ស៊ុយអែត និងស្វីស ផ្តល់​ថវិកា​ជាង​៤​លាន​ដុល្លារ​ដើម្បី​គាំ​ទ្រ​យុវជន​កម្ពុជា​ចូលរួម​ការងារ​​សហគមន៍

លោក សាម៊ូអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា។ (ហ្វេសប៊ុក៖ Embassy of Sweden in Phnom Penh)

ប្រទេសស៊ុយអែត និងស្វីស បានផ្តល់ថវិកាជាង៤លាន​ដុល្លារគាំទ្រដល់អង្គការ BBC Media Action ដើម្បីអនុវត្តគម្រោង “ការលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសហគមន៍-ក្លាហាន៩ SPACE”

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បញ្ជាក់ថា ក្នុងចំណោមថវិកាចំនួន៤,៥លាន​ដុល្លារនេះ គឺថវិកា​ប្រមាណ២លាន​ដុល្លារផ្តល់​​ដោយប្រទេសស៊ុយអែត ខណៈ២,៥លាន​ដុល្លារទៀតផ្តល់ដោយ​ទីភ្នាក់​ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស្វីស។

ប្រភពដដែល​បន្ថែមថា គម្រោងនេះមានគោលបំណងបង្កើនកម្រិតនៃការចូលរួមបែបស្ថាបនានៅក្នុងសហគមន៍ក្នុង​​ចំណោមយុវជនកម្ពុជា តាមរយៈការផ្តល់ឱ្យពួកគេមានចំណេះដឹង ជំនាញ ទំនុកចិត្ត និងលើកទឹកចិត្តចំពោះបណ្តាញនានា ក្រោមឈ្មោះថា “ក្លាហាន៩ SPACE” ដែលត្រូវអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤។

លោក សាម៊ូអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា បានបង្ហាញក្តីរីករាយ​ក្នុង​ការ​​ចាប់ដៃគូជាមួយអង្គការ BBC Media Action ដើម្បីប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកទឹកចិត្តនិងគាំទ្រយុវជនកម្ពុជាឱ្យ​​ចូលរួមក្នុងកិច្ចការសាធារណៈ និងផ្តល់ការគាំទ្រដល់សកម្មភាពសហគមន៍សម្រាប់យុវជននៅតាមបណ្តាខេត្ត។

លោកបញ្ជាក់ថា៖ «ការគាំទ្រនេះស្របតាមកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតជាមួយកម្ពុជា ផ្តោតលើសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។

ដោយឡែក លោកស្រី ជេមម៉ា ហេយម៉េន នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ BBC Media Action មានប្រសាសន៍ថា ជំនួយនេះជា​ឱកាសក្នុងការកសាងលើភាពជោគជ័យសម្រាប់ការងារអភិវឌ្ឍន៍​យុវជន។

លោកស្រីបញ្ជាក់ថា៖ «គម្រោងនេះនឹងគាំទ្រដល់យុវជនដែលមានអាយុចន្លោះ ១៥-៣០ឆ្នាំ ដើម្បីចូលរួមក្នុងជីវិតសាធារណៈនៅក្នុងសហគមន៍ តាមរយៈការកសាងចំណេះដឹង និងជំនាញ ផ្លាស់ប្តូរឥរិយាបថអវិជ្ជមានជុំវិញការចូលរួមរបស់យុវជន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ