សាលា​ឧទ្ធរណ៍​មិន​អនុញ្ញាត​ឱ្យ​កុមារ​ កាក់​ សុវណ្ណច្ឆ័យ​ បាន​នៅ​ក្រៅ​ឃុំ

អ្នកស្រី ព្រំ ចាន់ថា ត្រូវជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង និងត្រូវជាម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ តវ៉ានៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សាលាឧទ្ធរណ៍បានបដិសេធបណ្ដឹង​សុំនៅក្រៅឃុំរបស់មេធាវីការពារ​ក្ដី​ឱ្យកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាកូនប្រុសអតីតមន្ត្រីគណបក្សសង្រ្គោះជាតិ ​បច្ចុប្បន្នកំពុងជាប់ពន្ធនាគារព្រៃស។

កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោយមក តុលាការបានសម្រេចឃុំខ្លួនកុមាររូបនេះនៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន ដោយ​ចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» បន្ទាប់ពីកុមាររូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។ 

មេធាវីការពារក្ដីឱ្យកុមារ កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ចៅក្រមសាលាឧទ្ធរណ៍ លោក ឌុច សុខសារិន សម្រេចមិនអនុញ្ញាតឱ្យកូនក្ដីរបស់លោកបាន​នៅក្រៅឃុំបណ្ដោះអាសន្នឡើយ ក្រោមហេតុផលថា បើសិនជាឱ្យនៅក្រៅឃុំនោះ កូនក្ដីរបស់លោកនឹងបង្ហោះសារតាមប្រព័ន្ធតេឡេក្រាម និងមានបទល្មើសថ្មី​ផ្សេងទៀត។

លោកបន្តថា៖ «ចំពោះការសម្រេចរបស់ចៅក្រមសាលាឧទ្ធរណ៍ដែលមិនអនុញ្ញាតឱ្យកូនក្ដីនៅក្រៅឃុំនោះ ​មេធាវីការពារក្ដីយល់ឃើញថា មិនទាន់មានភាពយុត្តិធម៌ ​មិនអាចទទួលបានទេ ចំពោះសេចក្ដីសម្រេចនេះ។ ហើយមេធាវីការពារបានពិគ្រោះជាមួយម្ដាយកុមារ កាក់ សុវណ្ណច្ឆ័យ ​ហ្នឹង ហើយគាត់បានឱ្យមេធាវីជួយធ្វើបណ្ដឹងសារទុក្ខ​ទៅតុលាការកំពូល ដើម្បីឱ្យពិនិត្យសាលដីកា[សាលាឧទ្ធរណ៍]ហ្នឹង»។

ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ និងជាភរិយាលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបក្សប្រឆាំង គឺអ្នកស្រី ព្រំ ចាន់ថា ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ថា ជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានសម្រាប់គ្រួសាររបស់គាត់។ 

ក្រៅពីការ​មិនអនុញ្ញាតឱ្យនៅក្រៅឃុំហើយ អ្នកស្រីថា សាលាឧទ្ធរណ៍ក៏មិនបានដឹកកូនប្រុសរបស់គាត់មកចូលរួមសវនាការដែរ ក្រោមហេតុផលថា ជំងឺកូវីដ-១៩កំពុងរាលដាល ប៉ុន្តែអ្នកស្រីចាត់ទុកហេតុផលនេះគ្រាន់តែជាលេសប៉ុណ្ណោះ  ខណៈដែលអ្នកស្រីសង្កេតឃើញថា អ្នកជាប់ឃុំផ្សេងៗទៀតត្រូវបានតុលាការដឹកមកចូលសវនាការបាន។ 

អ្នកស្រី ព្រំ ចាន់ថា បន្តថា បើសិនជាតុលាការនៅតែមិនដោះស្រាយករណីកូននិងគ្រួសាររបស់គាត់ ព្រមទាំងអ្នកផ្សេងទៀតឱ្យមានសេរីភាពវិញទេ ពួកគាត់នៅតែនាំគ្នា​តវ៉ាបន្តទៀត ទោះបីជាត្រូវទទួលរងការគំរាមកំហែងនិងរុញច្រានពីសំណាក់សមត្ថកិច្ចក៏ដោយ។

អ្នកស្រីថា៖ «ខ្ញុំសំណូមពរដល់រដ្ឋាភិបាលឱ្យលោកពិចារណាឡើងវិញ​ ដោយសារ​​គាត់ជាក្មេង ហើយគាត់មិនទាន់គ្រប់អាយុ​​។ ទី១ ប្ដីខ្ញុំក៏ជាប់ [ឃុំ] កូនខ្ញុំជាប់ពន្ធនាគារ ហើយឱ្យគាត់ ដូចថា បើតុលាការសុក្រឹត្យ​និងឯករាជ្យ និងរដ្ឋាភិបាលដឹកនាំបានល្អ ​លោកគួរតែដោះលែងកូនខ្ញុំឱ្យមានសេរីភាពឡើងវិញ។ ហើយ​រឿងក្រុមគ្រួសារពួកខ្ញុំ ទម្លាក់ការចោទប្រកាន់ទៅ ព្រោះពួកគាត់គ្មានកំហុសអីទេ​ សុទ្ធតែពាក់ព័ន្ធនឹងរឿងនយោបាយ»។​ ​

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា តុលាការគួរតែពិចារណាឡើងវិញចំពោះការបន្តឃុំខ្លួនកុមារា​ កាក់ សុវណ្ណច្ឆ័យ នៅពន្ធនាគារ ដោយសារ​កុមាររូបនេះមានជំងឺ​និងកំពុងស្ថិតនៅក្នុងការសិក្សា ម៉្យាងដើម្បីជួយកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារដែរ ស្របពេលកម្ពុជាកំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំង។

លើសពីនេះ លោកស្រីសង្កេតឃើញថា តុលាការតែងជ្រើសយកវិធានការឃុំខ្លួនបណ្ដោះ​អាសន្ន​លើសកម្មជន បើទោះបីជាពួកគេអះអាងថា នឹងបន្តសហការចូលរួមគ្រប់សវនាការក៏ដោយ ប៉ុន្តែនៅតែមិនអនុញ្ញាតឱ្យពួកគេបាននៅក្រៅឃុំឡើយ។ ករណីនេះ លោកស្រីថា ផ្ទុយពីបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិតែម្តង។

លោកស្រីថា៖ «ចំពោះក្រុមគ្រួសារនេះ ​​យើងមើលទៅ ឪពុកគាត់ជាប់ចោទ ​ហើយស្ថិតនៅក្នុងការឃុំខ្លួន​ ហើយម្ដាយរបស់ខ្លួនតែងតែសកម្ម​ចេញមុខក្នុងការតវ៉ា​ជាមួយនឹងស្ត្រីផ្សេងទៀត ​ដែលគេហៅថា “ក្រុមស្រ្តីថ្ងៃសុក្រ” ដែលយើងឃើញហើយ ជាញឹកញយ ពួកគាត់តែងតែរងការគំរាមកំហែង​និងការយាយីពីអាជ្ញាធរ ​នៅពេលដែលគាត់តវ៉ា ហើយករណីខ្លះមានការប្រើហិង្សា​អីជាដើមទៀត។ អ៊ីចឹង យើងមើលទៅ ក៏អាចជាសញ្ញាការគំរាមកំហែងទៅដល់ស្ត្រី​ដែលជាម្ដាយ ហើយនឹងសកម្មជនផ្សេងៗទៀតដែលហ៊ានចេញមុខតវ៉ា»។

លោកស្រី ចក់ សុភាព បន្ថែមថា នៅពេលដែលមានការចាប់ខ្លួននិងចោទប្រកាន់បែបនេះ ​មិនមែនត្រឹមតែជាការគំរាមកំហែងដល់បុគ្គលឬសាច់ញាតិ​ប៉ុណ្ណោះទេ​ ប៉ុន្តែគឺជាគំរាមកំហែង​ដល់សង្គមទូទៅផងដែរ។  ​

​កុមារ​ កាក់ សុវណ្ណច្ឆ័យ មានវ័យ១៦ឆ្នាំ ត្រូវបានគ្រួសារអះអាងថា មានជំងឺអូទីហ្សឹមប្រចាំកាយ ធ្លាប់​​ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងរួចមកហើយកាល​ពី​ខែតុលា ​ឆ្នាំ២០២០ ពីបទ ​«ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដោយ​​បំពានលើបម្រាម​តុលាការ។ ប៉ុន្តែកុមារ​រូបនោះត្រូវ​បានសមត្ថកិច្ច​ដោះលែងវិញ ក្រោយ​​សាកសួរ​អស់រយៈពេល​៤៨ម៉ោង។ 

ក្រោយពីសមត្ថកិច្ចដោះលែងរួច ប៉ុន្មានខែក្រោយ​មក កុមារ​ កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិន​ស្គាល់​មុខ​លួច​វាយពីក្រោយ បណ្តាលឱ្យបែកក្បាលដេរ២០ថ្នេរ ប៉ុន្តែជាច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសនៅឡើយទ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ