គ្រឹះស្ថាន​អប់រំ​ចាប់​ពី​អនុ​វិទ្យា​ល័យ​ឡើង​ អាច​នឹង​បើក​ឱ្យ​ចូលរៀន​ឡើង​វិញ​នៅ​ខែ​កញ្ញា​ឬ​តុលា

វិទ្យាល័យទួលស្វាយព្រៃ នៅសង្កាត់បឹងកេងកង រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាសថា បេសកកម្មចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ​ដល់១៧ឆ្នាំ គឺជាវិធានការ​មួយដើម្បីត្រៀមក្នុងការបើកសាលារៀនឡើងវិញ​នៅខែកញ្ញាឬតុលាខាងមុខ។

ថ្លែងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារនិងយុវវ័យ នៅវិមានសន្តិភាព នាព្រឹក​ថ្ងៃទី១ ខែ​សីហា ឆ្នាំ​២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កុមារនិងយុវជនគឺជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងជាតិ ដែលត្រូវគិតគូរជាចម្បង។ លោក​បន្តថា ដោយសារចាប់​តាំងពី​កម្ពុជាមានវិបត្តិ​កូវីដ-១៩​មក ​បាន​បណ្តាលឱ្យប៉ះពាល់ដល់គុណភាពអប់រំនិងការសិក្សារបស់សិស្សជាខ្លាំង។

លោកបន្ថែមថា ទោះបីកន្លងមក សិស្សានុសិស្ស​បាន​បង្វែរទៅ​​រៀនតាមប្រព័ន្ធអនឡាញឬឧបករណ៍ផ្សេង​ៗ​ក៏ដោយ ប៉ុន្តែសិស្សហាក់ខ្វះការយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ហើយផលដែលទទួលបានក៏មិនសូវល្អដូចរៀន​នៅក្នុងសាលាឡើយ។ ករណីនេះ ​លោកថា ជាគោលដៅនិងជាការគិតគូរ គ្រឹះស្ថាននានាត្រៀមរៀបចំបើកសាលារៀនវិញដើម្បីបន្តពង្រឹងគុណភាពការអប់រំ។

លោកមានប្រសាសន៍ថា៖ «យើងអាចបើកដំណើរការឡើងវិញ​នូវសាលារៀននិងគ្រឹះស្ថានអប់រំនានា។ យ៉ាងហោចណាស់ យើងអាចចាប់ផ្តើមបើកសាលាចាប់ពីអនុវិទ្យាល័យឡើង សម្រាប់បវេសនកាល ២០២១-២០២២ នៅខែកញ្ញាឬតុលាខាងមុខ»។

បើតាមលោកនាយករដ្ឋមន្ត្រី​​ ការបើក​សាលារៀនឡើងវិញនេះជាការចូលរួមកាត់​បន្ថយ​ផលប៉ះ​ពាល់​ដល់​ការ​អប់រំ​ចំពោះ​កុមារនិងយុវវ័យ ដោយពួកគេត្រូវការជាចាំបាច់ក្នុងការរៀនសូត្រក្នុងសាលានិងរៀនជាមួយ​​គ្រូផ្ទាល់។

គ្រឹះស្ថានអប់រំ​នានាទាំងរដ្ឋនិងឯកជនគ្រប់កម្រិត ត្រូវបានបិទដំណើរការដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចាប់តាំងពីថ្ងៃទី២០ ខែមីនាមក ដោយបង្វែរមករៀនតាមរយៈប្រព័ន្ធអនឡាញវិញ​ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្លូវដង្ហើមមួយនេះ។

ក្នុងរបាយការណ៍ដែលចេញផ្សាយលើទំព័រហ្វេសប៊ុកអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញថា ក្នុងឆ្នាំ២០២០ សិស្សជាង៣,២លាននាក់​នៅទូទាំងប្រទេសកម្ពុជាបានប៉ះពាល់ការសិក្សា បន្ទាប់ពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនបានបិទដំណើរការរយៈពេលជាង២០០​ថ្ងៃជាបណ្តោះអាសន្ន ដោយសារការរីករាលដាលជំងឺកូវីដ-១៩។

អង្គការសហប្រជាជាតិ ឱ្យដឹងទៀតថា ការប៉ះពាល់នេះបានជំរុញ​ឱ្យវិស័យ​អប់រំ​​មាន​​ការ​​ធ្លាក់​ចុះ​​យ៉ាង​​ខ្លាំង​​ក្នុង​ការអភិវឌ្ឍមនុស្ស (HDI) នៅកម្ពុជា ​សម្រាប់​ឆ្នាំ២០២០ ដោយ​ធ្លាក់​ចុះ​ជិត៤ភាគរយ ​(៣,៩៣%) បើប្រៀបធៀបពីឆ្នាំ២០១៩ ​ឬស្មើនឹងការលុបបំបាត់រាល់ការរីកចម្រើនលើវិស័យអប់រំដែលបានធ្វើក្នុងរយៈពេល៤ឆ្នាំកន្លងម​ក។

មួយវិញទៀត ការបិទទ្វារ​សាលា​រៀន​​យូរ​នេះបាន​ធ្វើឱ្យចំនួនកុមារ​ប្រឈម​នឹង​ការមិនវិលត្រឡប់ទៅសាលារៀនមា​នការកើនឡើង ជាពិសេស​សម្រាប់​កុមារ​មក​ពី​ក្រុម​ងាយ​រង​គ្រោះ ខណៈលទ្ធភាពនៃបើកសាលារៀននៅមិន​ទាន់​ដឹង​ពេលណាប្រាកដនៅឡើយ ព្រោះការរីករាលដាលជំងឺកូវីដ-១៩នៅតែបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ