ក្រសួង​មហាផ្ទៃ​​ពន្យារ​​ពេល​​​ធ្វើ​​វេទិកា​ផ្សព្វ​ផ្សាយ​​និង​​ពិគ្រោះ​​យោបល់​​ ក្រោយ​​​​​កូវីដ-១៩​ឆ្លង​រាល​ដាល​​ខ្លាំង

លោក ស ខេង រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​កែសម្រួល​លក្ខណៈ​សម្បត្តិ​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក​លោក ស ខេង​)

ក្រសួងមហាផ្ទៃ​ បានប្រកាសពន្យា​រពេល​ការ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​​ ក្រោយ​មាន​ការ​រីករាល​ដាល​ជំងឺ​កូវីដ-១៩ខ្លាំង​ ស្របពេល​​ក្រសួងសុខាភិបាលរកឃើញ​ប្រភេទ​វីរុសកូវីដ-១៩បំប្លែងខ្លួន​ថ្មី ដែលតា (Delta) ឆ្លងចូលសហគមន៍កាន់តែគួរឱ្យបារម្ភ​ផងដែរ។

ការសម្រេចនេះ​ ធ្វើឡើង​តាម​រយៈលិខិតមួយ​របស់​ឧបនាយក​រដ្ឋ​មន្រ្ដី រដ្ឋ​មន្រ្ដី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ​ទៅកាន់​គណៈ​អភិបាល​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក-ខណ្ឌ ចុះ​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២១នេះ។

លិខិត​នោះបាន​លើក​ឡើងថា ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩​នេះ ក្រសួង​ណែនាំ​ដល់​​​រដ្ឋបាល​រាជធានី​-ខេត្ត​ ក្រុង-ស្រុក​-ខណ្ឌ​ ឱ្យ​ពន្យា​រពេល​ក្នុង​ការ​រៀប​ចំ​វេទិកា​ផ្សព្វ​ផ្សាយ​និង​ពិគ្រោះយោបល់​របស់​ក្រុម​ប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ រហូតដល់​មាន​ដំណឹង​ជូន​ជា​ថ្មី​ម្ដងទៀត។

គួរបញ្ជាក់ផងដែរថា វេទិកាពិគ្រោះយោបល់​របស់​ក្រុម​ប្រឹក្សា​ថ្នាក់ក្រោមជាតិ ធ្វើឡើងដើម្បី​លើក​កម្ពស់​គណនេយ្យភាព​ តម្លាភាព​ និង​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ទាំង​បុរសនិង​ស្រី្ដ​ ក្នុង​កិច្ច​ដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា​នៃ​រដ្ឋ​បាលថ្នាក់​ក្រោម​ជាតិ ដែល​ក្នុង​នោះ​មាន​រាជធានី ខេត្ត​ ក្រុង​ ស្រុក​ និង​ខណ្ឌ។

​យោងតាម​សេចក្ដី​ជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​កាលពីថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១នេះ ឱ្យ​ដឹងថា​ ករណី​មេរោគ​កូវីដ-១៩បំប្លែងថ្មី​ B.1.617.2 ឬហៅថា​ ដែលតា (Delta) ដែល​រកឃើញ​លើពលរដ្ឋ​ រួម​មាន ២១នាក់​ជា​អ្នក​ដំណើរ​មក​ពី​ប្រទេសថៃ​ ៤នាក់​ជាបុគ្គលិក​សុខាភិបាល ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ដែល​បាន​ប៉ះពាល់​មាន​ចំនួន​៦នាក់ និង​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​មិន​ប៉ះពាល់​ផ្ទាល់​ចំនួន​៨នាក់ផងដែរ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ