អតីត​មន្ត្រី​បក្ស​ប្រឆាំង​ថា​កូន​ស្រី​លោក​ កឹម​ សុខា​ គ្មាន​គម្រោង​បង្កើត​បក្ស​ថ្មី​

កញ្ញា កឹម មនោវិទ្យា និងលោក កឹម សុខា កាលពីពេលកន្លងទៅ។ (ធ្វីតទ័រ៖ Monovithya Kem)

មនុស្សជំនិត​នឹងលោក កឹម សុខា និយាយថា ខ្លួនមិនជឿលើ​ព័ត៌មានដែលថាកូន​ស្រី​ច្បង​​របស់​មេដឹកនាំ​អតីតបក្សប្រឆាំងមួយនេះមាន​គម្រោង​ទៅបង្កើត​គណបក្ស​ថ្មី​នោះ​ទេ ហើយ​​ថា​​ ការ​លើក​ឡើង​​នេះ​ជាកា​រញុះញង់​ដើម្បីបំបែកបំបាក់ផ្ទៃក្នុងនិងកេងចំណេញ​ខាង​នយោបាយ។

នៅថ្ងៃពុធនេះ សារព័ត៌មាន​មួយចំនួនបានស្រង់ប្រសាសន៍​​អតីតមេធាវីការពារក្តី​ឱ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺ​លោកមេធាវី ផាន់ ច័ន្ទសាក់ មកចុះផ្សាយ​​ថា កញ្ញា កឹម​ មនោវិទ្យា ដែលជា​កូនស្រីច្បងរបស់លោក កឹម សុខា គ្រោង​នឹងបង្កើត​គណបក្សថ្មីនៅចុង​ឆ្នាំ២០២១​នេះ ដើម្បី​​ចូលរួមប្រកួតការបោះឆ្នោតខាងមុខ។

មេធាវីរូបនេះអះអាងទៀតថា ដើម្បីបានសិទ្ធិធ្វើនយោបាយឡើងវិញ កញ្ញា កឹម មនោវិទ្យា នឹងធ្វើលិខិតសុំទោស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការ​ដែល​ខ្លួន​បាន​ចេញ​​​ទៅ​ក្រៅប្រទេស ធ្វើនយោបាយការទូតប្រឆាំងនឹងសាលដីការំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ​២០១៧។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី​កញ្ញា កឹម មនោវិទ្យា បានទេ នៅថ្ងៃនេះ។

ប៉ុន្តែអតីតមន្ត្រីជាន់ខ្ពស់មួយរូប និងជាមនុស្សជំនិតនឹងលោក កឹម សុខា គឺលោក មាជ សុវណ្ណារ៉ា បានច្រានចោលការអះអាងរបស់មេធាវីរូបនេះ។

លោក មាជ សុវណ្ណារ៉ា បានគូសបញ្ជាក់ថា លោក កឹម សុខា គ្មានបំណងឱ្យកូនរបស់គាត់​ស្នង​ត្រកូលក្នុងជីវិត​នយោបាយ អំឡុងលោកមិនទាន់បោះបង់សិទ្ធិធ្វើនយោបាយ​នោះទេ។

លោកថា៖ «លោកប្រធាន កឹម សុខា លោកដាច់ខាតហើយ គាត់មិនឱ្យកូនគាត់​ប្រឡូកក្នុង​ពេល​ដែល​គាត់មានវត្តមានជាអ្នកនយោបាយ ព្រោះគាត់មិនចង់ថាឱ្យមានតកូនតចៅអីបន្តជាពូជត្រកូលនយោបាយ។ នេះ​បើតាម​ការអះអាងរបស់គាត់ [លោក កឹម សុខា​] ថ្មីៗនេះ ជាមួយខ្ញុំ។ ហើយខ្ញុំ​ក៏​មិនជឿថា មនោវិទ្យា ក៏ដូច​លោក សុខា គាត់ឱ្យកូនហ្នឹងបើកគណបក្សបក្សដែរ ខ្ញុំ​មិនជឿទេ! អាហ្នឹងជាពាក្យញុះញង់ដើម្បីបំបែកទេ»។

លោក ផាន់ ច័ន្ទសាក់ ជាអតីតមន្ត្រីនៅក្នុងគណៈកម្មាធិការនាយករបស់​អតីតគណបក្សសង្គ្រោះជាតិ ដែល​បាន​ជាប់​បម្រាម​ហាម​ធ្វើនយោបាយជាមួយអតីតមន្ត្រីជាន់​ខ្ពស់១១៨​រូប​ផ្សេង​​ទៀត​ចាប់តាំងពីចុងឆ្នាំ២០១៧មក ប៉ុន្តែលោកត្រូវបានរដ្ឋាភិបាលយល់ព្រមឱ្យធ្វើនយោ​បាយ​ឡើងវិញកាលពី​ពេលថ្មីៗ​នេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកករណីនេះថា ជាបញ្ហាផ្ទៃក្នុងរបស់គណបក្សដែល​តុលាការបានរំលាយ មិនជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាចទេ។

លោកថា៖ «អាហ្នឹងរឿងផ្ទៃក្នុងគាត់​ទេៗ ខ្ញុំគ្មានមតិអីទេ! បើសិនណាកញ្ញា [កឹម មនោវិទ្យា] គាត់​ចង់​ដាក់ ហើយអ្នកណារារាំង ក៏រារាំងមិនបានដែរ ព្រោះអាហ្នឹងវាជាការសម្រេចរបស់សាម៉ីជន​ម្នាក់ៗ។ តែ​បើគាត់​មិនចង់ដាក់ អ្នកណាទៅញុះញង់អី ក៏គាត់មិនដាក់ដែរ អាហ្នឹងក៏រឿងរបស់គាត់ដែរ»។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការសុំសិទ្ធិធ្វើនយោបាយឡើងវិញជាសិទ្ធិរបស់បុគ្គលម្នាក់ៗតបតាមច្បាប់ដែលមានស្រាប់ និងមានការយល់ព្រមពីក្រសួងមហាផ្ទៃ លើកលែងតែអ្នកនោះ​នៅជាប់បណ្តឹងនៅតុលាការ។

គិតត្រឹមថ្ងៃពុធនេះ អតីត​មន្ត្រីគណបក្សសង្គ្រោះជាតិជាង២០នាក់ហើយបានចេញសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយ​បច្ចុប្បន្ន អ្នកដែលបានសម្រេចដើរចេញពីគណបក្សនេះ ទៅបង្កើតគណបក្សថ្មីសម្រាប់ត្រៀមខ្លួនប្រកួតការបោះឆ្នោតនៅពេលខាងមុខ គឺមាន​ចំនួន៦គណបក្សហើយ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍​ថា អតីតគណបក្សប្រឆាំងដែលតុ​លា​ការ​បានរំលាយ បានបែកបាក់ផ្ទៃក្នុងយូរណាស់មកហើយ។ តែលោក​គិតថា កូនស្រីរបស់​លោក កឹម សុខា នឹងមិន​ចេញមកបង្កើតបក្សថ្មី ទទួលយកសាលដីកាតុលាការកំពូលដែលផ្តន្ទាទោសឪពុករបស់ខ្លួន ដូចការលើកឡើងនោះទេ។

លោកថា៖ «ទី១ យើងមើលហេតុផល លោក កឹម សុខា ហ្នឹងគាត់ជាប់នៅពន្ធនាគារ [ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ] ហើយកូនស្រីខ្លួនឯងហ្នឹង រឿងអីមកប្រកួតប្រជែងជាមួយឪយកការគាំទ្រខ្លួនឯងក្នុងគណបក្សប្រឆាំង អ៊ីចឹងវាមិនអាចទៅរួចទេ! កាលណាធ្វើអ៊ីចឹង វាហាក់ដូចទម្លាក់​អាការប្រព្រឹត្ត​កន្លង​មកដែល​គណបក្សកាន់អំណាចចោទហ្នឹងគឺត្រឹមត្រូវ​! កូនចោទទៅឪ ដូច​មិនទំនងទេ ទស្សនៈ​ខ្ញុំ»។

គណបក្សសង្រោះជាតិ ត្រូវបាន​តុលាការកំពូ​លចេញសាលដីការំលាយតាមបណ្តឹងរបស់រដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៧ ក្រោយពីគណបក្សនេះទទួល​បានសំឡេងគាំទ្រទាំងនៅក្នុងរដ្ឋ​សភា​និង​ឃុំសង្កាត់ជិតស្មើ​គណបក្សកាន់អំណាច។

តែយ៉ាងណា វិធានការនេះត្រូវបានសហគមន៍អន្តរជាតិរិះគន់ថា របត់នយោបាយនៅកម្ពុជា​បានដើរ​ចេញ​ពីគន្លង​ប្រជាធិបតេយ្យ និងជំរុញឱ្យគណបក្សនេះ​បានចូលរួមការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញនៅពេលខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ