គណបក្សភ្លើងទៀនអាចនឹងមិនចូលរួមបោះឆ្នោតឃុំសង្កាត់ឡើយ បើស្ថានភាពនយោបាយដូចសព្វថ្ងៃ

គណបក្សភ្លើងទៀន អតីតគណបក្សសមរង្ស៊ី

គណបក្ស​ភ្លើងទៀន ដែល​គេ​ស្គាល់​ថា ជា​អតីត​គណបក្ស​សមរង្ស៊ី ​មិនទាន់​សម្រេច​ចិត្ត​ពេញ​លេញ​ ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ ប្រឹក្សាឃុំសង្កាត់​ ដែល​នឹង​ប្រព្រឹត្ត​ទៅក្នុង​ឆ្នាំ២០២២ ខាងមុខ​នៅ​ឡើយ​ទេ ដោយ​ត្រូវរង់ចាំមើល​ស្ថានភាព​នយោបាយ​ជាមុន​សិន។

ប្រធាន​គណបក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល បាន​ប្រាប់វីអូឌី នៅព្រឹកថ្ងៃទី២ សីហា ម្សិលមិញនេះថា មកដល់​ពេល​នេះ គណបក្ស​នៅមិនទាន់​មាន​ជំហរ​ច្បាស់លាស់​ ក្នុងការ​ចូលរួមការ​បោះឆ្នោត ​ជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់​ដែល​នឹង​រៀបចំ​ឡើង​នៅក្នុង​ឆ្នាំ២០២២​ ខាងមុខ​ទៀត​នេះនៅ​ឡើយ​ទេ។ លោក​បន្ត​ថា ការ​សម្រេច​ចូលរួម​ឬ​មិនមិន​ចូលរួម​ នឹង​ដឹង​នៅក្រោយ​សមាជ​គណបក្ស  ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ ​នៅថ្ងៃទី២២​ ខែសីហា ខាងមុខនេះ។ បើតាមលោក ទាវ វណ្ណុល ប្រសិនបើបរិយាកាសនយោបាយនៅតែមានការរឹតត្បិតលំហប្រជាធិបតេយ្យនៅតែមានបញ្ហា ហើយសកម្មភាពនយោបាយនៅតែមិនទាន់ត្រូវបានបើកទូលាយ ដូចសព្វថ្ងៃនេះទេ គណបក្សភ្លើងទៀន នឹងពិចារណាមិនចូលរួមក្នុងការបោះឆ្នោតនេះឡើយ។

លោកបន្តថា៖ «យើងនឹងពិភាក្សា  ក្រោយពេលដែលយើង  នឹងជ្រើសរើស និងផ្លាស់ប្តូរគ  ណៈកម្មការនាយក និងគណៈកម្មការអចិន្រ្តៃយ៍ហើយ។ យើងនឹងពិភាក្សាថា តើយើងនឹងចូលរួមបោះឆ្នោតឃុំសង្កាត់ ឬមួយក៏អត់ គឺយើងនឹងជជែកគ្នានៅពេលនោះ។ ហើយយើង នឹងសិក្សានូវលំហរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ថាតើលំហរលទ្ធិប្រជាធិបតេយ្យហ្នឹងឯង វាមានការទូលំទូលាយសមល្មមអាចឱ្យយើងចូលរួមបានឬក៏អត់ គឺយើងនឹងជជែកគ្នានៅ  ពេលមានគណៈកម្មការនាយកហើយនិងគណៈកម្មការអចិន្រ្តៃយ៏ថ្មី»

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញកាលពីចុងខែ កក្កដា ឆ្នាំ២០២១នេះ អតីតគណបក្សប្រឆាំងមួយនេះនឹងរៀបចំសមាជសាមញ្ញគណបក្ស ដែលគ្រោង  នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែសីហាខាងមុខនេះ។

សមាជគណបក្សនេះ នឹងពិភាក្សាទៅលើការធ្វើវិសោធនកម្ម ប្រការមួយចំនួននៃលក្ខន្តិកៈ  គណបក្ស និងរៀបចំជ្រើសរើសថ្នាក់ដឹកនាំគណបក្ស សម្រាប់អាណត្តិថ្មីព្រមទាំងកំណត់  យុទ្ធសាស្រ្ត នយោបាយរបស់គណបក្សផង។

គណបក្សភ្លើងទៀន ដែលមានដើមកំណើតមកពីណបក្ស សម រង្ស៊ីនោះ មិនបានចូលរួមការបោះឆ្នោតអស់ជាច្រើនអាណត្តិមកហើយ នៅបន្ទាប់ពីគណបក្សនេះបានរួបរួមគ្នាជា  មួយគណបក្សសិទ្ធិមនុស្សដោយបង្កើតបានជាគណបក្សសង្រ្គោះជាតិកាលពីខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីលប្រទេសហ្វីលីន។

នៅក្នុងសមាជវិសាមញ្ញ កាលពីឆ្នាំ ២០១៧ គណបក្ស សម រង្ស៊ី បានបង្ខំចិត្តប្តូរឈ្មោះទៅជា គណបក្សភ្លើងទៀន ដោយសារច្បាប់ ស្តីពី គណបក្សនយោបាយ មិនតម្រូវឱ្យដាក់ឈ្មោះបុគ្គល ធ្វើជាឈ្មោះគណបក្សនយោបាយទៀតឡើយ។

គណបក្សភ្លើងទៀន ធ្លាប់គ្រប់គ្រងអាសនៈនៅក្នុងព្រឹទ្ធសភាចំនួន១១អាសនៈ រហូតដល់ការបោះឆ្នោត ព្រឹទ្ធសភាអាណត្តិថ្មីកាលពីឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ