សង្គម​ស៊ីវិល​ជំរុញ​​​ឱ្យ​បង្កើន​ការ​​គាំ​ទ្រ​​ដល់​​ការ​បំបៅ​​កូន​​ដោយ​​ទឹក​​ដោះ​​ម្តាយ​​​​ក្នុង​​បរិបទ​​កូវីដ-១៩

ស្ត្រីម្នាក់កំពុងបីកូនក្នុងរង្វង់ដៃ។ (ហ៊ុយ ឧស្សាហ៍)

ក្រុម​សម្ព័ន្ធអង្គការសង្គមស៊ីវិលដើម្បីអាហារូបត្ថម្ភកម្ពុជា អំពាវនាវ​ដល់គ្រួសារ សហគមន៍ រដ្ឋាភិបាល និងសង្គម​ទាំង​មូល​ រួមគ្នា​វិនិយោគនិងគាំទ្រការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ជាពិសេស​ក្នុង​បរិបទកូវីដ-១៩​ ដើម្បី​​ពិភ​​​ពលោក​​មួយ​​ដែល​​មាន​សុខភាពនិងនិរន្តរភាពជាងមុន។

ការអំពាវនាវនេះ ធ្វើ​ឡើង​នៅក្នុង​ «ទិវាសប្តាហ៍ពិភពលោកបំបៅកូន​ដោយ​ទឹក​ដោះ​ម្តាយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១» ដែល​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៧ ខែសីហា ក្រោម​ប្រធានបទ ​«យើង​ទាំង​អស់​រួម​គ្នាគាំពារ​និង​គាំទ្រ​ការបំបៅកូនដោយទឹកដោះម្តាយ» ដែលរៀបចំដោយ​​អង្គការ Helen Keller អង្គការ Alive & Thrive និងអង្គ​ការ​ទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ក្នុងភាពជាដៃគូជាមួយកម្មវិធីអាហារូបត្ថម្ភថ្នាក់ជា​តិ អង្គការ GIZ, MUSUFO, USAID, RTI និង អង្គការយូនីសេហ្វ។ ទិវានេះ​ត្រូវបានប្រារព្ធធ្វើឡើងនៅជាង១២០ប្រទេសទូទាំងពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយសម្រាប់ការរស់រាន សុខភាព និងសុខុមាលភាពរបស់ម្តាយនិងកូនៗ​របស់ពួកគាត់ ក៏ដូចជាប្រយោជន៍សម្រាប់សង្គមជាតិទាំងមូល។

យោងតាម​សេចក្តីប្រកាសព័ត៌មានរួមរបស់ក្រុម​សម្ព័ន្ធអង្គការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភ​កម្ពុជា នៅ​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ​លើកឡើងថា ការផ្ទុះឡើងនូវជំងឺកូវីដ-១៩ បានជំរុញ​ឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតក្នុងការ​គាំទ្រនិងវិនិយោគ​លើការបំបៅដោះកូនដោយទឹកដោះម្តាយ។

អង្គការទាំងនោះបន្តថា ការបំបែកម្តាយនិងកូន ការរំខានពីការទទួលបានសេវាសុខភាព ដូចជា ការប្រឹក្សាពីការបំបៅកូន និងការផ្សព្វផ្សាយពីផលិតផលទឹកដោះគោដោយ​គ្មានសីលធម៌ ក្នុង​អំឡុង​ពេល​ដែល​ជំងឺរាតត្បាត​សកលកំពុងជះឥទ្ធិពលជាអវិជ្ជមាន​ដល់ការអនុវត្តការបំ​បៅ​ដោះ​កូនដោយទឹកដោះម្តាយ ដែលករណីនេះ ទាមទារឱ្យ​មាន​ការវិនិយោគនិងគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយកាន់តែមានភាពធំធេងថែម​ទៀត។

អង្គការទាំងនោះបញ្ជាក់ថា៖ «ការបង្កើនការបំបៅដោះកូន​ដោយ​ទឹកដោះម្តាយ នឹងជួយ​សន្សំសំចៃ​ដល់​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​កម្ពុជា​រហូតដល់៥លានដុល្លារ និងជួយ​សន្សំ​គ្រួសារ​ក្នុងប្រទេសកម្ពុជារហូតដល់ជាង១០៧លានដុល្លារ​​​ក្នុង​មួយ​ឆ្នាំ ដែលជាតម្លៃ​នៃការ​ទិញផលិត​ផល​ទឹក​ដោះ​គោ​សម្រាប់​ទារក​ដែល​មិន​បៅ​ទឹក​ដោះម្តាយ»។

ករណីនេះ ក្រសួងសុខាភិបាល និងអង្គការដៃគូអំពាវនាវឱ្យមានយុទ្ធសាស្រ្តសង្គមទាំងមូល ដើម្បីបង្កើតនូវបរិយាកាសដែលជួយដល់ការបំបៅកូនដោយទឹកដោះម្តាយ ក៏ដូចជាគាំទ្រដល់ស្រ្តីដែលជាម្តាយដែលកំពុងបំបៅដោះកូនផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរួម នៅទូទាំងពិភពលោកទាំងមូល កុមារជិត៦០០ ០០០នាក់ និង​ម្តាយ១០០ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែអត្រានៃការបំបៅកូនដោយទឹកដោះម្តាយមានកម្រិតទាប។ ដោយធ្វើឱ្យប្រសើរឡើងនូវអត្រានៃការបំបៅកូនដោយទឹកដោះ​ម្តាយ មរណភាពចំនួន១ ០០០នាក់ និងជំងឺរាករូសចំនួន៥លានករណី លើកុមារអាយុក្រោម​២ឆ្នាំ រួមទាំងមរណភាពរបស់មាតាចំនួន២៥៥នាក់ ដោយសារជំងឺមហារីកសុដន់ ក្រពេញ​អូវែ និងទឹកនោមផ្អែមកម្រិត២ នៅប្រទេសកម្ពុជា អាចត្រូវ​បានទប់ស្កាត់ជារៀងរាល់ឆ្នាំ។

ក្នុងអំឡុង«ទិវាសប្តាហ៍ពិភព​លោក​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ»​នាឆ្នាំនេះ សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ីវិល​ដើម្បី​អាហា​រូបត្ថម្ភ​កម្ពុជា នឹង​ដាក់​ឱ្យ​ដំណើរ​ការ​នូវ​ប្រព័ន្ធ​អន​ឡាញ​មួយ​ដែល​បំពេញបន្ថែម​លើប្រព័ន្ធ​ដែល​មាន​ស្រាប់ សម្រាប់​រាយ​ការណ៍​ពី​ការ​រំលោភ​បំពាន​អនុក្រឹត្យ​១៣៣ ដែល​​ចែង​ពីការធ្វើទីផ្សារផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារ។ ការបង្កើតប្រព័ន្ធដែល​ធ្វើឡើ​ងដោ​យអ​ង្គការ​ទស្សនៈ​ពិភពលោកនេះ​​ ក៏​ជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការទ​ប់ស្កាត់កា​រ​ផ្សព្វ​ផ្សាយ និង​ការធ្វើទីផ្សារ​ដោយ​ខុសច្បាប់​ចំពោះ​ផលិតផលសម្រាប់ទារកនិងកុមារបរិ​ភោគ តាម​រយៈការផ្សព្វផ្សាយ ការតាំងបង្ហាញ ការបញ្ចុះតម្លៃ រង្វាន់ឬអំណោយ ការឱ្យសាកល្បង ការចែកចាយព័ត៌មាន រួមទាំងយុទ្ធសាស្រ្តនៃការផ្សព្វផ្សាយតាមរូបភាពដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ