ក្រសួង​រម្លឹក​ដល់​ក្រុមហ៊ុន​​ផ្តល់​​សេវា​​ទូរសព្ទ​​ត្រូវ​​​ពង្រឹង​​នីតិវិធី​​​​លក់​​ស៊ីម​កាត​​ឱ្យ​​បាន​​ត្រឹម​ត្រូវ​​ជូន​​អតិថិ​ជន

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រម្លឹកដល់ប្រតិបត្តិករ​ផ្តល់សេវា​ទូរសព្ទចល័តទាំង​អស់ ពង្រឹង​ការគ្រប់គ្រងនិងនីតិវិធីនៃការចែកចាយនិងលក់ស៊ីមកាតទូរសព្ទចល័តឱ្យបាន​ត្រឹម​ត្រូវ​ជូន​អតិថិជន ក្រោយ​ពីក្រសួងរកឃើញថា ក្រុមហ៊ុន​ស្មាត (Smart Axiata Co., Ltd.) បានអនុវត្តខុសនីតិវិធីក្នុងការ​បើក​​លេខទូរសព្ទជូនអតិថិជន។

យោងតាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងប្រៃសណីយ៍ កាលពីថ្ងៃទី២២ ខែកក្កដា ម្សិល​មិញ បាន​លើកឡើងថា ថ្មីៗនេះ ក្រសួង​បាន​រកឃើញ​ថា ក្រុមហ៊ុន ស្មាត អាស្យាតា ខូអិលធីឌី (Smart Axiata Co., Ltd.) បានកាត់​ផ្តាច់លេខទូរសព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឱ្យអតិថិជន​ថ្មីដោយគ្មានការយល់ព្រមពីម្ចាស់ដើម។

ដើម្បីកា​រពារ​សិទ្ធិនិងផលប្រយោជន៍អ្នកប្រើប្រាស់សេវាទូរសព្ទចល័ត ក្រសួង​បានណែនាំ​ឱ្យ​​ក្រុម​​ហ៊ុន​ស្មាត (Smart Axiata Co., Ltd.) ត្រូវ​​សុំទោសជាសាធារណៈ និងសន្យាមិនឱ្យមានហេតុការណ៍នេះ​​កើតឡើងជាថ្មី ព្រមទាំងត្រូវ​ផ្តល់​សំណង​​​ខូច​ខាត​ដល់​ម្ចាស់​ដើម​ ​ចំពោះ​ការ​ប្រព្រឹត្ត​ខុសនឹងនីតិវិធីក្នុង​ការបិទលេខទូរសព្ទពីអតិថិជនដែលកំពុងប្រើប្រាស់នេះ ហើយម្ចាស់ដើមមានសិទ្ធិទទួលបានលេ​ខទូរសព្ទនោះមកប្រើប្រាស់វិញ។

ក្រសួងបន្តថា​ រាល់បុគ្គល​ពាក់ព័ន្ធនឹងករណី​នេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងប្រៃសណីយ៍ ក៏បានរម្លឹកជាថ្មី​ដល់​ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ត្រូវ​ពង្រឹង​ការគ្រប់គ្រងនិងនីតិវិធី​​នៃការចែកចាយ​និងលក់ស៊ីមកាតឱ្យ​បានត្រឹមត្រូវ​ដល់​អតិថិជន​របស់​ខ្លួន និងចៀសវាងមានករណីបែបនេះកើតឡើងទៀត។

ក្រសួងបានព្រមានដែរថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តតាមដាននិង​ចាត់​វិធាន​ការ​យ៉ាង​តឹង​រ៉ឹង​បំផុត ស្របតាមច្បាប់​និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចំពោះ​ប្រតិករ​​ផ្តល់​សេវា​ទូរសព្ទ​ចល័ត​ណា​ដែល​បាន​ប្រព្រឹត្ត​ខុស»។

ក្រោយមានការព្រមានពីក្រសួង នៅថ្ងៃសុក្រនេះ ក្រុមហ៊ុន Smart បាន​ប្រកាស​សុំទោស​ចំពោះអតិថិជនមួយរូប ដែលរងផលប៉ះពាល់ចំពោះបញ្ហានេះ និងបានប្តេជ្ញា​ដោះ​ស្រាយ​សំណងសមរម្យ​​ជូនអតិថិជន​រូបនោះ។

ក្រុមហ៊ុន Smart​ បន្ថែមថា ខ្លួន​បាន​​រកឃើញ​កំហុសរបស់​បុគ្គលិកមួយរូបដែលប្រព្រឹត្តទង្វើ​ផ្ទុយស្រឡះពីស្តង់ដារ ក្រមសីលធម៌ និង​វិជ្ជា​ជីវៈ​របស់​ក្រុមហ៊ុន ហើយ​បុគ្គលិករូប​នោះក៏​ត្រូវបានព្យួរពីការងារនិង​ទទួល​ទណ្ឌកម្មវិន័យនានាយោងតាមបទបញ្ជាផ្ទៃក្នុងផងដែរ។

ក្រុមហ៊ុននេះបញ្ជាក់ថា៖ «យើងខ្ញុំនឹងពង្រឹងនីតិវិធីផ្ទៃក្នុងនិងដាក់ចេញនូវវិធានការបន្ថែមនានា ដើម្បីធានាមិនឱ្យឧប្បត្តិហេតុដដែលនេះកើតឡើងសារជាថ្មីទៀតឡើយ»។

បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស្មាត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បុគ្គលិក​ក្រុម​ហ៊ុន​មួយរូបបាន​​ផ្ទេរសិទ្ធិ​លើក​ម្មសិទ្ធិ​លេខ​​ទូរសព្ទ​របស់​អតិថិជនខ្លួន​មួយរូបទៅឱ្យអតិថិជន​ថ្មី ដោយគ្មានការយល់ព្រមឬព្រមព្រៀងគ្នាជាមុន​ពីម្ចាស់ដើម។ ក្រោយហេតុការណ៍នេះ​មួយ​ថ្ងៃ ក្រុមហ៊ុន Smart បានទទួលបណ្តឹងនិងបានផ្អាកដំណើរលេខទូរសព្ទនោះជាបណ្ណោះអាសន្ន មុនពេលប្រគល់ឱ្យម្ចាស់ដើមវិញ។

ក្រុមហ៊ុន Smart អះអាងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ចំពោះករណីនេះ ខ្លួនក៏បានជូនដំណឹងទៅនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​ដែលបានទទួលពាក្យបណ្តឹងពីអតិថិជននោះផងដែរ ហើយ​ក្រុម​ហ៊ុន​បាន​ទាក់ទងជាមួយអតិថិជន​ដែលរង​ការ​ប៉ះពាល់ និងស្នើផ្តល់ជាដំណោះស្រាយជូនគាត់ ក៏ប៉ុន្តែសំណើនោះ​ត្រូវបានបដិសេធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ