អ្នក​ជំនាញ​ថា​ ការ​ប្រើ​វ៉ាក់សាំង​ដូស​ទី​៣​​ឆ្លាស់​គ្នា​មិន​ទាន់​មាន​ការ​ណែ​នាំ​ពី​អង្គការ​​សុខភាព​ពិភព​លោក

គ្រូពេទ្យជំនាញចាក់វ៉ាក់សាំងប្រភេទ អាស្ត្រាហ្សេណិកា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើង នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំនាញខាងមេរោគវិទ្យា លើកឡើងថា ការប្រើប្រាស់វ៉ាក់សាំងដូសទី៣របស់ក្រុមហ៊ុនមួយ ទៅចាក់ឱ្យអ្នកដែលបានចាក់​វ៉ាក់សាំង២ដូស​របស់​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត ដើម្បីជំរុញ​ប្រព័ន្ធការ​ពារ​រាង​កាយប្រ​ឆាំងនឹងវីរុស​កូវីដ-១៩ និងវីរុស​បំប្លែងខ្លួនថ្មី មិ​ន​ទាន់មានការណែនាំពីអង្គការសុខភាពពិភពលោកនៅឡើយ។

ការលើកឡើងនេះ ឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែលទើបប្រកាស​ឱ្យប្រើវ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសលើកទី៣ ដល់ក្រុម​គ្រូពេទ្យនិង​អាជ្ញាធរ​ជួរ​មុខ ហើយ​បញ្ជាទិញ​បន្ថែមសម្រាប់ចាក់ដល់ពលរដ្ឋ ដើម្បីប​ង្កើ​នសមត្ថភាព​លើ​​ប្រព័ន្ធភាព​ផ្សាំក្នុ​ងរាងកាយ​របស់មនុស្ស​ទប់ទល់នឹងមេរោគបំប្លែងថ្មី“ដែលតា”

អ្នកជំនាញខាង​​មេរោគវិទ្យាមួយរូប​មកពីសាកលវិទ្យាល័យ ជូឡាឡុងកន ប្រទេសថៃ លោក សោមពុង វង់​ពុនសាវ៉ាត (Sompong Vongpunsawad) ប្រាប់ វីអូឌី តាមសារអេឡិចត្រូនិច នៅ​​ថ្ងៃ​ទី២ ខែសីហា ម្សិលមិញ​ថា លោក​មិនទាន់ឃើញមានការណែ​នាំណាមួយពីអង្គការសុ​ខ​ភាពពិភពលោក​ប្រាប់ទៅដល់រដ្ឋាភិបាលនៃប្រទេសនានា ឱ្យប្រើវ៉ាក់សាំងដូសទី៣​របស់​ក្រុម​ហ៊ុន​មួយចាក់​ឆ្លាស់គ្នាជាមួយវ៉ាក់សាំង២ដូសរបស់ក្រុមហ៊ុនមួយផ្សេងទៀត​ ដើម្បីប្រឆាំងនឹងមេរោគបំប្លែងថ្មីឈ្មោះ“ដែលតា“នោះទេ។ 

តែយ៉ាងណា​ លោកក៏មិនទាន់ឃើញការសិក្សាឬទិន្នន័យវិទ្យាសាស្រ្តពេញលេញណាមួយដែល​បង្ហាញពីផលប៉ះពាល់សុខភា​​​​ពដែលបណ្តាលមកពីការចាក់វ៉ាក់សាំងដូសជំរុញ​ ឬ​ដូស​ទី៣​​នៅ​ឡើយដែរ ប៉ុន្តែលោកជឿថា ផលរំខានសុខភាពអាស្រ័យលើវ៉ាក់សាំ​ងដូ​​​សទី៣ ដូចជា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលធ្លាប់មានបញ្ហាកំណកឈាម តែ​វាជាករណីកម្រ។

ឆ្លើយតប​នឹង​សំណួរថា ​​តើការចាក់ដូសទី៣នេះអាច​ជំរុញប្រព័ន្ធភាពផ្សាំ​ក្នុងរាងកាយមនុស្សប្រឆាំង​​នឹ​​ងមេរោគបំប្លែងខ្លួនថ្មីដែរឬទេ?​ លោកថា លោកក៏មិនទាន់ដឹងប្រាកដនៅឡើយ។ 

លោក វង់ពុនសាវ៉ាត និយាយថា៖ «ទោះយ៉ាងណាក៏ដោយ យើងគិតថា ចំណុចអាទិភាពគួរតែគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាទទួលបានការចាក់វ៉ាក់សាំងពេញលេញជាមុនសិន មិនថាចាក់រួចទាំង២លើក​ជាមួយ​វ៉ាក់​សាំង Sinovac [ឬ] Sinopharm ឬ Astra Zeneca នោះទេ»។

យ៉ាងណាក៏ដោយ អ្នកជំនាញខាងគ្លីនិករោគវិទ្យារូបនេះ លើកឡើងថា រដ្ឋាភិបាលនៃប្រទេសអាស៊ានមួយចំនួនដូចជា ថៃ និងឥណ្ឌូនេស៊ី គ្រោងនឹងប្រើវ៉ាក់សាំង Moderna ឬ​ Pfizer ឬ AstraZeneca សម្រាប់ជាដូសជំរុញចាក់លើក្រុមបុគ្គលិកសុខាភិបា​លនិងគ្រូពេទ្យជួរមុខនៅ​ក្នុង​​ប្រទេស​របស់ពួកគេដែលបា​​​នចាក់វ៉ាក់សាំង Sinovac ឬ Sinopharm រួចទាំង២លើកដែរ​។

លោកបន្ថែមថា៖ «ប្រទេសថៃដែលទើបទទួលបានជំនួយវ៉ាក់សាំង​ Pfizer កាលពីខែមុន កំពុងគ្រោងផ្តល់ដូសជំរុញទី៣ ដល់ក្រុមការងារសុខាភិបាលជួរមុខ​ដែលពីមុនបានទទួលវ៉ាក់សាំង Sinovac ចំនួន២ដូសរួច។ ភាពចម្រូងចម្រាស ប្រាកដណាស់ ថាតើមនុស្សប៉ុន្មាននាក់ដែលមិនទាន់បានចាក់សូម្បីតែ១ដូស»។

នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន បានសម្រេចប្រើវ៉ាក់សាំង​ជំនួយ​ពី​រដ្ឋាភិបាល​អង់​គ្លេសនិង​ជប៉ុន​ឈ្មោះ AstraZeneca ប្រមាណជាង១លានដូសចាក់​បន្ថែម​ដល់​បុគ្គលិកពេទ្យ និងកងកម្លាំងអាជ្ញាធរនៅតាមព្រំដែន និងក្រុមជួរមុខទាំងអស់ ដែលមា​នពី៥សែនទៅ១លាននាក់។ 

ការសម្រេចនេះត្រូវបានលោកប្រកាសឱ្យដឹងនៅ​ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ក្មេងជំទង់​អាយុចាប់ពី១២ឆ្នាំ​ដល់១៧ឆ្នាំ កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណង​ដើម្បីបង្កើន​ភាពផ្សាំក្នុងរាង​កាយមនុស្សតទល់នឹងការវាយប្រហារនៃមេរោគបំប្លែងខ្លួនថ្មី”ដែលតា”ដែលមានកម្រិតចម្លងនិងហានិភ័យខ្ពស់។ 

ក្នុងឱកាសនោះ លោកក៏បានស្នើឱ្យក្រសួងពាក់ព័ន្ធបញ្ជាទិញវ៉ាក់សាំង AstraZeneca ដើម្បីបម្រុងទុកចាក់ដល់ពលរដ្ឋនៅទូទាំងប្រទេសដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ចំនួន៩លាន​នាក់ បន្ទាប់ពីពួកគេចាក់វ៉ាក់សាំង Sinovac ឬ Sinopharm ចំនួន២លើករួចមក​​ហើយ ខណៈ​អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ចំនួន២លើករួច នឹងអាចចាក់វ៉ាក់សាំង Sinovac ឬ Sinopharm នៅដូសទី៣។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «គេហាម​ឆ្លាស់​ដូស​ទី១​ម៉ាក​នេះ ដូសទី២​ម៉ាក​នេះ។ ប៉ុន្តែ​ចាប់​ពី​ដូស​ទី​៣​ទៅ គេ​អាច​ឱ្យ​ដូស​ផ្សេង អ៊ីចឹ​ង​គេ​បាន​សិក្សា​ហើយ។ ក្រុមគ្រូពេទ្យ​របស់​យើង​ក៏មាន​ថ្នាក់​អ្នកឯកទេស​ធ្វើ​ការសិក្សាថា ដូសទី៣ ដូចជា​យក​ AstraZeneca វាមាន​ គេហៅថា​ បង្កើត​​អង្គបដិបក្ខ វា​បាន​ច្រើន​ជាង​អាវ៉ាក់សាំង​ដដែល»។ 

លោកបន្ថែមថា៖ «យើងត្រូវចំណាយថវិកាបន្ថែមទៀត ព្រោះដើម្បីកុំឱ្យយើងចាក់អា២ដូ​ស​ទៅហើយ ព្រោះនៅពេលណាមួយប្រសិទ្ធភាពរបស់វាថយ។ អ៊ីចឹងបើវាថយ យើង​យកអាដូស​ជំរុញវាឱ្យកើនឡើងថែមទៀត ព្រោះនៅពេលណាមួយវាថយចុះតិចៗៗ អ៊ីចឹងមានអាដូស​ជំរុញ​ទី៣»។

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា អ្នកស្រី Li Ailan និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង់ សេងវិសុទ្ធ ដើ​ម្បីសា​កសួ​របន្ថែមជុំវិញប្រសិទ្ធភាពវ៉ាក់សាំងដូសទី៣ និងការបញ្ជាទិញវ៉ាក់សាំង AstraZeneca បានទេ នៅថ្ងៃអង្គារ​នេះ។

យ៉ាងណា អ្នកនាំពាក្យក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac លោក Liu Peicheng បានប្រាប់សារព័ត៌មាន Reuter នៅចុងខែមិថុនា ដោយផ្អែកលើលទ្ធផលវិភាគសំណាកឈាម បង្ហាញ​ថា មេរោគ​“ដែលតា“អាចបន្សាបឥទ្ធិពលប្រព័ន្ធភាពផ្សាំក្នុងរា​ង​កាយអ្ន​កដែលបា​ន​ចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចំនួន៣ដង។ ប្រភពដដែលអះអាង​ថា ការចាក់ដូសជំរុញទី៣ នឹងអាចជួយដាស់អង្គប​ដិបក្ខក្នុងរាងកាយមនុស្សឱ្យឆាប់ខ្លាំងនិងរឹងមាំឡើងបានយូរប្រឆាំងនឹងមេរោគបំប្លែងថ្មី។ 

កាលពីសប្តាហ៍មុននេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញមេរោគបំប្លែងថ្មីប្រភេទ B.1.167.2 ឬ “ដែលតា”​ ចំនួន១​០​៩ករណី​បន្ថែមទៀត ដោយរកឃើញនៅ១១រាជធានី-ខេត្ត ហើយភាគច្រើនពាក់ព័ន្ធនឹងពលករត្រឡប់មកពីប្រទេសថៃ។ ការរកឃើ​ញ​ថ្មីនេះបានធ្វើ​ឱ្យតួលេខឆ្លងសរុបមាន២៦២ករណី ដោយគិតរាប់ចាប់ពីករណីរកឃើញដំបូងនៅចុងខែមីនាឆ្នាំ២០​២​១ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១​។

គិតមកដល់ថ្ងៃ​ទី៣ ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាជន​ចាប់ពីអាយុ១៨​​ឆ្នាំ​​​ឡើង​​​ទៅ បាន​ជាង៧លាន​​នាក់​​​ហើយ ក្នុង​​ចំ​​ណោមចំនួនគោលដៅសរុបប្រមាណ១០លាននាក់នៅ​​​ទូទាំងប្រទេស ដែលគ្រោងនឹងត្រូវបញ្ចប់នៅត្រឹមខែ​មិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ