រដ្ឋាភិបាលគ្រោង​ចាប់​ផ្តើ​ម​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ដល់​កុមារ​និង​យុវវ័យ​​នៅ​ដើម​ខែ​សីហា

គ្រូពេទ្យម្នាក់លើកស៊ីរាំងបូមវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ត្រៀមចាក់ជូនដល់បុគ្គលដែលមកទទួលការចាក់ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាល នឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារ និងយុវវ័យចាប់ពីអាយុ ១២​ឆ្នាំ ដល់​​ក្រោម​១៨ឆ្នាំ នៅរាជធានីភ្នំពេញ និង​ខេត្តចំនួន​៣ ទៀត ចាប់ពីដើមខែសីហាទៅ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សេចក្តីជូនព័ត៌មានរបស់​គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសនៃក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដានេះ បាន​លើកឡើងថា យុទ្ធនាការ​ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ដល់កុមារ និងយុវវ័យនេះ នឹងចាប់ផ្តើមពីរាជធានីភ្នំពេញ ពីថ្ងៃទី១ ខែ​សីហា ឆ្នាំ២០២១​ទៅ បន្ទាប់មកនឹងបន្តទៅខេត្តកណ្តាល ព្រះសីហនុ និងកោះកុង។​

គណៈកម្មការនេះបន្តថា ចំពោះការចាក់វ៉ាក់សាំង​ដូសទី២ ជូនកុមារ និងយុវវ័យ ត្រូវមានគម្លាត​ ២១ថ្ងៃ បន្ទាប់ពីចាក់​ដូសទី១រួច នៅតាមទីតាំងដែលបានចាក់កាលពីដូសទី១។

ចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារនិងយុវវ័យ នៅខេត្តកណ្តាល ព្រះសីហនុ និង​កោះ​កុង នឹង​​រៀបចំ​​ដោយ​​រដ្ឋបាល​ខេត្ត​ទាំង​៣នេះ ទៅតាមការកំណត់ទីតាំង និងកាលបរិច្ឆេតរបស់​អាជ្ញាធរខេត្តនៅពេលខាងមុខ។

គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែលកំពុង​រស់​នៅរាជធានីភ្នំពេញ និង​ខេត្តទាំង៣ ចូលរួមដោយនាំកូនចៅ និងក្មួយៗ​របស់ខ្លួនដែលជា​កុមារ ឬយុវវ័យដែលមានអាយុ​ ១២ឆ្នាំដល់​ក្រោម១៨ឆ្នាំ ទៅចាក់​វ៉ាក់សាំងដោយស្ម័គ្រ​ចិត្ត​ និងឥតគិតថ្លៃ នៅពេលដល់វេន​របស់ខ្លួន។

សម្រាប់តាមបណ្តាខេត្តផ្សេងៗ គណៈកម្មការនេះ បាន​ស្នើ​ពលរដ្ឋ​ដែលមិនទាន់ដល់វេន រក្សា​ការ​អត់ធ្មត់​ ដោយ​គណៈកម្មការនឹងបន្ត​យុទ្ធនាការ​នៅតាមបណ្តាខេត្តនានាក្នុងពេលឆាប់​ៗខាងមុខ។

តាមរយៈការថ្លែងសារពិសេស​​កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា ​ការចាក់វ៉ាក់សាំងជូនកុមារ​អាយុចាប់​ពី ១២ឆ្នាំ ដល់​ ១៧ឆ្នាំនេះ ជាចំណុច​ពិសេស​មួយ ​ក្នុងការ​បើកដំណើរការសង្គមឡើងវិញ ជាពិសេស​ការបើកដំណើរការ​​​សាលារៀនឡើងវិញ​ ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ។

លោកបានបញ្ជាក់ពីមូលហេតុថា៖ «ដោយមានការគិតគូរយ៉ាងម៉ត់ចត់ទៅលើបរិយាកាសភាពស៊ាំ​ក្នុង​សង្គម និង​គិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាព​ ពាក់ព័ន្ធការបើក​ឡើងវិញនូវសាលារៀន ដែល​ជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា ក្នុងការបណ្តុះប​ណ្តាលធន​ធាន​មនុស្ស ដែល​សាលា​ត្រូវ​បាន​បិទ​ក្នុងរយៈពេលយូរ។ ដូច្នេះពិតប្រាកដណាស់ យើងមានតម្រូវ​ការ​ចាក់​វ៉ាក់​សាំងសម្រាប់​កុមារ និងយុវវ័យ​ចាប់​ពី​អាយុ ១២ឆ្នាំ ដល់១៧ឆ្នាំ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀតថា តាមរយៈការពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធ រដ្ឋាភិ​បាល ត្រូវការវ៉ាក់សាំងចំនួន ៤លានដូស ឬជាង៤លានដូស ដើម្បីចាក់ជូនកុមារ និង​យុវវ័យ ដែលមានអាយុចាប់​ពី១២ឆ្នាំទៅ១៧ឆ្នាំ ដែលមាន​ចំនួនប្រមាណ ១លាន៩សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ