សមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនមនុស្ស ៥នាក់ និងរឹបអូសគ្រឿងញៀនបានជាង ១៥៦ គីឡូក្រាម

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សមត្ថកិច្ចជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បានឃាត់ខ្លួនមនុស្សចំនួន ៥ នាក់ និង​រឹប​អូស​គ្រឿងញៀនបាន​ជាង​ ១៥៦ គីឡូក្រាម នៅក្នុងសង្កាត់​និរោធ​និ៍​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២១​។​

បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឱ្យដឹងថា មនុស្សទាំង ៥ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន  នៅផ្ទះ​លេខ​៨០​ ផ្លូវ​M3​ បូ​រី​ប៉េង​ហួត​ (​បឹង​ស្នោ​)​ សង្កាត់​និរោធ​និ៍​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​  ដែលជាទីតាំង​កែ​ច្នៃ​ រក្សា​ទុក​គ្រឿងញៀន ១៥៦ គីឡូក្រាម។ ជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ រួមមាន ជនជាតិ​ខ្មែរ​ម្នាក់ និង ជនជាតិ​វៀតណាម​ ៤ នាក់។

ក្រៅពីឃាត់ខ្លួនមនុស្ស និងរឹបអូសគ្រឿងញៀននោះ សមត្ថកិច្ចបានរឹបអូនសម្ភារៈ​មធ្យោបាយ​ និង​ឧបករណ៍​កែ​ច្នៃ​សារធាតុ​ញៀន​ ដូចជា  ម៉ាស៊ីន​សម្រាប់​ស​ម្ងួ​ត​សារធាតុ​ញៀន, ម៉ាស៊ីន​សម្រាប់​ក្រឡុក​, ពុម្ព​សម្រាប់​វាយ​គ្រាប់​សារធាតុ​ញៀន​មួយ​ចំនួន​ធំ​,​ ម៉ាស៊ីន​សម្រាប់​វេច​ខ្ចប់​សារធាតុ​ញៀន​១​គ្រឿង​, ម៉ាស៊ីន​រាប់​គ្រាប់, ម៉ាស៊ីន​សម្រាប់​អ៊ុត​ថង់​ផ្លា​ស្ទិ​ក​, ម៉ាស៊ីន​សម្រាប់​កិន​ និង​ក្រឡុក​, ថង់​សម្រាប់​វេច​ខ្ចប់​,  ជញ្ជីង​សម្រាប់​​ថ្លឹង​,​ ម៉ាស៊ីន​សម្រាប់​វាយ​គ្រាប់​, រាន​សម្រាប់​ប​ញ្ឍ​រ​ស​ម្ងួ​ត​, ចានដែក​សម្រាប់​ដាក់​ម្សៅ ​និង​កញ្ច្រែង​សម្រាប់​រែង​សារធាតុ​ញៀនជាដើម។ បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​ ត្រូវបានសមត្ថកិច្ចកសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់​។

យោងតាមរបាយការណ៍​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនឱ្យដឹង​ថា រយៈពេល ៦ខែ ដើមឆ្នាំ២០២១ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀ​នជាង៧តោន ឬស្មើនឹង ៧ ៦២៤ គីឡូក្រាម ខណៈកាលពីឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបបានតែ ៣ ១៣១ ​ករណីប៉ុណ្ណោះ។

ចំនួនគ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាននេះ មានការកើនឡើងជិត១០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា បើទោះកម្ពុជា​កំពុងជួបវិបត្តិកូវីដ-១៩ក៏ដោយ​។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានលើកឡើងនៅលើទំព័រ​ហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ថា ក្នុងរយៈពេល៦ខែ ​ឆ្នាំ២០២១​នេះ ប្រ​ទេ​ស​កម្ពុជាបានប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបណ្ដាលមកពីការឆ្លងរីករាលដាលជំងឺកូវីដ-​១៩ ជាកត្តារារាំងដល់កិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅ​ក្នុងប្រទេស ដែល​ធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកាស​បង្កើ​​​នការ​ផលិត និងអំណោយផល​ទីផ្សា​​រប្រើ​ប្រាស់​គ្រឿង​ញៀន។

អង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះដែរ បានចេញផ្សាយរបា​យ​កា​រណ៍វាយតម្លៃថា កម្ពុជាគឺ​ជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរណ៍​ ផលិត និងចែកចាយគ្រឿងញៀន ហើយ​​បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ប៉ុន្តែការចរាចរ​ ផលិត និងចែកចាយគ្រឿងញៀន​ មិនមាន​ការថយ​ចុះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ