ្ឋានដោះស្រាយបញ្ហាដីធ្លីរបស់គេ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅលើដីដែលមានជម្លោះ ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួតខ្នាក្រៅ ស្រុកស្វាយលើ ខេត្តសៀមរាប។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជាង៦០គ្រួសារ រស់នៅភូមិរំដេង ឃុំកន្ទួត​ខ្នាក្រៅ ​ស្រុកស្វាយលើ ខេត្តសៀមរាប ស្នើ​ឱ្យ​រដ្ឋាភិបាលនិង​អាជ្ញាធរ​ខេត្តដោះ​ស្រាយ​​បញ្ហា​វិវាទ​ដីធ្លីជូនពួកគាត់ ក្រោយពីដីទំហំជាង​៥០០ហិកតាដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​​ផល​ ត្រូវបានអាជ្ញាធរ​មូលដ្ឋាន​​ដកហូត​យក​ទៅ​បង្កើត​​​ជា​​ដី​​សហ​គមន៍​ព្រៃឈើ។

ពលរដ្ឋម្នាក់ក្នុងចំណោមជាង៦០គ្រួសារ រស់នៅភូមិរំដេង លោកស្រី ពួច រឿន បាន​លើក​ឡើង​នៅ​​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ២០២១នេះថា អ្នកស្រីបានរស់នៅនិងអាស្រ័យ​ផល​លើដីនេះអស់​រយៈពេល១៥ឆ្នាំមក​ហើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ស្រាប់តែអាជ្ញាធរនិង​រដ្ឋ​បាល​ព្រៃ​ឈើបានចោទពួកគាត់ថារស់នៅលើដីនោះ​ដោយខុស​ច្បាប់ ​និងដក​ហូត​យក​ដី​នោះ​ទៅ​ធ្វើ​ជាដីសហគមន៍ទុកចែក​ឱ្យ​ពលរដ្ឋផ្សេងទៅវិញ។

ស្ត្រីវ័យ៦០ឆ្នាំរូបនេះបន្តថា ក្រោយមានទំនាស់ដីធ្លីនេះ អាជ្ញាធរបានរារាំង​ពួកគាត់ទាំងជាង៦០គ្រួសារមិន​ឱ្យ​ចូល​ទៅធ្វើស្រែចម្ការឬដាំដំណាំផ្សេងៗនៅលើដីនោះទេ ដែលធ្វើឱ្យ​ពួកគាត់​ជួប​ការលំបាកខ្លាំងក្នុងជីវភាពរស់នៅដោយសារ​ពុំមានមុខរបរអ្វីផ្សេងពីនេះ។

អ្នកស្រីអះអាងថា៖ «គេប្រមាថដក គេប្រមាថដាក់ខ្នោះ គេប្រមាថដុតផ្ទះនេះចោល។ មានអ្វីគេយកអស់ តែពេលគេមក ខ្ញុំលាក់ដាក់ក្នុងព្រៃអស់ទៅ។ គេប្រមាថសព្វ​គ្រប់ហើយ គេរើ គេមិនឱ្យ​នៅទេកន្លែងនេះ! បើមិនរើ គេរើខ្លួនគេ បានខ្ញុំវេទនាណាស់។»

ប្រជាពលរដ្ឋមួយរូបទៀត​ លោក តក់ ធាង បានលើក​ឡើងដែរ​ថា ពួកគាត់​បានខក​ខាន​ប្រកប​របរ​ធ្វើស្រែ​ចម្ការនិងដាំដំណាំផ្សេងៗលើដី​ទំនាស់នោះអស់រយៈពេល២ឆ្នាំមកហើយ ដោយ​សារ​​​តែ​​អាជ្ញាធរមូលដ្ឋាន​រារាំងនិង​​បាន​គំរាម​ចាប់ខ្លួន​​ ព្រម​ទាំង​ដក​ហូត​យក​សម្ភារ​របស់​ពួក​គាត់ថែមទៀតផង បើសិនជាពួកគាត់ចូលទៅធ្វើស្រែចម្ការនៅលើដីនោះ។

ករណីនេះ លោកបានស្នើថា៖ «ខ្ញុំសំណូមព​រដល់​សម្ដេច​នាយករដ្ឋមន្រ្តី ឬក្រសួង និង​សម្ដេច ស ខេង [រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ]​ ដែលលោកជាអ្នកច្បាប់ខាងលើ សូមមេត្តាជួយដល់កូនចៅខាងក្រោម ទោះបីថាប្រជាពលរដ្ឋអត់សូវដឹងទេ ទាំងគេ ទាំងខ្ញុំ! តែរស់នៅបានអាស្រ័យផលហើយនេះ ខុសត្រូវយ៉ាងណា សូមឱ្យ​​ជួយ ​ធ្វើជាផលជាអីបានផង។ បើសិនជាពីមុនមានបោះបង្គោលសហគមន៍ទីនេះ ប្រជាពលរដ្ឋពួកខ្ញុំមិនមាននរណាហ៊ានទេ»។

ចំណែកពលរដ្ឋម្នាក់ទៀត លោក គឹម ឡាវ៉ូ អាយុ៣៥ឆ្នាំ បានបញ្ជាក់ថា ពួកគាត់បានកាន់​កាប់​ដីនេះតាំងពីឆ្នាំ២០១២មកម៉្លេះ ដោយមានប្លង់កម្មសិទ្ធិទទួលស្គាល់​ពីអាជ្ញាធរមូលដ្ឋាន ប៉ុន្តែ​នៅឆ្នាំ​២០១៧ ស្រាប់​តែ​​​រដ្ឋបាលព្រៃឈើ ក៏ដូចជាអាជ្ញាធរ បានយកដីនោះ​ទៅបង្កើត​ជា​ដី​​សហ​គមន៍ ដោយ​មិនមានការព្រមព្រៀងពីពលរដ្ឋទៅវិញ។

ករណីនេះ លោកបានស្នើ​ដល់​រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជួយ​អន្តរាគម៍ដោះស្រាយនិង​ប្រគល់ដីនោះទៅឱ្យ​ពលរដ្ឋកាន់កាប់និងអាស្រ័យ​ផលដូចដើមវិញ។

តែយ៉ាងណា អាជ្ញាធរមូលដ្ឋានឃុំកន្ទួតខ្នា​ក្រៅ លោក សេង លន បាន​ចោទ​ពលរដ្ឋ​ទាំង​ជាង៦០គ្រួសារ​​​នោះថា​ ជាអ្នក​ទន្ទ្រានដីសហគមន៍ដោយ​ខុសច្បាប់ បើទោះ​ជា​អាជ្ញាធរ​ភូមិឃុំបានចុះអប់រំផ្សព្វផ្សាយ​ជាច្រើនលើកច្រើនសារមកហើយក្តី។

លោកថា៖ «ប្រជាពលរដ្ឋ​ជាង​៦០គ្រួសារ​ ជាអ្នក​បំភ្លៃនិងមានការ​បំប៉ោងពីក្រៅទេ! ដូចខ្ញុំ​សិក្សាពីមេភូមិ អនុភូមិ ដូចជាមានតែ​១១គ្រួសារទេ ដីប្រហែល៧០ហិកតានៅក្នុងដីសហគមន៍នោះ»។

លោកបន្ថែមថា៖ «ប្រធានសហគមន៍តែងតែណែនាំ ក្រុមប្រឹក្សាឃុំតែងតែណែនាំ មេព្រៃតែងតែណែនាំ មានបងប្អូនប្រជាពលរដ្ឋអាស្រ័យផលក្នុងដីសហគមន៍នោះ បើមាន៥ហិកតា ឱ្យ​​ធ្វើ៥ហិកតា បើមាន១០ហិកតា ឱ្យ​ធ្វើ១០ហិកតា ប៉ុន្តែវាមិនអ៊ីចឹងទេ […] គាត់មិនមែនធ្វើតែ៥ហិកតាទេ គាត់រុករានទន្រ្ទានកាន់កាប់បន្ត ៥[ហិកតា] ថែម៥[ហិកតា]ទៀត លើដីសហគមន៍ហ្នឹង»។

លោក សេង លន បានអះអាងថា ការបង្កើត​ដីសហគមន៍ទំហំប្រមាណ​៥០៤ហិតតានោះ ធ្វើឡើងស្របទៅតាមច្បាប់ ហើយ​​​ក៏​មាន​​ការ​​ព្រម​ព្រៀង​ពីសំណាក់​ប្រជាពលរដ្ឋរស់​នៅ​តំបន់​នោះ​ដែរ ដោយ​​ពួកគេ​​បានចូលរួមផ្ដល់ស្នាមមេដៃដោយ​ផ្ទាល់និង​មាន​ការ​រៀបចំ​រចនា​សម្ព័ន្ធ​គណៈ​កម្មការ​​គ្រប់​គ្រង​សហគមន៍​នេះ​​ថែម​ទៀត។

លោកបញ្ជាក់​​ថា៖ «ពាក់ព័ន្ធដីសហគមន៍ជប់រំដេងនោះ ប្រជាពលរដ្ឋជាអ្នក​ផ្តិតមេដៃខ្លួនគាត់ ចូលរួម​​បដិភាគ​ធ្វើព្រៃសហគមន៍​ចំនួន​មួយគ្រួសារ ១០ ០០០[រៀល] នៅក្នុងនោះ យើងមានលក្ខណៈបោះឆ្នោតរើសរកប្រធាននិង​អនុប្រធានសហគមន៍ថែមទៀត»។

ចំណែកអភិបាលរងខេត្តសៀមរាប លោក​ លី សំរិទ្ធ បានបដិសេធអត្ថាធិប្បាយ ដោយ​សារ​​លោកមិនទាន់ទទួលពាក្យបណ្ដឹងសុំអន្តរាគមន៍ពីប្រជាពលរដ្ឋនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ