តុលាការ​ផ្ដន្ទា​ទោស​អតីត​មន្ត្រី​បក្ស​ប្រឆាំង​​ម្នាក់​​ឱ្យ​ជាប់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ​ ក្រោយ​តវ៉ា​ឱ្យ​​ដោះលែង​លោក​ រ៉ុង ឈុន

សង្គម​ស៊ីវិល ក្រុម​ពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត នៅ​រង់ចាំ​ពីមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

តុលាការ​សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអតីតមន្ត្រី​គណ​បក្សសង្រ្គោះជាតិម្នាក់ឱ្យ​ជាប់​​ព​ន្ធនាគារ​១ឆ្នាំ​៦ខែ បន្ទាប់​ពី​លោក​ចូលរួម​តវ៉ា​ទាម​ទារ​​ឱ្យ​​ដោះ​លែង​​មេដឹកនាំ​សហភាពសហជីពកម្ពុជា ​លោក រ៉ុង ឈុន និង​ការ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​អំពី​បញ្ហា​ព្រំដែន។

ក្នុងបន្ទប់សវនាការ ចៅក្រមជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ នៅថ្ងៃពុធនេះ បានប្រកាសសាលក្រម ផ្ដន្ទាទោសអតីតសមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញបក្សប្រឆាំង លោក ប៉ែន ច័ន្ទសង្គ្រាម ឱ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ និងពិន័យប្រាក់ចូលរដ្ឋចំនួន៣លានរៀល ក្រោមបទចោទប្រកាន់«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»

លោក ប៉ែន ច័ន្ទសង្គ្រាម ប្រាប់អ្នកសារព័ត៌មានក្រៅបន្ទប់សវនាការ បន្ទាប់ពី​មន្ត្រីនាំលោកទៅកាន់ពន្ធនាគារ ​ថាការសម្រេចរបស់តុលាការសាលាដំបូង​ ជារឿងអយុត្តិធម៌ ហើយ​លោកនឹងប្តឹងជំទាស់​​ទៅតុលាការ​ជាន់ខ្ពស់បន្តទៀត ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក សំ សុគង់ មេធាវីការពារក្តីឱ្យ​លោក ប៉ែន ច័ន្ទ​សង្គ្រាម បានទេ នៅថ្ងៃនេះ។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព កត់សម្គាល់ថា ​ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើស «ញុះញង់ និង រួមគំនិតក្បត់» ត្រូវបានអាជ្ញាធរយកមកប្រើ ដើម្បីប្រឆាំង​នឹង​សកម្មជននយោបាយនិងសកម្មជនសិទ្ធិមនុស្ស រួមទាំង​យុវជនបរិស្ថាន ដែល​តវ៉ាដោយសន្តិវិធី និងធានាដោយច្បាប់ជាតិនិងអន្តរជាតិ។

លោកស្រីបន្តថា រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការធានា​លំហសេរីភាព​សម្រាប់ពលរដ្ឋគ្រប់រូប​ ដោយមិនមានការរើសអើងឬ​ដៅមុខសញ្ញា​ដល់បុគ្គលណាម្នាក់ នៅពេលដែលពួកគេជួបជុំបញ្ចេញមតិបង្ហាញកង្វល់នានាពាក់ព័ន្ធនឹងបញ្ហាសង្គម។ លោកស្រីថា ការបញ្ចេញមតិដោយសន្តិវិធី មិនគួរចាត់ចូលជាបទល្មើសឡើយ។

លោកស្រី ចក់ សុភាព ថ្លែង​ថា៖ «ទាំងនេះវាបង្ហាញនូវបរិបទជាលក្ខណៈរឹតបន្តឹង ឬ​ជាការបង្ក្រាបទៅលើរាល់មតិរិះគន់ ឬការទាមទាររបស់ពលរដ្ឋ​ដែលសកម្មនៅក្នុងជីវភាពសង្គម​​ សេដ្ឋកិច្ច ឬនយោបាយ ជាដើម។ ដូចខ្ញុំបានគូសបញ្ជាក់ ​​សិទ្ធិទាំងអស់នេះគឺត្រូវបានធានាការពារដោយច្បាប់ជាតិនិងអន្តរជាតិ​ ដែលរដ្ឋាភិបាលមានកាតព្វកិច្ចត្រូវធានាដល់ការគោរព​នូវវិធានបទដ្ឋាន​សិទ្ធិមនុស្សអន្តរជាតិ​ ហើយត្រូវការពាររាល់មានការគំរាមកំហែងដល់ពលរដ្ឋដែរ មិនមែនត្រូវប្រើ​ប្រាស់ប្រព័ន្ធច្បាប់ឬតុលាការដើម្បីបំបិទសិទ្ធិនោះទេ»។

លោក ប៉ែន ច័ន្ទសង្គ្រាម ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» បន្ទាប់ពីលោកចូលរួម​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង​មេដឹកនាំ​សហជីព ​លោក រ៉ុង ឈុន និង​បាន​សម្ភាសជាមួយ​អ្នកសារព័ត៌មាន​អំពី​បញ្ហា​ព្រំដែនកម្ពុជា-វៀតណាម និង​បញ្ហា​សង្គម​មួយ​ចំនួន​ទៀត កាលពី​អំឡុងខែសីហា ឆ្នាំ២០២០ ​នៅមុខ​ផ្សារ​ស៊ីធីម៉ល (City Mall) ស្ថិតនៅ​ជិត​សាលាដំបូងរាជធានី​ភ្នំពេញ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ