រយៈ​ពេល​តែ​២​ថ្ងៃ កម្ពុជា​​រក​ឃើញ​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី Delta ជាង១០០​នាក់​

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ កម្ពុជារកឃើញវីរុសកូវីដ-១៩បំប្លែងថ្មី B.1.617.2 (Delta) ចំនួន១០៩ករណី លើ​ពលករខ្មែរ​ដែលត្រឡប់មកពីប្រទេសថៃ​ និងការឆ្លងចូលសហគមន៍ ក្នុងនោះ នៅរាជធានី​ភ្នំពេញ រកឃើញ៥ករណី។

ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃចន្ទនេះ បានឱ្យដឹងថា គិត​ចាប់​​ពីថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ កម្ពុជាបានរកឃើញ​អ្នក​ឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ “ដែលតា” ចំនួន១០៩ករណី​ ដែលអ្នកជំងឺទាំងនោះជាពលករទើបនឹងត្រឡប់មកពីប្រទេសថៃ និងករណីឆ្លង​ចូល​សហ​គមន៍នៅ​ក្នុងរាជធានីនិងខេត្តចំនួន១០​ រួមមាន រាជធានីភ្នំពេញ ៥ករណី, ខេត្តកំពង់ចាម ២ករណី, បន្ទាយមានជ័យ ៧ករណី, បាត់ដំបង ៥ករណី, ឧត្តរមានជ័យ ៣៣ករណី, ប៉ៃលិន ២៩ករណី, សៀមរាប ២២ករណី, ត្បូងឃ្មុំ ២ករណី, ព្រៃវែង ២ករណី, និងខេត្តកំពង់ធំ ១ករណី។

ក្រសួងបន្តថា សម្រាប់នៅរាជធានីភ្នំពេញដែលបានរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មីចំនួន៥​ករណី​នោះ រួមមាន ការរកឃើញទៅលើពលករខ្មែរ​មកពីថៃដែល​នៅមណ្ឌលព្យាបាលសែនសុខចំនួន១ករណី ​ស្ត្រី​ម្នាក់​​ដែល​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យកាល់ម៉ែត្រ បុគ្គលិកផ្នែកអនាម័យម្នាក់​និងអ្នកជំងឺម្នាក់នៅមន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត និងអ្នកដំណើរបរទេសម្នាក់មកពីប្រទេសម៉ាឡេស៊ី។  

សេចក្តីជូនព័ត៌មានដដែល បាន​ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស បន្តប្រុងប្រយ័ត្នខ្ពស់និងការពារខ្លួន គោរពតាមការណែនាំរបស់ក្រសួង កុំទៅជួបជុំនៅកន្លែងមានមនុស្សអ៊ូអរច្រើន កន្លែងបិទជិត កុំទទួលទានបាយរួមគ្នា ឬបង្កឱ្យមានការជួបជុំក្នុងពិធីភ្ជាប់ពាក្យឬពិធីបុណ្យទានអ្វីមួយ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងបន្តគ្នា ខណៈការចម្លង​បច្ចុប្បន្ន​មាន​សន្ទុះកើនឡើងលើយុវវ័យដែលជាក្រុមដើរចល័តចេញក្រៅផ្ទះនិងជួបជុំមិត្តភក្តិ។

បើតាមក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងបាន​រកឃើញ​ករណីឆ្លងវីរុសបំប្លែងថ្មីនេះសរុបចំនួន២២៣ករណីហើយ។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានទេ នៅថ្ងៃចន្ទនេះ ។

អភិបាលរងខេត្ត និងជាអ្នកនាំពាក្យ​​ខេត្តសៀមរាប លោក លី សំរិទ្ធ មានប្រសាសន៍ថា បច្ចុប្បន្ន មន្ត្រីជំនាញបាននិង​កំពុង​អនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលឱ្យបិទខ្ទប់ការឆ្លងខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តនៃជំងឺកូវីដ-១៩បំប្លែងថ្មីនេះ។

លោកបញ្ជាក់​ថា៖ «យើងបានយកតំបន់ដែលមានហានិភ័យខ្ពស់ ដូចយើងបាននិយាយហើយ ដូចតំបន់បិទខ្ទប់នៅក្នុងក្រុង និងស្រុកសូត្រនិគម ដែលជាតំបន់ក្រហម តំបន់លឿងទុំ​នេះ [ក្រុមគ្រូពេទ្យ] បានរៀបចំធ្វើតេស្តនៅក្នុងសហគមន៍ យកតេស្តរ៉ាពីត [Rapid Test] ទៅធ្វើ ដើម្បីញែកអត្តសញ្ញាណអ្នកឆ្លង អ្នកមិនឆ្លង ដើម្បីងាយស្រួលកុំឱ្យចម្លងបន្តទៀត»។

អ្នកនាំពាក្យ​រដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី មានប្រសាសន៍ថា គិតមកដល់​ចុងខែកក្កដានេះ នៅក្នុងខេត្ត​មានពលករត្រឡប់មកពីប្រទេសថៃបានឆ្លងជំងឺកូវីដ-១៩បំប្លែងថ្មី B.1.617.2 (Delta) ជាង១០នាក់ ខណៈអ្នកជំងឺបំប្លែងថ្មី និងអ្នកពាក់ព័ន្ធ ត្រូវដាក់ឱ្យព្យាបាលនិងធ្វើចត្តាឡីស័ក​​នៅមណ្ឌលដាច់ដោយឡែកពីអ្នកឆ្លង​ជំងឺកូវីដ-១៩ធម្មតា។

ទោះជាបែបនេះក្តី លោកស្រី​​​ថា គិតត្រឹមថ្ងៃទី២ ខែសីហានេះ មិនមានមេរោគបំប្លែងថ្មីឆ្លងបន្តទៀតនោះទេ ដោយ​សារតែរដ្ឋាភិបាលសម្រេចបិទព្រំដែនមិនឱ្យពលករឆ្លងកាត់។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ក្រុមការងារជំនាញបានសហការជាមួយមន្ត្រីពាក់ព័ន្ធចុះអប់រំនិង​ណែនាំដល់ពលរដ្ឋ ជាពិសេសនៅតាមជាយដែន ត្រូវចេះអនាម័យនិងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំឱ្យមានជំងឺកូវីដ-១៩ឆ្លងក្នុងសហគមន៍បន្តទៀត។

លោកស្រីមានប្រសាសន៍ថា៖ «យើងត្រូវធ្វើការអប់រំគាត់ ធ្វើការផ្សព្វផ្សាយពីបញ្ហាទាំងអស់ហ្នឹង ឱ្យពួកគាត់បានយល់ដឹង ដើម្បី “៣កុំ ៣ការពារ” ដើម្បីទប់ស្កាត់កុំឱ្យឆ្លងរាលដាលបន្តទៀត»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះពីអភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង បានទេ។

ប៉ុន្តែបើតាម​​សេចក្តីសម្រេចមួយ​​របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ គឺអាជ្ញាធរបាន​សម្រេចបិទ​ខ្ទប់​ច្រកចូល​ផ្លូវ​មួយ​ចំនួន​ក្នុង​ភូមិ​៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក និងហាមការ​ជួបជុំឬប្រមូលផ្តុំមនុស្ស ក្រោយ​ពីបាន​រក​ឃើញករណីឆ្លង​វីរុស​បំប្លែងខ្លួនថ្មីប្រភេទ “ដែលតា (Delta)” នៅទីនោះ។

រដ្ឋបាលរាជធានីភ្នំពេញបន្តថា ការបិទខ្ទប់នេះនឹងធ្វើ​ឡើង​​រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ​ ថ្ងៃទី៣ ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនូវវីរុសបំប្លែងថ្មីនេះនៅក្នុងសហគមន៍។

ចំណែកការចេញ-ចូលដោយមូលហេតុសុខភាពបន្ទាន់ ឬការចេញ-ចូលដើម្បីផ្តល់វត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ឬការវិលត្រឡប់ទៅលំនៅឋានឬទីសំណាក់របស់ខ្លួនរបស់បុគ្គល ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យឬកន្លែងសម្រាកព្យាបាលចូលក្នុងទីតាំងបិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ត្រូវមានការសម្របសម្រួល​ពីអាជ្ញាធរមានសមត្ថកិច្ច។

សេចក្តីសម្រេចនោះបញ្ជាក់ទៀតថា​ ការចេញ-ចូលនិងការជួបជុំរបស់បុគ្គលិកសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុវត្តវិធានការសុខាភិបាលក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ”ដែលតា (Delta)” នៅក្នុងសហគមន៍ ឬការចេញ-ចូលនិងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្គត់ផ្គង់គ្រឿងឧបភោគ-បរិភោគចាំបាច់ក្នុងអំឡុងពេលបិទខ្ទប់ ឬការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ មិនត្រូវបានហាមឃាត់ទេ ប៉ុន្តែត្រូវអនុវត្តតាមវិធានការសុខាភិបាល។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា មួយរយៈកាលចុងក្រោយនេះ ជំងឺកូវីដ-១៩បំប្លែងថ្មី បានឆ្លងចូលកម្ពុជាជាបន្តបន្ទាប់។ ករណីនេះ លោកថា បើពលរដ្ឋនិងអាជ្ញាធរ​ពាក់​ព័ន្ធ​មិន​រឹត​បន្តឹងនៅតាម​ច្រក​ចេញចូល​ព្រំដែន ឬមិនសហការគ្នាចូលរួមទប់ស្កាត់ទេ នឹងធ្វើឱ្យមាន​ហានិភ័យ​កាន់​តែ​ខ្លាំង ហើយធ្វើឱ្យរដ្ឋាភិបាលពិបាកក្នុងការគ្រប់គ្រង។

លោកមានប្រសាសន៍ថា៖ «ត្រូវគ្រប់គ្រងច្រកព្រំដែនឱ្យបានតឹងរ៉ឹង ហើយត្រូវធានាមិនឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជា ដោយគ្មានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់អាជ្ញាធរ។ ហើយជាពិសេស មន្ត្រីដែលគ្រប់គ្រងមណ្ឌលចត្តាឡីស័ក គួរតែមានការប្រុងប្រយ័ត្នខ្ពស់ដែរ ដើម្បីកុំឱ្យមានការចម្លងជាយថាហេតុណាមួយ​មកដល់រូបគាត់។ កាលណាឆ្លងដល់មន្ត្រីដែលគ្រប់គ្រងមណ្ឌលចត្តាឡីស័ក វាអាចឆ្លងដល់សហគមន៍ ដល់ប្រពន្ធកូនសាច់ញាតិ​គាត់ គឺជារឿងមួយដែលបង្កមហន្តរាយដល់សហគមន៍។»

គួរបញ្ជាក់ថា កាលពីចុងខែកក្កដា រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​ រួមមាន​ ខេត្តបាត់ដំបង​ ប៉ៃលិន ​បន្ទាយមានជ័យ​ សៀមរាប​ ឧត្តរមានជ័យ​ និងខេត្តព្រះវិហារ​ រយៈពេល១៤​ថ្ងៃ ចាប់ពីថ្ងៃទី២៩​ ខែកក្កដា រហូត​ដល់ថ្ងៃទី១២​ ខែសីហា ដើម្បី​ទប់ស្កាត់​ការនាំចូល​មេរោគ​កូវីដ-១៩​បំប្លែងថ្មីប្រភេទ​”ដែលតា” ​ចូលទៅ​ក្នុងសហគមន៍​ បន្ទាប់​ពី​មានការកើនឡើង​ចំនួន​អ្នកឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​នេះជាបន្តបន្ទាប់​។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០២១នេះ កម្ពុជា​បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៧៨ ៤៧៤​នាក់ ក្នុងនោះ មានអ្នកស្លាប់១ ៤២០នាក់ អ្នកជំងឺព្យាបាលជាសះស្បើយ​​ចំនួន៧១ ៥១៧​នាក់ ខណៈ​ករណីនាំចូលពីក្រៅប្រទេសចំនួន១០ ៩៧១នាក់ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ