សមត្ថ​កិច្ច​ខេត្ត​កំពត​កំពុង​តាម​រក​ចាប់​ខ្លួន​ម្ចាស់​សិប្បកម្ម​​ដែល​ផលិត​ស្រា​ស​ខុស​បច្ចេក​ទេស​បណ្តាល​ឱ្យ​​​មនុស្ស​​ស្លាប់​​

កន្លែងផលិតស្រាសនៃសិប្បកម្មមួយកន្លែងដែលចម្រាញ់ស្រាសមានជាតិមេតាណុលខ្ពស់ខុសបច្ចេកទេស ស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

សមត្ថកិច្ចខេត្តកំពត កំពុងតាមរកចាប់ខ្លួន​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​មួយកន្លែង ក្រោយ​ពី​មាន​មនុស្ស​​​យ៉ាង​ហោច​ណាស់៤នាក់បានស្លាប់​ដោយសារ​ពុលស្រាសដែល​ទិញ​មក​ពី​សិប្ប​កម្ម​នោះ។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ មានប្រសាសន៍​នៅថ្ងៃទី២៨ ខែក​ក្កដានេះ​ថា យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួន៤នាក់ស្លាប់ ដោយ​​សង្ស័យថាបណ្តាលមកពី​ពុលស្រាស ក្រោយពីពួកគាត់បានទទួលទានស្រាសនៅក្នុងអំឡុងពេលកំដរបុណ្យសព​​អ្នកភូមិ ​ស្ថិត​​នៅ​ភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។

លោកបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅទីតាំង​ដែលផលិត​ស្រាសនោះ ប៉ុន្តែ​​ម្ចាស់​សិប្ប​កម្ម​ផលិតស្រាបានរត់គេចខ្លួនបាត់។ លោក​ថា បច្ចុប្បន្ន ​សមត្ថកិច្ច​ជំនាញ​កំពុងស្រាវ​ជ្រាវ​តាមរក​ចាប់ខ្លួន​ម្ចាស់​សិប្បកម្មនោះ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «បើអ្នកដែលគាត់ផលិតនេះ​ នឹងប្រឈមមុខចំពោះផ្លូវច្បាប់ ព្រោះស្រានេះគឺគាត់ធ្វើខុសបច្ចេកទេស។ យើងចូលរួមសហការជាមួយនឹងខាងកាំ​កុង​ត្រូល​ ពិនិត្យទៅ​ វាមានជាតិ​មេតាណុល​ខ្ពស់ ដែលបណ្តាលឱ្យពុល»។

ចំណែកប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោក ញា ប៊ុនថន បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់ការទទួលទានស្រាសដែលផលិត​គ្មានបច្ចេកទេស​ត្រឹមត្រូវនេះ ដើម្បីចៀសវាង​មាន​គ្រោះ​ថ្នាក់​​ដល់​​អាយុជីវិត។

លោក​ថា៖ «ស្រាដែលគ្មានប្រភពច្បាស់លាស់ ស្រាសដែល​បិទលួចលាក់តាមភូមិ តាម​ស្រុក វាមិនល្អទេ! វាប៉ះពាល់សុខភាពហើយ! ប្រុងប្រយ័ត្ន! គឺកុំពិសាស្រាសដែលផលិតគ្មានច្បាប់ គ្មានទម្លាប់ទៅ ឱ្យគាត់ថែរក្សាសុខភាព ព្រោះអ្នកដែលផឹកស្រា មិនមែនដើម្បីសុខភាពឯណា ផឹកទៅស្លាប់ខ្លួនអីចឹង។​ […] មើលម៉េច​ដឹង! សូម្បីតែខ្ញុំក៏មើលមិនដឹងថា ស្រាស​នោះសុទ្ធ​ឬមិនសុទ្ធដែរ»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍​ថា មួយរយៈ​ចុងក្រោយ​នេះ ករណី​ពុលស្រាស ស្រាថ្នាំ ជាសោកនាដកម្ម​មួយដែលធ្វើឱ្យ​ប្រជាពលរដ្ឋបាត់បង់ជីវិត និងប៉ះពាល់សុខភាពជាបន្តបន្ទាប់​។

លោកបន្ត​ថា ការណែនាំបិទអាជីវកម្ម និងអប់រំពលរដ្ឋកុំឱ្យពិសាស្រាស គ្រាន់តែជាផ្នែកមួយតូច មិនសូវមានប្រសិទ្ធភាពនោះទេ។ ករណីនេះ លោកស្នើទៅរដ្ឋាភិបាលពន្លឿនការ​បង្កើតច្បាប់គ្រប់គ្រង​គ្រឿង​ស្រវឹង ដើម្បីយកទៅអនុវត្តលើម្ចាស់សិប្បកម្មបិទស្រាសឬផលិតស្រាខុស​បច្ចេកទេស នោះ​ទើបអាច​ទប់ស្កាត់បញ្ហាប្រឈមទាំងនោះបាន។

លោកមានប្រសាសន៍ថា៖ «អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងឱ្យបានឆាប់ ដើម្បី​ឱ្យអាជ្ញាធរខេត្តឬក៏ថ្នាក់មូលដ្ឋានអាចយកទៅប្រើប្រាស់នៅក្នុងការបង្ការ ទប់ស្កាត់ ដើម្បី​កុំឱ្យមាន​ករណីបែបហ្នឹងកើតឡើង។ ហើយទី២ ជាវិធានការបណ្តោះអាសន្ន មានសេចក្តីណែនាំជារួមមួយដែលយើងអាចដកស្រង់ពីមន្ទីរពិសោធន៍ដែលកើតឡើងកន្លងមកនៅតាមបណ្តា​ខេត្តផ្សេងៗពាក់ព័ន្ធនឹងពុលស្រា ដើម្បីបង្ការហានិភ័យហ្នឹងវាកើតឡើងនៅក្នុងកន្លែងដដែលឬក៏នៅកន្លែងផ្សេងៗទៀត»។

បើតាមសមត្ថកិច្ចខេត្តកំពត តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួន​ម្ចាស់សិប្បកម្មផលិតស្រាស ចំនួន២នាក់ បញ្ជូនទៅតុលាការ ក្រោយ​ពីមាន​ពលរដ្ឋ​ចំនួន១០នាក់បាន​ស្លាប់ និងជិត៦០នាក់​ទៀតត្រូវ​បាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយ​សារ​​ពុល​ស្រាស​ក្នុងកម្មវិធីបុណ្យសពមួយកន្លែងស្ថិត​នៅភូមិធ្នង់ ឃុំ​ឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រោយមក នៅដើមខែកក្កដា ឆ្នាំ២០២១នេះដែរ នៅភូមិកោះឈ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ក៏មានករណីពលរដ្ឋចំនួន៤នាក់បានស្លាប់ និង១២នាក់​ផ្សេង​ទៀតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារ​តែពុលស្រាសនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ