រដ្ឋា​ភិបាល​បង្កើត​ក្រុម​ការងារ​សិក្សា​និង​ស្រាវជ្រាវ​ឱសថ​ដើម្បី​​​ប្រយុទ្ធ​​នឹង​​ជំងឺ​​កូវីដ-១៩

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ពិសោធន៍​លើ​សំណាក​ជន​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ១៩ នៅ​មន្ទីរពិសោធន៍។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

រដ្ឋាភិបាលបានបង្កើតក្រុមការងារមួយ ដើម្បីសិក្សានិងស្រាវជ្រាវឱសថនិងបរិក្ខារសម្រាប់​ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខណៈការឆ្លងរាលដាលជំងឺនេះនៅបន្តឆ្លងលើពលរដ្ឋជាច្រើន​រយ​នាក់​​ជា​រៀងរាល់ថ្ងៃ។

យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានសម្រេច​បង្កើតក្រុមការងារសិក្សានិងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំណុះឱ្យ​គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (THYDA ) ជាប្រធាន និងមានអនុប្រធាននិងសមាជិកចំនួន១៣រូបបន្ថែមទៀត។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលបន្តថា ក្រុមការងារនេះនឹងទទួលខុសត្រូវលើការ​​ស្រាវជ្រាវនិង​ស្វែងរកឱសថដែលមានប្រសិទ្ធភាពខ្ពស់ដែលត្រូវបានប្រើប្រាស់សម្រាប់ការព្យាបាលឬបង្ការជំងឺកូវីដ-១៩ និង​សិក្សា ស្រាវជ្រាវ និងស្វែងរកឧបករណ៍តេស្តរកមេរោគកូវីដ-១៩ដែល​មានប្រសិទ្ធភាព មាន​ភាពងាយស្រួលក្នុងការប្រើប្រាស់និងតម្លៃទាបសមរម្យ។

ក្រុមការងារនេះក៏មានភារកិច្ច​សិក្សា ស្រាវជ្រាវ និងស្វែងរកបរិក្ខារពេទ្យចាំបាច់​ដទៃ​ទៀត ដើម្បី​បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង​ធ្វើទំនាក់ទំនង​ជាមួយនឹងក្រុមហ៊ុនផលិតឱសថបរទេស ឬបណ្តាញចែកចាយឱសថបរទេស ឬអង្គការ ឬភ្នាក់ងារអន្តរជាតិ ដែលធ្វើការពាក់ព័ន្ធនឹងឱសថ ដើម្បីស្វែងរកឱសថសម្រាប់ការព្យាបាលឬការបង្ការជំងឺកូវីដ-១៩ និង​ទទួលបាន​នូវព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឱសថនោះ។

ក្រៅពីនោះ ក្រុមការងារនេះក៏ត្រូវ​ធ្វើទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនផលិតឬបណ្តាញចែកចាយឧបករណ៍តេស្តរកមេរោគកូវីដ-១៩ និងបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីទទួលបានព័ត៌មានចាំបាច់ផ្សេងៗពាក់ព័ន្ធនឹងឧបករណ៍តេស្តឬបរិក្ខារទាំងនោះ សិក្សាអំពីសុវត្ថិភាពនិងប្រសិទ្ធភាពនៃឱសថសម្រាប់បម្រើឱ្យការបង្ការឬការព្យាបាលជំងឺកូវីដ​-១៩។

សេចក្តីសម្រេចរបស់រដ្ឋាភិបាលក៏បានណែនាំដល់ក្រុមការងារនោះ ផ្តល់អនុសាសន៍អំពីការដាក់ឱ្យប្រើប្រាស់ឱសថសម្រាប់​ការបង្ការឬព្យាបាលជំងឺកូវីដ-១៩ និង​ការដាក់ឱ្យប្រើប្រាស់ឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ក៏ដូចជាបរិក្ខារដទៃទៀត សម្រាប់បម្រើឱ្យការប្រយុទ្ធនឹងជំងឺផ្លូវដង្ហើមមួយនេះ រួមទាំងភារកិច្ចមួយចំនួនទៀត។

សេចក្តីសម្រេចដដែល បន្ថែម​ថា រាល់ការចំណាយពាក់ព័ន្ធនឹងការសិក្សា និងស្រាវជ្រាវរកឱសថនិងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវប្រើកញ្ចប់ថវិកាជាតិ ដោយរៀបចំសំណើដាក់ជូនប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាឧប​នាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងសម្រេច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ