ក្រសួង​​​ណែនាំ​នីតិវិធី​​សម្រាប់​​ឱ្យ​​អាជ្ញាធរ​​​ខេត្ត​ចំនួន​​២២​ ​គ្រប់គ្រង​និង​ថែទាំ​​​អ្នក​ជំងឺ​​កូវីដ-១៩​​​កម្រិត​​ស្រាល​​​​​នៅ​​​តាម​​​ផ្ទះ

ទីតាំងផ្ទះមួយកកន្លែងស្ថិតនៅក្នុងក្រុងភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌខ្សែហាមឃាត់ការចេញចូលបណ្ដោះអាសន្ន ដោយមានការពាក់ព័ន្ធនឹងកូវីដ-១៩។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាល​ អនុញ្ញាតឱ្យ​រដ្ឋបាលខេត្តចំនួន២២ ប្រើប្រាស់​​នីតិវិធីប្រតិបត្តិ​​​ស្ដង់​ដារ​​សម្រាប់គ្រប់គ្រង ថែទាំ និង​​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩កម្រិត​ស្រាល​និង​គ្មាន​រោគ​សញ្ញា ​នៅ​តាម​ផ្ទះ។

យោងតាម​​ប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានសម្រេច​ឱ្យ​ប្រើ​ប្រាស់​នីតិវិធីប្រតិបត្តិ​​​ស្ដង់​ដារ​​សម្រាប់គ្រប់គ្រង ថែទាំ និង​​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩​កម្រិត​ស្រាល​និង​គ្មាន​រោគ​សញ្ញានៅ​តាម​ផ្ទះ​ ​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​២២ រួមមាន ខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង​​ កោះកុង​ ព្រះ​សីហនុ កំពត កែប តាកែវ កំពង់​ស្ពឺ សៀមរាប ឧត្ដរ​មាន​ជ័យ ព្រះវិហារ​ កំពង់​ធំ កំពង់​ចាម ត្បូង​ឃ្មុំ ក្រចេះ​ ស្ទឹង​ត្រែង​ រតន​គិរី​ មណ្ឌលគិរី ព្រៃ​វែង និង​ស្វាយ​រៀង។

ប្រកាសរបស់ក្រសួងបញ្ជាក់ថា៖ «អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ ត្រូវ​ពិនិត្យ​និង​រៀប​ចំ​លក្ខណៈ​សម្បត្តិ​និង​ពេល​វេលា​សម​ស្រប ដើម្បី​​ដាក់​ឱ្យ​ដំណើរ​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​-១៩​មាន​កម្រិត​ស្រាល​និង​គ្មាន​រោគ​សញ្ញា​នៅ​ផ្ទះ ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​នីមួយៗ»។

បើតាមប្រកាសរបស់ក្រសួង ការអនុវត្ត​នីតិវិធីនេះនឹងត្រូវអនុវត្តចាប់​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ​តទៅ។

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ក្រសួង​សុខាភិបាលក៏​បានដាក់ចេញគោលការណ៍ដូចគ្នា ដោយ​សម្រេច​​ឱ្យ​អ្នក​ជំងឺ​កូវីដ-១​​៩ក​ម្រិ​​តស្រាល​ឬគ្មានរោគសញ្ញា ក្នុងរាជធានីភ្នំពេញ ព្យាបាលដាច់​ដោយឡែកនៅផ្ទះដោយខ្លួនឯង ក្រោម​ការផ្តល់ប្រឹ​ក្សា​ពីគ្រូពេទ្យនិងគ្រប់គ្រងពីអាជ្ញាធរមូលដ្ឋាន​តាមនីតិវិធីប្រតិបត្តិស្តង់ដារថ្មី។

បើតាមមន្ត្រីសុខភិបាល វិធានការនេះធ្វើឡើងដើម្បីជួយសម្រាលបន្ទុករបស់ក្រុមគ្រូពេទ្យនិងថវិកាចំណាយរបស់រដ្ឋ ស្របពេលស្ថានភាពរីករាលដា​លនៃ​ជំងឺផ្លូ​វដង្ហើមថ្មីមួយ​នេះមិ​នមានសញ្ញាថម​ថយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ