អតីត​មន្ត្រី​ជាន់​ខ្ពស់​ CNRP​ នៅ​អាមេរិក​ ចូលរួម​ធ្វើ​នយោ​បាយ​ជាមួយ​ «គណបក្ស​កែ​ទម្រង់​កម្ពុជា»

លោក ពីន សំខុន អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ (CNRP) ប្រចាំសហរដ្ឋអាមេរិក និងធ្លាប់ជានិពន្ធនាយកវិទ្យុអាស៊ីសេរី ខេមរភាសា។ (ហ្វេសប៊ុក៖ Roger Samkhon Pin)

អតីតមន្ត្រីគណបក្សសង្រ្គោះជាតិ (CNRP) ប្រចាំសហរដ្ឋអាមេរិក និងធ្លាប់ជានិពន្ធនាយកវិទ្យុអាស៊ីសេរី ខេមរភាសា លោក ពីន សំខុន បានប្រកាសចូលធ្វើនយោបាយជាមួយ «គណបក្សកែទម្រង់កម្ពុជា» ដោយថា ដើម្បីកែប្រែប្រទេសជាតិឱ្យរីកចម្រើន។

ក្នុងលិខិតមួយកាលពីថ្ងៃទី៣ ខែសីហានេះ លោក ពីន សំខុន បានសរសេរ​ថា លោកសម្រេចចិត្តជ្រើសរើសយកការគាំទ្រគណបក្សថ្មីមួយដែលមានឈ្មោះថា «គណបក្សកែទម្រង់កម្ពុជា» ដែលមានរូបសញ្ញាក្បាលដំរី កាន់ផ្កាឈូក ក្រោមការដឹកនាំរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ជាស្ថាបនិក និងលោក ប៉ុល ហំម ជាប្រធាន។

លោក ពីន សំខុន បញ្ជាក់ថា ដើមចមដែលនាំឱ្យរូបលោកសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយ «គណបក្សកែទម្រង់កម្ពុជា» ដោយសារថ្នាក់ដឹកនាំគណបក្សនេះមានបទពិសោធន៍ចាស់វស្សា ធ្វើការងារស្វិតស្វាញ ចេះស្តាប់យោបល់គ្នាទៅវិញទៅមក និងស្តាប់យោបល់អ្នកដទៃ មិននិយាយបំផ្លើសពីការពិត ជាមនុស្សឯករាជ្យ និងជាអ្នកប្រជាធិបតេយ្យជាដើម។

លោក ពីន សំខុន ប្តេជ្ញាថា នឹងចូលរួមក្នុងជីវភាពនយោបាយជាមួយ «គណបក្សកែទម្រង់កម្ពុជា» ដើម្បីកែប្រែប្រទេសជាតិឱ្យរីកចម្រើន។

ខ្លឹមសារក្នុងលិខិតនោះបញ្ជាក់ថា៖ «ការសម្រេចចិត្តរបស់ខ្ញុំ​នាពេលនេះ ដោយចង់បង្ហាញពីទឹកចិត្តចង់ចូលរួមវិភាគទានដោយស្មោះស្ម័គ្រតាមតែអាចធ្វើទៅបាន ដើម្បីកែប្រែអនាគតដ៏លំបាករបស់ពលរដ្ឋខ្មែរចេះតែរងគ្រោះ នឹងប្តូរប្រទេសយើងឱ្យជួបតែភាពរីករាយនិងចម្រុងចម្រើនសម្រាប់ទាំងអស់គ្នា»។

ស្ថាបនិក «គណបក្សកែទម្រង់កម្ពុជា» លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា គណបក្សរបស់លោកបានទទួលយកលោក ពីន សំខុន ចូលរួមធ្វើនយោបាយជាមួយ តែមិនទាន់កំណត់ឱ្យកាន់តួនាទីអ្វីនៅឡើយទេ។ លោកបន្ថែមថា លោក ពីន សំខុន ជាមនុស្សសំខាន់របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) ប្រចាំអាមេរិក និងធ្លាប់ជានិពន្ធនាយកវិទ្យុអាស៊ីសេរីខេមរភាសា ហើយមានបទពិសោធន៍ផ្នែកនយោបាយការទូតច្រើន ដែលអាចធ្វើឱ្យគណបក្សនេះរីកចម្រើនតាមរយៈអ្នកគាំទ្ររូបលោកកន្លងមក។ ក្រៅពីធ្លាប់កាន់តួនាទីជានិពន្ធនាយកវិទ្យុអាស៊ីសេរី ខេមរភាសា លោក ពីន សំខុន ក៏ធ្លាប់ធ្វើជាប្រធានសមាគមអ្នកកាសែតខ្មែរ កាលពីជាង៣០ឆ្នាំមុន ហើយបច្ចុប្បន្ន លោកក៏បានបោះពុម្ពកាសែតជាភាសាខ្មែរនៅអាមេរិកផងដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា៖ «គាត់មានគំនិតនយោបាយច្រើន ទាំងចំណេះដឹងទូទៅផ្នែកនយោបាយទាំងក្នុងប្រទេស ទាំងក្រៅប្រទេស មានន័យថា យល់កិច្ចការអន្តរជាតិ នយោបាយអន្តរជាតិច្រើន។ ដូច្នេះ អាចនឹងជួយឱ្យ “គណបក្សកែទម្រង់កម្ពុជា” មានកម្លាំងមានសមត្ថភាពកាន់តែខ្លាំង»។

​គួរបញ្ជាក់ថា រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ជាង​៤០ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៦ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ, គណបក្សខ្មែរអភិរក្សនិយម របស់លោក រៀល ខេមរិន្ទ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឬទ្ធិ និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថាជារបស់​លោក ថាច់ សេដ្ឋា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ