ក្រសួង​ប្រៃសណីយ៍​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរសព្ទ​បញ្ឈប់​​ការ​ហៅ​រំខាន​​អ្នក​ប្រើប្រាស់

ស្ត្រីម្នាក់កំពុងនិយាយទូរសព្ទ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ណែនាំដល់ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទទាំងអស់ត្រូវលុបបំបាត់ការហៅចូលលេខរបស់​អ្នកប្រើប្រាស់ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មបន្ថែម និងបញ្ឈប់បន្ទាន់រាល់ការប្រើលេខកូដទូរគមនាគមន៍ទាំងឡាយដែលគ្មានការអនុញ្ញាតពីក្រសួង។

សេចក្តីជូនដំណឹងរបស់ក្រសួងចេញថ្ងៃទី២៦ ខែកក្កដា ឱ្យដឹងថា កន្លងមក និយ័តករទូរគមនាគមន៍កម្ពុជាបានរកឃើញប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនហៅចូលទៅកាន់អ្នកប្រើប្រាស់ ដើម្បីផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មអំពី​សេវា​បន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន។ ក្រសួងចាត់ទុកថា សកម្មភាពនេះបានរំខានដល់ជីវភាពប្រចាំថ្ងៃ ផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។

និយ័តករទូរគមនាគមន៍កម្ពុជា រកឃើញផងដែរថា ក្រុមហ៊ុនផ្ដល់សេវាទូរសព្ទមួយចំនួនបានប្រើប្រាស់លេខ​កូដ​ខ្លីឬលេខផ្សេងៗគ្នាជាច្រើនក្នុងការហៅទៅផ្សព្វផ្សាយពាណិជ្ជកម្មអំពីសេវាកម្មរបស់ខ្លួនទៅកាន់លេខអ្នកប្រើប្រាស់ ហើយលេខទាំងនោះមិនដែលបានសុំការអនុញ្ញាតប្រើប្រាស់ពីនិ​យតករទូរគមនាគមន៍កម្ពុជាឡើយ។

ក្រសួងគូសបញ្ជាក់ថា៖ «ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តទាំងអស់បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់តាមការហៅចូលលេខទូរសព្ទចល័ត​ជា​បន្ទាន់ ព្រោះសេវាហៅចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុនដោយអ្នកប្រើប្រាស់ឡើយ។ បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់លេខកូដទូរគមនាគមន៍ទាំងឡាយណាដែលគ្មានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា។»

ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តពុំអនុវត្តតាមការណែនាំនេះទេ ក្រសួងថា នឹងចាត់វិធានការម៉ឺងម៉ាត់ដោយណែនាំឱ្យ​និយ័តករទូរគមនាគមន៍កម្ពុជាបង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ