តុលាការ​ផ្ដន្ទា​ទោស​មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​តវ៉ា​មុខ​ទូត​ចិន​ឱ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​១២​ខែ​ដល់​​២០​​ខែ

ក្រុម​អាជ្ញាធរ​ចាប់​ទាញ​យក​កាមេរ៉ា​ពី​អ្នកកាសែត ខណៈ​ពេល​ដែល​ក្រុមសកម្ម​ជន​និង​អ្នក​តវ៉ា​បាន​ធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត​ចិន នា​ព្រឹក​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ចំ​ថ្ងៃខួប២៩ឆ្នាំ នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ (Matt Surrusco​)

តុលាការ​​សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចផ្ដន្ទាទោស​អ្នក​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​និងអតីត​មន្ត្រីបក្សប្រឆាំងចំនួន៩នាក់ ឱ្យជាប់ពន្ធនាគារចន្លោះពី១២ខែដល់២០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន២​លានរៀលចូលរដ្ឋ  ក្រោមបទចោទប្រកាន់«ញុះញង់ និង​ផ្ដើម​គំនិត​ញុះ​ញង់»

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ក្រុម​ប្រជាពលរដ្ឋ​ជិត២០​នាក់ ភាគច្រើន​ជា​ស្ត្រី បាននាំគ្នា​ប្រមូល​ផ្តុំ​តវ៉ា​នៅមុខ​ស្ថានទូត​ចិនប្រចាំនៅកម្ពុជា ដើម្បី​​ដាក់​ញត្តិទៅស្ថានទូតមួយ​នេះ និងគ្រោង​ដាក់ទៅ​ស្ថានទូតផ្សេងៗទៀត ដើម្បីសុំ​​​ឱ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់គោរព​និង​​អនុវត្ត​តាម​​កិច្ចព្រមព្រៀង​សនិ្តភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ត្រឹមត្រូវ។

ប៉ុន្តែ​ក្នុងអំឡុងពេលនិងក្រោយពេលតវ៉ា អ្នកតវ៉ាចំនួន៧នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​និងបញ្ជូនទៅ​​ឃុំខ្លួន​​នៅ​​ពន្ធនា​គារ​​ព្រៃស​ជាបន្ត​បន្ទាប់ ដោយចោទប្រកាន់ពីបទ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ចំណែកមន្ត្រីអតីត​បក្សប្រឆាំង២រូប ដែល​អាជ្ញាធរ​អះអាងថាជាអ្នកផ្តើមគំនិតឱ្យ​មាន​ការតវ៉ានោះ​​ គឺ​លោក ហូរ វ៉ាន់ និង​លោក សាន់ សីហៈ ដែលកំពុងនៅក្រៅប្រទេស ត្រូវបានចោទប្រកាន់ពីបទ «អ្នក​ផ្តើមគំនិតក្នុងអំពើញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម»

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី  អ៊ុក រ៉េតគន្ធា នៅថ្ងៃចន្ទ​នេះ បាន​ប្រកាស​សាលក្រម​ដោយ​ផ្ដន្ទាទោស​អ្នក​តវ៉ា​ចំនួន៦​នាក់ឱ្យជាប់ពន្ធនាគារចន្លោះពី១២ខែដល់១៨ខែ ខណៈ​អតីត​មន្ត្រីបក្សប្រឆាំង២រូបនិងអ្នកតវ៉ាម្នាក់ទៀតជាប់ពន្ធនាគារ២០​​ខែ។

អ្នកតវ៉ានិងអតីត​មន្ត្រីបក្សប្រឆាំង​ទាំង៩នាក់នោះ រួមមាន​ លោក តុន និមល អ្នកស្រី លឹម សាន និងអ្នកស្រី យ៉យ ស្រីមុំ ត្រូវបានតុលាការ​សម្រេចផ្តន្ទាទោស​ឱ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ខណៈអ្នកស្រី ប៉ៃ រ៉ន អ្នកស្រី សាត ផា និងអ្នកស្រី សាន់ ស្រីនាថ ត្រូវបានផ្តន្ទាទោសឱ្យ​ជាប់​​ពន្ធនាគារ១​ឆ្នាំពីបទ«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»

ចំណែកអតីត​​សមា​​ជិកព្រឹទ្ធសភាជាមន្ត្រីជាន់ខ្ពស់​អតីតគណបក្សសង្រ្គោះជាតិ លោក ហូរ វ៉ាន់ និងលោក សាន សីហៈ ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨​ខែ និងចេញដីកាឱ្យចាប់ខ្លួន ខណៈ​អ្នកស្រី ហុង អាន ជា​សកម្មជន​គាំទ្រ​អតីត​​គណ​​បក្ស​​សង្រ្គោះ​​​ជាតិ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១​ឆ្នាំកន្លះ ដោយអ្នកទាំង៣នាក់ត្រូវបានចោទប្រកាន់ពីបទ «អ្នកផ្តើមគំនិតក្នុងអំពើញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម»

បន្ទាប់ចេញពីបន្ទប់សវនាការ លោក តុន និមល បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងប្តឹង​ជំទាស់​ទៅនឹង​សេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមនេះ ដោយលោកចាត់ទុកការសម្រេច​​របស់​ចៅក្រមរូបនេះជារឿងអយុត្តិធម៌។ លោកបន្តថា ពួកគាត់មិនបានធ្វើអី្វខុសឡើយ ដោយគ្រាន់តែនាំគ្នាយកញតិ្តនៅដាក់នៅស្ថានទូតចិនតែប៉ុណ្ណោះ។

លោកថា៖ «ជារឿងអយុត្តិធម៌សម្រាប់ខ្ញុំណាស់ ព្រោះខ្ញុំមិនបានធ្វើអីខុសទេ គ្រាន់តែយកញតិ្តទៅដាក់នៅស្ថានទូតចិន។ ខ្ញុំនឹងប្ដឹងជំទាស់»។

អ្នកស្រី ជ័យ ស្រីនី ដែលជាភរិយាលោក តុន និមល​ មានប្រសាសន៍ថា ការសម្រេច​កាត់ទោស​ប្ដី​គាត់​ឱ្យជាប់ពន្ធនាគារ១៨​ខែនេះ ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់។

អ្នកស្រី​ថា៖ «វាមានភាពអយុត្តិធម៌មែនទែន​ ព្រោះអីប្ដីខ្ញុំមិនមានកំហុសទេ ចាប់គាត់ទាំងអត់មានកំហុស ហើយយកគាត់ដាក់គុក១៨ខែ ហើយបង់ប្រាក់២​លានរៀល​ទៀត។ ​ខ្ញុំគិតថា មានភាពអយុត្តិធម៌​យ៉ាងណាសម្រាប់​ពួកគាត់ ប្ដីខ្ញុំ​មានជំងឺជាប់ខ្លួនទៀត។ ខ្ញុំគិតថា ​ជាតិជាខ្មែរគ្រាន់តែគាត់​សម្ដែងមតិ​ ដូចថាគាត់មិនទាន់យក​ញត្តិទៅស្ថានទូតផង ចាប់គាត់ទាំងអត់មានកំហុស ខ្ញុំទទួលយកមិនបានទេ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីចៅក្រមជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី អ៊ុក រ៉េតគន្ធា និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃចន្ទនេះ។

នាយក​រងអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត បង្ហាញការសោកស្ដាយចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ។ លោកបន្តថា ការសម្រេចរបស់តុលាការលើសកម្មជននយោបាយ នឹងធ្វើឱ្យមានការរិះគន់បន្តទៀតលើការអនុវត្តច្បាប់នៅកម្ពុជា។

 លោកថា៖ «កន្លងមក មានការិះគន់ជាច្រើនចំពោះការចាប់និងការឃុំខ្លួនអតីតសកម្មជនបក្សប្រឆាំង​ ដែលគេគិតថា ការចាប់និងការឃុំខ្លួនជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ ខ្ញុំយល់ថា សាលក្រមនេះនឹងអាចបន្តឱ្យមានការរិះគន់បន្ថែមទៀតទាក់ទងនឹងការផ្ដន្ទាទោសនេះ។ ហើយកន្លងមក យើងឃើញមានសហគមន៍ជាតិនិងអន្តរជាតិ ការចាប់និងឃុំខ្លួនកន្លងមកនេះ វាជាការ​ធ្វើទុក្ខបុកម្នេញមួយសម្រាប់អតីតគណបក្សប្រឆាំង»។​

គិតចាប់ពីខែមករា​ ឆ្នាំ២០២១មក អ្នកនយោបាយនិង​សកម្មជន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ រួមទាំង​យុវជ​នការពារ​បរិស្ថាន ប្រមាណ៤០នាក់ ត្រូវបាន​សមត្ថកិច្ច​​ចាប់​​ខ្លួនជាបន្តបន្ទាប់។ ​​ពួកគេទាំងនោះត្រូវរងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ» និង ​«ញុះញង់​បង្ក​ឱ្យ​មានភាព​វឹក​វរ​ធ្ងន់​ធ្ងរ​​ដល់​​​សន្តិសុខ​សង្គម» រួមទាំងបទចោទមួយចំនួនទៀតផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ