រដ្ឋា​ភិបាល​អនុ​ញ្ញាត​ឱ្យ​​វិស័យ​ឯកជន​នាំ​ចូល​​និង​ចាក់​វ៉ាក់សាំង​កូវីដ-១៩

វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់​ – Sinovac) ដែលបានបញ្ជាទិញពីចិន ចំនួន១,៥លានដូស មកដល់ព្រលានយន្តហោះភ្នំពេញអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលអនុញ្ញាតឱ្យ​គ្រឹះស្ថានឱសថអាចនាំចូល​វ៉ាក់សាំងកូវីដ-១៩ដែល​ទទួល​ស្គាល់​​ដោយ​​អង្គ​ការ​សុខភាពពិភព​លោក អាច​​ចែក​ចាយ​ចាក់​​តាម​ទីកន្លែង​ផ្តល់​សេវា​សុខា​ភិបាល​​ឯក​ជនស្រប​ច្បាប់​បាន ដោយ​ត្រូវគោរពស្តង់ដារ​បច្ចេកទេស។

ការអនុញ្ញាតនេះ ធ្វើឡើងតាមរយៈលិខិត​មួយរបស់​​រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ​ម៉ម ប៊ុន​ហេង ទៅកាន់​​ប្រធាន​​គ្រឹះ​ស្ថាន​​អាហរ័ណ-នីហរ័ណឱសថ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០២១​នេះ។

លិខិតនោះ​បាន​លើកឡើងថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩ ក្រសួង​សុខា​ភិ​បាលអនុញ្ញាត​​ឱ្យ​​គ្រឹះស្ថាន​អាហរ័ណ-នីហរ័ណឱសថ អាចស្នើសុំ​នាំចូល​វ៉ាក់​សាំងកូវីដ-១៩ដែល​ទទួលស្គាល់​ដោយ​អង្គ​ការ​សុខភាព​ពិភព​លោក ដើម្បីចែកចាយ​ចាក់​តាមទីកន្លែង​ផ្តល់​សេវា​​​សុខាភិបាល​ឯកជនស្រប​ច្បាប់ក្នុង​ក្របខណ្ឌទូទាំងប្រទេស​​បាន ប៉ុន្តែត្រូវ​ប្រតិបត្តិ​ឱ្យ​បាន​​ត្រឹម​ត្រូវ​តាម​ស្តង់ដារបច្ចេកទេសក្នុងការ​ដឹកជញ្ជូន ការថែរក្សា និងការ​ស្តុក​វ៉ាក់សាំង​កូវីដ-១៩នៅក្នុងឃ្លាំង ដើម្បីធានាបាននូវសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់។

ទាក់ទងករណីនេះ លោក យ៉ង់ គិមអេង នាយកមជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព មើលឃើញ​ពីគុណសម្បត្តិនៃសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលនេះ ថាបាន​ផ្តល់​ជម្រើសច្រើន​ដល់​ប្រជាពលរដ្ឋកម្ពុជា​ ក្នុងការចាក់វ៉ាក់សាំង។

ក៏ប៉ុន្តែបញ្ហាគុណវិបត្តិវិញ លោកបានលើកឡើងពីការព្រួយបារម្ភថា ការធ្វើបែបនេះ នឹងបង្កើតឱ្យមានអំពើពុករលួយក្នុងការទទួលបានសិទ្ធិនាំចូលវ៉ាក់សាំង ការគ្រប់គ្រងវ៉ាក់សាំង និងប្រសិទ្ធ​ភាព​នៃការប្រើប្រាស់វ៉ាក់សាំងជាដើម។ បន្ថែមពីនេះ លោកថា​ វាក៏នឹងបង្កើតឱ្យមានភាព​រើសអើង រវាងអ្នកមាន និងអ្នកក្រផងដែរ។

លោកមានប្រសាសន៍​ថា៖ «បើសិនជាក្រុមហ៊ុនឯកជនអាចនាំយកវ៉ាក់សាំងមកលក់នេះបាន ខ្ញុំបង្ហាញការព្រួយបារម្ភ៣សំខាន់ៗ ទី១.គឺអាចនាំឱ្យមានការលួចលក់វ៉ាក់សាំងរបស់រដ្ឋហ្នឹងទៅឱ្យពួកហ្វាម៉ាស៊ី ហើយរឿងទី២.ដែលខ្ញុំព្រួយបារម្ភដែរហ្នឹងគឺត្រង់ថា វ៉ាក់សាំងដែលនាំមកហ្នឹងទុកដាក់មិនបានស្រួល តាមស្តង់ដាគេហ្នឹង អាចធ្វើឱ្យវ៉ាក់សាំងហ្នឹងខូចគុណភាព ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនៅពេលចាក់ ហើយការព្រួយបារម្ភទី៣ គឺការត្រួតពិនិត្យគុណភាពដូចខ្ញុំបានលើកឡើងថា អ្នកខ្លះទៅគាត់មានខ្នង មានខ្សែ មានទុយោដែលអត់បានធ្វើការត្រួតពិនិត្យឱ្យបានដិតដល់ទៅដែលអាចនាំឱ្យកើតមានអំពើពុករលួយនៅក្នុងហ្នឹង»

គិតចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងដូសទី១​​ជូនដល់ពលរដ្ឋចំនួន ៦ ៨៣៩ ១០៩នាក់​ហើយ ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​​ទៅ​ទទួលវ៉ាក់សាំងចំនួន ៦ ៩០៦ ២៣៦នាក់ ក្នុងនោះ​អ្នកដែលបានចាក់ដូសទី២ មានចំនួន ៤ ៥៤០ ៤៤៥នាក់។ ក្រសួងបន្តថា លទ្ធផលនៃការចាក់វ៉ាក់សាំងជូនពលរដ្ឋនេះ គឺបានជាង ៦៨ភាគរយហើយ ក្នុងគោលដៅនៃការចាក់ជូនពលរដ្ឋ​ឱ្យ​​បាន ១០លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ