បទយកការណ៍៖ ចូលព្រះវស្សាក្នុងបរិការណ៍កូវីដ-១៩ វត្តអារាមត្រូវត្បិតត្បៀត​ពេលញាតិពុទ្ធបរិស័ទជួបការលំបាក

សកម្មភាពហែទៀនវស្សាកាលពីឆ្នាំកន្លងទៅ។ (សុខ ចន្ត្រាវុធ)

ជាប្រពៃណី មុនរដូវចូលព្រះវស្សាមកដល់ វត្តអារាមនៅទូទាំងប្រទេសកម្ពុជា​តែងមានសភាពមមាញឹកទទួលពុទ្ធ​បរិស័ទដែលនាំទេយ្យវត្ថុ​ទៅប្រគេនព្រះសង្ឃសម្រាប់​ប្រើ​ប្រាស់​ក្នុង​អំឡុងពេលគង់ព្រះវស្សា។

ខុសពីមុនៗ ការចូលព្រះវស្សាឆ្នាំនេះ គ្មានពិធីហែទេយ្យទានអធិកអធមផ្សាយតាមទូរទស្សន៍នោះទេ។ ព្រះ​សង្ឃ​បាននិមន្តចូលកាន់ព្រះវស្សា​ក្នុងសភាពស្ងប់ស្ងាត់ ហើយនាំគ្នាត្បិតត្បៀត​​ក្នុង​ជីវភាពប្រចាំថ្ងៃក្នុងរយៈពេល៣ខែ ខណៈដែលពុទ្ធបរិស័ទកំពុងប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច​ ហើយជំងឺកូវីដ-១៩នៅតែបន្តឆ្លង​រាល​ដាលឥតស្រាកស្រាន្តនៅឡើយ។

នៅវត្តមហាមន្រ្តី រាជធានីភ្នំពេញ ព្រះតេជគុណ ភួង យាង មានសង្ឃ​ដីកា​ថា ពិធីចូលព្រះវស្សាឆ្នាំនេះមាន​តែ​ព្រះសង្ឃ​តែ​ប៉ុណ្ណោះ មិនមាន​ពុទ្ធបរិស័ទមកពីទីជិតឆ្ងាយមកធ្វើ​ពិធីប្រគេនទេយ្យវត្ថុដូចពីឆ្នាំមុនៗទេ។ មុនថ្ងៃចូលព្រះវស្សាមកដល់ (ថ្ងៃទី២៥ ខែកក្កដា) វត្តត្រូវ​បានដាក់​ក្រោមការបិទខ្ទប់អស់ពេល៤សប្តាហ៍ ក្រោយពីមានការរកឃើញ​ករណីវិជ្ជមាននៃជំងឺកូវីដ-១៩នៅក្នុងចំណោមព្រះសង្ឃ៣១១​អង្គ និងសិស្សដែលកំពុង​ស្នាក់នៅក្នុងវត្តនោះ។

ស្ថិតក្នុងដំណាក់កាលមួយដែលព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតនៅក្រៅវត្តបាន ហើយពុទ្ធបរិស័ទក៏មិនសូវហ៊ានទៅវត្ត ដោយសារប្រយ័ត្ន​ប្រយែងនិងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ព្រះតេជគុណ ភួង យាង មាន​​ដីកាថា ជីវភាពប្រចាំថ្ងៃរបស់​សង្ឃទាំងអស់ក៏ត្រូវសម្រួលបន្សាំទៅតាមសភាពការណ៍ដែរ ក្នុងនោះ វត្តមិន​មាន​ចង្ហាន់សម្រាប់ថ្ងៃត្រង់និងពេលព្រឹកនោះទេ។ ប៉ុន្តែចង្ហាន់ត្រូវទទួលខុសត្រូវទៅតាមកុដិនីមួយៗ កុដិខ្លះ​មាន​១០អង្គ កុដិ​ខ្លះ២០អង្គ ត្រូវរួមគ្នាដោះស្រាយរៀងៗខ្លួនតាមសភាព​ជាក់ស្តែង។ ​

ព្រះតេជគុណមានដីកាដូច្នេះថា៖«សម្រាប់ចង្ហាន់តាមកុដិ លោក[ព្រះសង្ឃ​]រៃលុយគ្នា ដូចថាបួនប្រាំអង្គបាន១០ ០០០[រៀល] ឬ២០ ០០០[រៀល]អ៊ីចឹងទៅ។ ប៉ុន្តែកុដិខ្លះ គេសម្បូរដោយមានបរិស័ទឧបត្ថម្ភប្រចាំខែឬប្រចាំអាទិត្យអ៊ីចឹងទៅ។»

នៅឯខេត្តបាត់ដំបងឯណោះវិញ ជីវភាពរបស់ព្រះសង្ឃនៅក្នុង​«វត្តបច្ចា» ក្រុងបាត់ដំបង ក៏មិនមានសភាពខុសពីវត្តដទៃទៀតប៉ុន្មាននោះទេ នៅពេលដែលពុទ្ធបរិស័ទមិនសូវមកវត្តធ្វើបុណ្យប្រគេនចង្ហាន់ឬទេយ្យទានច្រើនដូចមុន ភាគច្រើនមកតែពេលថ្ងៃសីលបន្តិចបន្តួចតែប៉ុណ្ណោះ។

ព្រះតេជគុណ រ៉េត រុន ដែលគង់នៅវត្តនោះ មានដីកាថា បញ្ហាប្រឈមមួយដែលវត្តកំពុងជួប​ប្រទះ គឺ​ការកើន​ឡើងនៃការចំណាយទៅលើការទិញម្ហូបនិងថ្លៃទឹកភ្លើង សម្រាប់​ទ្រទ្រង់​ការរស់នៅរបស់ព្រះសង្ឃ៥០អង្គនៅទីនោះ។

ព្រះតេជគុណ រ៉េត រុន មានដីកាថា៖ «ជាទូទៅ ពីមុន មានអ្នកមកច្រើនដែរ! ពុទ្ធបរិស័ទមកសមាទានសីល ប្រគេនចង្ហាន់ ប្រគេនអ៊ីចឹងទៅ! ប៉ុន្តែអំឡុងពេលនេះ ធ្លាក់ចុះខ្លាំងមែនទែន។ សូម្បីតែថ្ងៃសីលថ្ងៃមុននេះ​ ក៏អត់សូវមានដែរ! ហើយបើមើលក្នុងថ្ងៃចូលវស្សាវិញ គាត់មកដែរ ប៉ុន្តែមកមួយភ្លេតអ៊ីចឹងទៅ មានចង្ហាន់មានអីប្រគេនតិចតួច គាត់ទៅវិញ ប៉ុន្តែចំនួននៃការមក នៅតែធ្លាក់ចុះ»។

យោងតាមស្ថិតិរបស់ក្រសួងធម្មការ និងសាសនា​កម្ពុជា មានវត្តជាង៥ ០០០វត្ត និង​​ព្រះសង្ឃជាង៦០ ០០០​អង្គ នៅទូទាំងប្រទេស។ ជាប្រពៃណី វត្ត​អារាមជាកន្លែងដែលពុទ្ធបរិស័ទខ្មែរ​ជួបជុំគ្នាធ្វើការបួង​សួងនិង​ពិធី​​បុណ្យសាសនា​តាម​រដូវកាលរៀងរាល់ឆ្នាំ។ ប៉ុន្តែទិដ្ឋភាព​អ៊ូអរបែបនោះត្រូវបាន​ស្ងាត់អស់ពេលជិត២ឆ្នាំមក​ហើយ ក្រោយពីផ្ទុះការរាតត្បាតនៃការឆ្លងជំងឺកូវីដ-១៩ ដែលមកទល់ពេលនេះបានបង្កការឆ្លងដល់មនុស្ស​ជិត៧០ ០០០​នាក់ ក្នុងនោះ អ្នកជំងឺជាង១ ៣០០នាក់បាន​ស្លាប់។

រាជរដ្ឋា​ភិបាលនៅ​ក្នុង​កិច្ច​ខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បាន​ដាក់​ចេញវិធានការតឹងរ៉ឹងជា​ច្រើន ក្នុងនោះមានទាំងបម្រាម​ការប្រមូលផ្តុំការជួបជុំធ្វើ​ពិធីបុណ្យទ្រង់ទ្រាយធំ​នៅតាមទីវត្តអារាមផងដែរ។ 

នៅឯក្រុងសៀមរាបឯណោះវិញ វត្តដំណាក់ កំពុងស្ថិតក្នុងសភាពស្ងប់ស្ងាត់ មិនសូវមានពុទ្ធបរិស័ទមកអធិក​អធមពេល​បុណ្យទានដូចមុនៗឡើយ។ ព្រះតេជគុណ នៅ ណេន ដែលគង់នៅទីនោះ មាន​ដីកា​ថា មុន​ថ្ងៃ​ចូល​វស្សាមក​ដល់​ម្តងៗ វត្តតែងតែប្រារព្ធ​កម្មវិធីអុជ​ប្រទីប សូត្រព្រះធម៌ និងដង្ហែទៀន​ព្រះវស្សា ប៉ុន្តែនៅឆ្នាំនេះ វត្តបានលុបកម្មវិធីនេះចេញ ហើយ​កម្មវិធីបុណ្យជាច្រើនទៀតក៏ត្រូវបានផ្អាកទាំង​ស្រុង​ដែរ ដោយសា​រតែកូវីដ-១៩។

ព្រះតេជគុណ នៅ ណេន មានដីកាបន្តទៀតថា ការសិក្សារបស់ព្រះសង្ឃនៅវត្តបូណ៍ ក៏ត្រូវផ្លាស់ប្តូរ​មករៀនតាមអនឡាញ​វិញ ​ដូច​សាលារៀននៅទូទាំងប្រទេសដែរ។ ប៉ុន្តែការណ៍នេះ​ បានចោទជាបញ្ហាប្រឈមមួយទៀត​ដែរ ដោយ​​ព្រះសង្ឃត្រូវចំណាយថវិកាសម្រាប់ទិញកាតទូរសព្ទ សម្រាប់ភ្ជាប់អ៊ីនធឺណិត បន្ថែម​ពីលើបន្ទុកចំណាយលើចង្ហាន់​ប្រចាំថ្ងៃ។

ព្រះតេជគុណមានដីកាថា៖ «បើសិនជាកូវីដចេះតែអូសបន្លាយ បញ្ហាធំជាងគេគឺបញ្ហាចង្ហាន់ហ្នឹងឯង»។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ថា ការលំបាកដែលមាននៅតាម​វត្តអារាម គឺ​ជា​ផ្នែកមួយនៃសម្ពាធសេដ្ឋកិច្ចដែលពុទ្ធបរិស័ទទូទាំងប្រទេសកំពុងជួបប្រទះដោយសារតែ​វិបត្តិ​កូវីដ-១៩។ លោកបានបន្ថែមថា ទោះជាយ៉ាងណាក្តី ក្រសួងធម្មការ និងសាសនា បានសហការ​យ៉ាង​យកចិត្តទុកដាក់ជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយ ក្នុងនោះ មានការប្រគេន​ទេយ្យ​ទាន​ជា​​អង្ករ មី និងត្រីខ ជាដើម ដល់វត្តដែលជួបការខ្វះខាត។

លោក សេង សុមុនី មានប្រសាសន៍ថា៖ «តាមខេត្តនីមួយៗដែលយើងមានមន្រ្តីជំនាញបានធ្វើការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផ្ដល់ព័ត៌មានដោះស្រាយជាបន្តបន្ទាប់»។

ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើមកដល់ឥលូវនេះមានវត្តប៉ុន្មានហើយដែលទទួលបានអំណោយ ក៏ដូចជាការឧបត្ថម្ភពីសំណាក់អាជ្ញាធរមូលដ្នាន។

អភិបាលរងខេត្តសៀមរាប លោកស្រី​ យូ សុភា មានប្រសាសន៍ថា ក្រុម​ការ​ងារ​របស់​ខេត្តបានយកចិត្តទុកដាក់ខ្ពស់ធ្វើការស្រង់ស្ថិតិអំពីវត្តណាដែលខ្វះខាត។ អាជ្ញាធរខេត្តបានសហការជាមួយកាកបាតក្រហម ក្នុងការ​យក​អំណោយទៅប្រគេនព្រះសង្ឃគង់នៅវត្តបានជាង​២០វត្ត​ដែលមានការខ្វះខាតរួចហើយ។

លោកស្រី​ យូ សុភា មានប្រសាសន៍ថា​៖ «មិនមែនវត្តទាំងអស់​សុទ្ធតែកំពុងខ្វះស្បៀងទេ ​ព្រោះនៅតាមស្រុកខ្លះ ព្រះសង្ឃ​មានស្រូវដល់ទៅស្តុកទុកទៀត [ហើយ] ជួយបានច្រើនដល់អាជ្ញាធរមូលដ្ឋាននិងពលរដ្ឋដទៃទៀតផង»។

ព្រះគ្រូអនុគុណ យឿង រដ្ឋសភា ដែលជាមន្រ្តីសង្ឃមើលការខុសត្រូវនៅក្នុងក្រុងបាត់ដំបង មានសង្ឃ​ដីកាថា ទន្ទឹម​នឹង​ហានិភ័យខ្វះខាតស្បៀង វត្តមួយចំនួនក្នុងទីរួមខេត្តក៏ត្រូវរងសម្ពាធចំណាយកើនឡើ​ង ​ដោយ​​សារ​តែ​មានព្រះសង្ឃ​ច្រើន​ដែល​កំពុងតែសិក្សានៅសាលាបាលី ហើយមិនអាចនិមន្តបិណ្ឌបាតដូចមុន។ ព្រះតេជគុណបន្តថា កន្លងមកនេះឃើញមានអាជ្ញាធរមូលដ្ឋានជួយដែរ តែបានតិច មិនអាចបែងចែកនៅតាមវត្តគ្រប់គ្នា។

នៅក្នុងគ្រានេះ វត្តអារាមគ្មានជម្រើស​ណា​ផ្សេងក្រៅពីការត្បិតត្បៀត – ព្រះអនុគុណ យឿង រដ្ឋសភា មានសង្ឃដីកា​បន្ថែមដោយការ «អំពាវនាវដល់ពុទ្ធបរិស័ទសប្បុរសជនដែលមានលទ្ធភាព សូមជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លារបស់គាត់» ខណៈដែលការគំរាមកំហែងពីជំងឺកូវីដ-១៩ នៅតែមិនទាន់ស្រាកស្រាន្តនៅឡើយ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ