អ្នកជំងឺកូវីដ-១៩ ចំនួន ២២នាក់ទៀតបានស្លាប់ ខណៈអង្គការសុខភាពពិភពលោកព្រមានថា ជំងឺរាតត្បាតនេះនៅឆ្ងាយពីទីបញ្ចប់

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺ​កូវីដ-១៩ ចំនួន​ ២២ ​នាក់បន្ថែម​ទៀត​បាន​ស្លាប់ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ ជំងឺ​កូវីដ-១៩នេះ បានកើន​ដល់​ ១ ៣៩៧ នាក់  ខណៈអ្នកឆ្លង​ថ្មីជាង ​៦០០ នាក់ ក្នុងនោះ​ករណី​នាំចូល​​ពីក្រៅ​ប្រទេស​ជាង ​២០០ នាក់។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ​នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២១​ ឱ្យដឹង​ថា ​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ កាល​ពី​ថ្ងៃម្សិលមិញ ​ ចំនួន​២២​នាក់​ ក្នុងនោះ ​ករណី​ឆ្លងថ្មី ​៦៥៨នាក់​ ខណៈករណី​ឆ្លងនាំ​ចូល​ពី​ក្រៅ​ប្រទេស​ចំនួន ​២៤៨ នាក់។ ក្រៅពីមាន​អ្នក​ស្លាប់ ​និង​ឆ្លងថ្មី​នោះ ក្រសួង​ថា ក៏មានអ្នកជំងឺចំនួន ៧៩៨ នាក់ បានជាសះស្បើយដែរ។

បើតាម​ក្រសួង​សុខាភិបាល​ គិតត្រឹម​ថ្ងៃទី៣១​ ខែកក្កដា ​ឆ្នាំ២០២១នេះ កម្ពុជា​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ៧៧,២៤៣នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេស ចំនួន ១០៥៣៧ នាក់ ខណៈអ្នកព្យាបាល​ជា​សះស្បើយ ៦៩,៩៩៦នាក់ និងស្លាប់សរុប ១,៣៩៧ នាក់។

លោកស្រី​ លី អាយឡែន (Li Ailan) តំណាង​អង្គការ​សុខភាពពិភពលោក​ប្រចាំនៅ​កម្ពុជា​បាន​សរសេរ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី៣០ ខែកក្កដា ថា ជំងឺរាតត្បាត​នេះ​ នៅឆ្ងាយ​ពីទី​បញ្ចប់​ពី​ប្រទេស​កម្ពុជា។ អ្នកស្រី​បាន​សរសេរ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​មាន​ចំណង​ជើង​ថា​ «យើងកំពុងប្រណាំងប្រជែងជាមួយនឹងវីរុសកូវីដ-១៩ បំប្លែង​ថ្មី៖ ​សូមធ្វើសកម្មភាព​នៅថ្ងៃនេះ​ដើម្បី​កុំឱ្យ​ស្តាយ​ក្រោយ​នៅ​ថ្ងៃស្អែក»​ ថា​ ចំនួន​ករណី​ឆ្លង​វីរុសកូវីដ-១៩ និង​ករណី​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩​ប្រចាំថ្ងៃ​ នៅតែ​មាន​កម្រិតខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជាដែល​ស្ថិតនៅក្នុង​ដំណាក់​កាល​ចម្លងទី២​ (ការចម្លងកម្រិតសហគមន៍នៅតាមតំបន់) ​ដោយ​មេរោគ​នេះបាន​រីករាល​ដាលយ៉ាងខ្លាំង​នៅក្នុង​សហគមន៍។

លោកស្រីបានអំពាវនាវឱ្យអ្នករាល់គ្នាចាត់វិធានការដែលត្រូវបានណែនាំ និងចាំបាច់នានា ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារអ្នកដ៍ទៃទៀតពីការឆ្លងរោគ។ សកម្មភាពរួមរបស់យើង នឹងកំណត់ជោគជ័យ ឬក៏បរាជ័យរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ