លោក ហ៊ុន សែន ថា លោកគិត​ពី​ជីវិត​ប្រជាជន មុន​នឹង​គិត​ពី​សិទ្ធិ​បញ្ចេញ​មតិ ឬ​ប្រជាធិបតេយ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាត្រី ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

លោក​នាយករដ្ឋមន្ដ្រី ​ហ៊ុន សែន បាន​ថ្លែង​ថា  លោក​មិន​ចាប់​អាម្មរណ៍​ឡើយ ​ចំពោះការ​រិះគន់​ទាក់ទង​នឹង​ការ​បង្កើត​ច្បាប់​របស់​កម្ពុជា​ឆ្លើយតប​ទៅនឹង​ជំងឺកូវីដ-១៩ នោះថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស ​ឬ​សិទ្ធិបញ្ចេញ​មតិ។

ក្នុង​ពិធី​ទទួល​ពិធី​វ៉ាក់សាំង​ប្រឆាំង​ជំងឺកូវីដ-១៩ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​យប់​ថ្ងៃទី២៣  ខែកក្កដា ឆ្នាំ២០២១ លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា  អ្វីដែល​គិត​បច្ចុប្បន្ននេះ គឺពី​សុខុមាលភាព​និង​អាយុជីវិត​របស់​ប្រជាជន​ជាធំ។

លោក​នាយករដ្ឋមន្ត្រី​បាន​ថ្លែងយ៉ាង​ដូច្នេះ​ថា​៖ «តែអ្វីដែល​សំខាន់​សម្រាប់​ខ្ញុំ ​គឺ​សុខុមាលភាព​របស់​ប្រជាជន ជីវិត​របស់​ប្រជាជន ត្រូវ​បាន​ធានា ហើយ​ជីវិត​ដំបូង​បំផុត​ មិនមែន​សិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យទេ គឺសិទ្ធិរស់រានមានជីវិតដែលត្រូវតែទទួលបានមុន។ ដូច្នេះទោះបីអ្នកណាចង់និយាយពីអី ក៏និយាយទៅ តិទៀនច្បាប់កម្ពុជា ក៏តិទៀនទៅចុះ តែច្បាប់របស់កម្ពុជាធ្វើដើម្បីការពារជីវិតមនុស្ស អ្នកចង់និយាយពីអ្វី គឺអ្នកនិយាយតាមចិត្តចង់ ប៉ុន្ដែអ្វីដែលខ្ញុំបាននិងកំពុងធ្វើ គឺការពារជីវិតប្រជាជនកុំឱ្យស្លាប់»។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងស្របពេលដែលកន្លងមកក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានរិះគន់ចំពោះអនុក្រឹត្យស្ដីពី «កាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩» ដោយថា អនុក្រឹត្យនោះ អាចមានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិនៃលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ ជាពិសេស កតិកាសញ្ញាអន្តរជាតិស្តីពី «សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR)» ដែលកម្ពុជាជារដ្ឋភាគី។

ក្រៅពីអនុក្រឹត្យខាងលើ សង្គមស៊ីវិលជាតិ និងសហគមន៍អន្តរជាតិក៏បានរិះគន់ ចំពោះច្បាប់​ថ្មី​​ស្តីពី​ «វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩»​ ថា មានការដាក់ទោសធ្ងន់ធ្ងរ ពោលគឺ​ពី ១០ឆ្នាំ ដល់ ២០ឆ្នាំ និងផាកពិន័យ ២០ លានរៀនជាដើម។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា សុខុមាលភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋពិតជាសំខាន់ ប៉ុន្តែនៅក្នុងសង្គមប្រជាធិបតេយ្យក្រៅពីសិទ្ធិរស់រានមានជីវីត ប្រជាពលរដ្ឋត្រូវតែមានសិទ្ធិសេរីភាពបញ្ចេញមតិ និងមានសេរីភាពផ្សេងៗទៀត ក្នុងការអភិវឌ្ឍនៅក្នុងសង្គមជាតិតាមបែបលទ្ធិប្រជាធិបតេយ្យ។

លោកថា៖ «អ៊ីចឹង​ដើម្បីធានាសិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋហ្នឹង ​ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យច្បាប់មួយចំនួន ត្រូវតែស្របនឹងរដ្ឋធម្មនុញ្ញប្រទេសហ្នឹង ប៉ុន្តែនៅកម្ពុជាយើងមានរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ហើយកម្ពុជាយើងក៏បានផ្ដល់សច្ចាប័ណ្ណច្រើនដែលទាក់ទងនឹងបញ្ហាសិទិ្ធមនុស្ស​​​ ជាពិសេសនៅក្នុងតំបន់អាស៊ាន កម្ពុជាយើងបានផ្ដល់ច្រើនជាងគេ អ៊ីចឹងច្បាប់យើងក៏ត្រូវស្របទៅតាមបទដ្ឋានអន្តរជាតិទាំងអស់ហ្នឹងដែរ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា លោក​ ឯម សុវណ្ណរ៉ា ​ចាត់ទុកការថ្លែងរបស់ប្រមុខរដ្ឋាភិបាលឆ្លុះបញ្ចាំឱ្យឃើញថា កង្វល់របស់សហគមកន៍អន្តរជាតិ ​ ពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស មិនត្រូវបានរដ្ឋាភិបាលកម្ពុជាឆ្លើយតប និងកែសម្រួល​​ រួមទាំងដោះស្រាយឱ្យបានពេញលេញជុំវិញការបារម្ភរបស់ប្រទេសលោកសេរីឡើយ។ ករណីនេះ លោកថា ប្រព័ន្ធអនុគ្រោះពន្ធឬ EBA  ២០% ដែលត្រូវបានកាត់កាលពីពេលកន្លងមក កម្ពុជានឹងមិនអាចទទួលបានមកវិញឡើយ។

លោកថា៖«គោលការណ៍បច្ចុប្បន្នសំខាន់ គឺកូវីដ១៩ ក៏ប៉ុន្តែគោលការណ៍កម្ពុជាបានប្រកាន់និងចែងច្បាស់​នៅក្នុងរដ្ឋធម្មនុញ្ញ​កម្ពុជាដែរ គឺគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ហើយប្រសិនបើគោលការណ៍ច្បាប់ និង​សេរីភាពបញ្ចេញមតិវាមិនបាន​ស្ដែងតាមគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាទេ ​តាមតែទម្រង់របស់កម្ពុជាវាអត់ស្របទៅតាមរដ្ឋធម្មនុញ្ញមានខ្លឹមសារ ឬធម្មនុញ្ញអង្គការសហប្រជាជាតិទេ។ ដូច្នេះ វាអាចធ្វើឱ្យកម្ពុជាប្រឈម​អន្តរជាតិគេអាច​លើកឡើង ឬក៏គេរិះគន់ ឬដាក់សម្ពាធ»។​

ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្តែងកង្វល់ជាខ្លាំង ចំពោះវិធានការច្បាប់ និងវិធានការរដ្ឋបាលថ្មីដែលមានលក្ខណៈតឹងរឹង ដែលបានដាក់ចេញជាបន្តបន្ទាប់ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន រួមទាំងសេរីភាពក្នុងការដើរហើរ សិទ្ធិជួបប្រជុំដោយសន្តិវិធី និងសិទ្ធិការងារ។

ក្រុម​អ្នក​ជំ​នាញ​បាន​មា​នប្រ​សាសន៍​ថា «​យើង​មា​ន​កង្វល់​ថា ​វិ​ធាន​ការ​រដ្ឋ​បាល ​និង​វិ​ធាន​ការព្រ​ហ្ម​ទណ្ឌ ​រួម​ទាំង ​ការ​ដាក់​ទោ​ស​ពន្ធ​នាគារ​រ​យៈ​ពេល​វែង​ហួស​ហេ​តុ ​និង​ការពិ​ន័យ​ជា​ប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ ​ទំនង​ជា​មិន​មាន​ស​មា​មា​ត្រ ​និង​មិន​ចាំ​ចាច់​ឡើយ។ ​រាល់​វិ​ធាន​ការ​ដែល​បាន​ចាត់​ឡើង ​សំ​ដៅប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ការឆ្ល​ង​រាល​ដាន ​រួម​ទាំង ​ទោស​ទណ្ឌ​ដែល​អាច​មាន ​គួរ​តែ​ធ្វើ​ក្នុង​ក​រ​ណី​ចាំ​បាច់ ​និង​មាន​លក្ខ​ណៈ​ស​មា​មា​ត្រ ​ហើយ​មិន​ត្រូវ​បាន​ប្រើ​ប្រាស់​ហួស​ហេ​តុ​ឡើយ»។

បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ការបង្កើតច្បាប់របស់កម្ពុជា ដើម្បីការពារអាយុជីវិតរបស់ប្រជាជនក្តី ប៉ុន្តែគិតត្រឹមថ្ងៃទី២៤ ខែកក្កដា នេះ ប្រជាជនកម្ពុជាចំនួន ១២៥៤នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃសៅរ៍ ទី២៤ ខែកក្កដានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមានចំនួនសរុប ៧២ ១០៤ នាក់ ស្លាប់ ១២៥៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧ ៥៥៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ