រយៈ​ពេល​៣​ថ្ងៃ​ កម្ពុជា​រក​ឃើញ​វីរុស​​កូវីដ-១៩​បំប្លែង​ថ្មី​ជិត​៤០​ករណី​

មន្ត្រីសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗនៃខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងយកសំណាកដល់បងប្អូនប្រជាពលរដ្ឋនិងកម្មកររោងចក្រ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងវីរុស​កូវីដ-១៩បំប្លែងថ្មី B.1.617.2 ឬហៅថា ដែលតា (Delta) ចំនួន៣៩ករណីបន្ថែមទៀត ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈមេរោគបំប្លែងថ្មីនេះឆ្លងលឿននិងបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ឱ្យដឹងថា ករណីមេរោគ​កូវីដ-១៩ បំប្លែង​ថ្មី B.1.617.2 ឬហៅថា ដែលតា (Delta) ដែលរកឃើញនេះ រួមមាន ២១នាក់​​ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់​ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់មានចំនួន៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន៨នាក់ផងដែរ។

ក្រសួង​បញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជារកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន១១៤នាក់​ហើយ ក្នុងនោះមានស្ត្រី៥៩នាក់។

ទាក់ទិននឹងមេរោគ​បំប្លែងថ្មីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានក្រើនរម្លឹកជាថ្មីទៀត និងអំពាវនាវ​ដោយទទូចដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា បន្តប្រុងប្រយ័ត្នខ្ពស់ ចេះអនាម័យ និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដើម្បីកាត់ផ្តាច់នូវខ្សែចម្លងឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានគូសបញ្ជាក់​ថា៖ «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់​ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុង​ព្រះរាជាណាចក្រកម្ពុជាយើងជាយថាហេតុណាមួយ និងត្រូវបន្តការអនុវត្ត​ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ”»។

លោក ម៉ម ប៊ុនហេង ក៏បាន​ណែនាំទៅពលរដ្ឋទាំងអស់កុំទៅកាន់ទីតាំង «៣ ជ» រួមមាន កន្លែងមនុស្សជួបជុំអ៊ូអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា និង​កន្លែងដែលបិទជិត ដែលជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជា ជួបជុំគ្នាដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានការជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្ រៅជាដើម។

អ្វីដែលគួរឱ្យកត់សម្គាល់ ក្រសួងសុខាភិបាលបានបង្ហាញការសង្កេតរបស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដានេះដែរ​ថា ការ​ចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដោយ​ពួកគេបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភក្តិ។ ករណីនេះ យុវវ័យគ្រប់រូបត្រូវចូលរួមអនុវត្ត «៣ការពារ ៣កុំ» និងកុំទៅកាន់​ទីតាំង «៣ ជ» ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំ​វីរុសកូវីដមកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេសឪពុកម្តាយជីដូន ជីតាផងដែរ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ម្សិលមិញ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៧៣ ៧០១​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៦៥ ៩៥០នាក់ អ្នកស្លាប់សរុប១ ៣០៥នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប៩ ១៥២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ