ក្រសួង​ធ្វើ​​យុទ្ធនា​ការ​អប់រំ​​​​ពលរដ្ឋ​​​ក្រោម​​ប្រធាន​បទ​​ «រួមគ្នា​​ទទួល​ខុស​ត្រូវ​​ទប់​ស្កាត់​​ការ​ចម្លង​​វីរុស​​កូវីដ-១៩»

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងកូវីដ-១៩ ក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ក្រសួង​សុខាភិបាល​ផ្តើមអនុវត្ត​យុទ្ធ​នាការអប់រំ​ប្រជា​ពលរដ្ឋបន្ថែមទៀត ​ក្រោម​ប្រធានបទ «រួមគ្នាទទួលខុសត្រូវ​ទប់ស្កាត់​ការ​ចម្លងវីរុស​កូវីដ-១៩» ដើម្បីរួម​គ្នា​ទទួល​ខុសត្រូវ​ក្នុង​ស្មារតី​​សាមគ្គីភាព​ក្នុង​ការ​កាត់​ផ្ដាច់​ខ្សែ​ចម្លង​វីរុស​កូវីដ-១៩ ព្រមទាំង​រស់​នៅ​ជាមួយ​វីរុស​កូវីដ-១៩ទៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ឱ្យ​បាន​ត្រឹមត្រូវ។

សេចក្ដី​ជូនដំណឹង​នេះធ្វើឡើងដោយ​លោក​ ម៉ម​ ប៊ុនហេង​​ រដ្ឋ​មន្ត្រីក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈ​កម្មការ​អន្តរ​ក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​-១៩ ជំរុញ​​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល គ្រួសារ​ សហគមន៍ ស្ថាប័ន​​ពាក់​ព័ន្ធ ​ជា​ពិសេស​ សេវាឯកជន អាជ្ញាធរមូលដ្ឋាន ចុះ​កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២១នេះ។

លោក​ ម៉ម ប៊ុនហេង បាន​ថ្លែងក្នុង​សេចក្ដី​ជូនដំណឹង​ថា​ យុទ្ធ​នាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​វិធាន​ការ​ការពារ​ជំងឺ​កូវីដ​-១៩ បាន​ធ្វើ​ឡើង​ជា​ច្រើន​ក្នុ​ងមួយរយៈពេល​កន្លង​មក ប៉ុន្តែ​សកម្មភាព​ទាំងអស់​នោះ​មិន​ទាន់​គ្រប់​គ្រាន់នៅឡើយក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ស្ថាន​ភាព​នៃការ​ចម្លង​វីរុសកូវីដ-១៩នាបច្ចុប្បន្ន​នេះ។

លោក​បាន​បន្តថា​៖ «ដូច្នេះ​ការរៀបចំបន្ត​យុទ្ធនាការដែលមាន​លក្ខណៈ​ផ្ដោត​ចំពោះ និង​មាន​កិច្ចសហការ​រវាង​ភាគី​ពាក់ព័ន្ធទាំងអស់​ ដោយ​ល្អិតល្អន់​ និងសម្រុក​ក្នុង​ពេលតែ​មួយ​ចាប់​ពី​ពេលនេះតទៅ ​គឺមាន​សារៈ​សំខាន់​បំផុត ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ប្រជាជន​ក្នុង​ការ​រស់​នៅ​តាម​បែប​គន្លង​ថ្មី​ជាមួយ​វីរុសកូវីដ-១៩»។

ប្រភពដដែលបន្តថា ហេតុដូច្នេះ​ អនុគណៈ​កម្មការ​អប់រំ​ បណ្ដុះ​បណ្ដាល​ និង​ទំនាក់​ទំនង​សាធារណៈ​ នៃ​គណៈកម្មការអន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ក៏បាន​រៀបចំ​ជា​សេចក្ដីណែនាំ​ក្នុង​ការ​រៀប​ចំយុទ្ធ​នាការ​អប់រំ​ ផ្សព្វផ្សាយ​ និង​បណ្ដុះ​បណ្ដាល​ប្រជា​ពលរដ្ឋ​ ក្រោម​ប្រធានបទ​ «រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ-១៩» ក្នុង​ការ​រៀបចំអនុវត្ត​យុទ្ធនាការ​ថ្នាក់ជាតិនេះ​ឱ្យ​មាន​ប្រសិទ្ធភាព។

ជាមួយគ្នានេះ សេចក្ដីណែនាំ​នេះ​ជូន​ចំពោះ​ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដី អភិបាលនៃ​គណៈ​អភិបាលរាជធានី​-ខេត្ត​ ដើម្បីចូលរួម​ជំរុញ​យុទ្ធនាការ​ពញ្ញាក់​ស្មារតី​សាមគ្គីភាពនិង​ការ​ទទួលខុសត្រូវ​ពី​ភាគីពាក់ព័ន្ធ ក្រោម​សមត្ថកិច្ច​នៃ​ថ្នាក់​ក្រោម​ជាតិ​និង​បុគ្គល​គ្រប់​រូប​។

គួរបញ្ជាក់ផងដែរ គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២១នេះ កម្ពុជា​បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៧៩ ០៥១​នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន១ ៤៧១នាក់ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុប​ចំនួន៧២ ១៤៥​នាក់ ខណៈ​ករណីនាំចូលពីក្រៅប្រទេសសរុបមាន១១ ១៩៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ