សង្គម​ស៊ីវិល​រិះគន់ថា​ ការ​គ្រប​ដណ្ដប់​​​ឥទ្ធិពល​នយោបាយ​នៅ​កម្ពុជា​នាំឱ្យ​​​ គ.ជ.ប​ មិន​ឯករាជ្យ

លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិច ថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី «លទ្ធផល​រក​ឃើញ​នៃ​ការអង្កេត​ការ​ចុះឈ្មោះ និង​សវនកម្ម​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ២០២០» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើល​ការបោះឆ្នោត មើលឃើញថា ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ប្រ​​ទេស​​​ដែល​​​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ សេរីពហុបក្ស នៅតែ​មានសារៈសំខាន់ និង​​មិនអាចខ្វះ​បានឡើយ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យស្ថាប័ននេះត្រូវរងនូវការទិទៀន​នោះ​ គឺ​ដោយ​​សារ​​តែ​​ការ​គ្រប​​ដណ្តប់ឥ​ទ្ធិពលពីអ្នកនយោបាយហួសប្រមាណ និងកង្វះ​យន្តការ​ច្បាប់​ស្តីពីកា​​រកំ​​ណត់​​​​អាណត្តិមេដឹកនាំ។

ការថ្លែងរបស់អង្គការមិនមែនរដ្ឋាភិបាលដូច្នេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីទៀតកាលពីថ្ងៃទី១ ខែសីហា ថាលោកនឹងនៅក្នុងតំណែងជានាយករដ្ឋមន្រ្តីរហូត​​ដល់​​ពេលណាលោកលែងចង់ធ្វើ។

សាររបស់មេដឹកនាំនេះត្រូវបានក្រុមអង្គការសង្គមស៊ីវិលដែលមានជំនាញខាងកិច្ចការបោះឆ្នោតចាត់​ទុក​ថា នឹងធ្វើឱ្យជះ​ឥទ្ធិពល​មិនល្អទៅដល់គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប) ដែល​​ជា​ស្ថាប័នជាតិ​រៀបចំការបោះឆ្នោត។

នាយកប្រតិបត្តិអង្គការ​និចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍នៅថ្ងៃចន្ទ​នេះ​ថា សារ​​​របស់​​​លោក​​នា​យករដ្ឋមន្រ្តី ទោះចង់មិនចង់ នឹងនាំឱ្យប៉ះពាល់ដល់​ឯករាជ្យភាព ភាពឥតលម្អៀង និងដំណើរនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌របស់ស្ថាប័ន គ.ជ.ប ហើយ។

ម៉្យាងវិញទៀត លោក​ថា សារ​នេះហាក់​បង្ហាញពីស្ថានភាពប្រទេសដែលមិនមាន​​លំហ​​ប្រជា​ធិបតេយ្យ​ពេ​ញលេញ។

លោកបន្តថា៖ «សេចក្តីប្រកាសរបស់គាត់ [នាយករដ្ឋមន្ត្រី​] នេះ ប្រៀប​​ដូចបញ្ជូនសារអ៊ី​​ចឹង​​! ​​នេះប​ង្ហាញ​ថា វាអត់មានលទ្ធិប្រជាធិបតេយ្យ​អីទេ ប្រៀបដូច​​ផ្តាច់ការអ៊ីចឹ​​ងណា! លោក​​ដឹង​​ទេ ​​ប្រទេស​​ដែល​ផ្តាច់ការ តែកាន់គឺ​កាន់មួយជីវិតអ៊ីចឹងទៅណា! សារនេះគាត់ចង់និយាយអ៊ីចឹង! ​ហេតុ​​នេះ​ស្ថាប័ន​រៀបចំការបោះឆ្នោតអីជាដើមហ្នឹង នេះប្រៀបដូចជាការផ្ញើសារឱ្យដឹងអ៊ីចឹង» ។

បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះយល់ឃើញថា ថ្វីត្បិតស្ថាប័នជាតិ គ.ជ.ប ត្រូវរង​​ការរិះ​​​គន់​ថាជា​​អង្គ​​ភាពមិនអាចជឿទុកចិត្តបាន តែស្ថាប័ន​មួយនេះនៅតែ​​ជា​​​​ស្ថា​​ប័ន​​ដែលមិនអាច​ខ្វះ​បាន ហើយដើ​រតួនាទីយ៉ាងសំខាន់សម្រាប់សង្គមប្រជាធិបតេយ្យ។

ចំណែកមន្ដ្រីជាន់ខ្ពស់​​នៃ​កម្មវិធី​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល ​លោក កន សា​វាង្ស យល់​​ឃើញ​​​​​ថា រឿងបេក្ខភាពរបស់នាយករដ្ឋមន្រ្តី និងស្ថាប័នជាតិរៀបចំការបោះឆ្នោត ជារឿង​ពីរ​ដាច់​​ដោយ​​ឡែក​​​​ពីគ្នា។

លោកបន្តថា ការដាក់បេក្ខភាពរបស់បុគ្គលនយោបាយណា វាមិនសំខាន់ទេ គឺ​​អា​​ស្រ័​​យ​​​​ទៅលើការ​​ពេញចិត្តពីផ្ទៃក្នុងបក្សឬមានការគាំទ្រពីមហាជន។

បើតាមលោក កង សាវាង្ស អ្វីដែលចាំបាច់​​នៅពេលនេះ ទាំងក្នុងច្បាប់ គ.ជ.ប ក្តី និងច្បាប់កំពូលរបស់ជាតិក្តី នៅមិនទាន់បាន​​កំណត់​​អាណត្តិ​​របស់មេដឹកនាំនៅឡើយ​​។ លោកថា​ នេះទើបជាមូលហេតុសំខាន់ជាងគេ ហើយក៏ធ្វើឱ្យស្ថាប័នជាតិ​រៀបចំការ​​បោះ​​ឆ្នោតត្រូវរងការរិះគន់ថា មិនអាចបម្រើឱ្យសេក្តីត្រូវការនិងជឿទុកចិត្តបានពីអង្គបោះឆ្នោតដែរ។

លោកបន្តថា៖ «បើសិនជាផ្ទៃក្នុងបក្សគាត់មិនផ្លាស់ប្តូរមុខតំណែងជានាយករដ្ឋមន្រ្តីទេ អាហ្នឹងវា​​អា​​ស្រ័​​យ​​​​ទៅលើគណបក្សនីមួយៗ។ ប៉ុន្តែច្បាប់នៅក្នុងការបោះឆ្នោតវិញ យើងមិនទាន់មានច្បាប់ណា​ដែល​​​​ចែងថា នាយករដ្ឋមន្រ្តីកា​ន់​ត្រឹម២អាណត្តិ គឺ​យើងមិនទាន់មានទេ។​​ នេះគឺជារឿងមួយ​ដែល​​សំ​​ខាន់​​​»។

បើទោះជាបែបណា លោក សុខ ឥសាន សមាជិកព្រឹទ្ធ​សភា និងជាមន្រ្តីនាំពាក្យ​​គណបក្ស​​ប្រជា​ជន​​កម្ពុជា ថ្លែងថា គណបក្សកាន់អំណាចមិនខ្វះទេនូវបេក្ខភាពសម្រាប់ធ្វើជានាយករដ្ឋមន្រ្តី​​។ ប៉ុន្តែ​​លោក​​​​​​​​អះអាងថា សម្រាប់លោក ហ៊ុន សែន គឺជាឥស្សរជននយោបាយដែលសំខាន់​​ជាងគេតែ​​ម្នាក់​​គត់ដែលស័ក្តិសមបំផុតនៅក្នុងតំ​ណែងជានាយករដ្ឋមន្រ្តីនេះ។​

លោក​បន្តថា ​​​​ការ​​​ប្រកាសជំហរ​​​របស់លោកនាយករដ្ឋមន្រ្តីបែបនេះ មិនបាន​ជះ​ផល​​អាក្រក់​​ណា​​មួយ​​ទៅលើស្ថាប័ន​ គ.ជ.ប នោះដែរ ព្រោះមកដល់ពេលនេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅតែមានការគាំទ្រពីមហាជន។

លោកបន្តថា៖ «បើបេក្ខជនសម្រាប់នាយករដ្ឋមន្រ្តី គឺមិនក្រទេ គឺសម្បូរធនធានមនុស្សណាស់។ ហើយ​ក្នុងការតម្រង់ជួរទៅ គឺសម្តេចតេជោនាយករដ្ឋមន្រ្តី គឺលោកជាបេក្ខជនទី១ អាហ្នឹង១! ហើយទី២ សម្តេចគាត់លើកឡើងថា គាត់នៅបន្តធ្វើទៀត ដោយសារគាត់ជឿជាក់លើឆន្ទៈ​ប្រជាពលរដ្ឋដែ​លតែង​តែគាំទ្រគណបក្សប្រជាជនកម្ពុជារហូត»។

វីអូឌី មិនអាចស្នើសុំការបញ្ជាក់បាននៅឡើយទេពីអ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ ខណៈលោក ហង្ស ពុទ្ធា អ្នកនាំពាក្យស្ថាប័ន គ.ជ.ប បដិសេធ​​ក្នុងកា​​រអត្ថា​​ធិ​​ប្បាយ។ នេះមិនមែនជារឿងថ្មីឡើយដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​​ជំហរ​​​​​ក្នុង​​ការ​គ្រប់គ្រងតំណែងដ៏សំខាន់មួយនេះ។ ជារឿយៗ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន តែងអះអាងថា លោក​​នឹង​​ដឹក​​នាំប្រទេសរហូតដល់លោកមានអាយុ៩០ឆ្នាំ។ ប៉ុន្តែចុងក្រោយនេះ លោកថានឹង​​ធ្វើជា​​នាយក​​រដ្ឋ​​មន្រ្តីដល់​​ពេល​​ណាដែលលោកលែងចង់ធ្វើ ដោយមិនកំណត់ពេលវេលា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ