បទ​យក​ការណ៍​៖​ ផល​ប៉ះពាល់​ស្រ្តី​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ​​ ដែល​​បោះ​បង់​ការ​សិក្សា​​​ដោយ​សា​​រ​រៀប​​ការ​​​វ័យ​​ក្មេង​

អ្នកស្រី ម៉ាំង ធីម្តាយរបស់ ប៉ាន់ ស្រីដា ផ្តល់បទសម្ភាសន៍នៅក្រោមផ្ទះរបស់អ្នកស្រី នៅភូមិកិគួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)

ធនធាន​មនុស្សត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ធនធាន​មួយ​ដ៏​សំខាន់​បំផុត​ក្នុង​ការជំរុញប្រទេសឱ្យ​មាន​ការ​​​អភិវឌ្ឍនិង​រីក​ចម្រើន។ ការបណ្ដុះ​ធនធាន​មនុស្ស​នេះ​ទៀត​សោត ក៏​​ត្រូវ​ពង្រឹងតាំងពីថ្នាក់​បឋមសិក្សា​​រហូត​ដល់​កម្រិតខ្ពស់ ដោយ​មិន​គិតពីយេនឌ័រនោះឡើយ។ 

ប៉ុន្តែនៅតំបន់​មួយនៃ​ខេត្ត​ភាគឦសានប្រទេសកម្ពុជា សិស្ស​ស្រីជាច្រើន​នាក់ដែល​ជា«ជន​ជាតិ​ដើម​​ភាគ​តិច​ព្រៅ»​ បាន​​សម្រេច​ចិត្ត​បោះបង់ការសិក្សា​របស់​ខ្លួន ដោយ​អ្នកខ្លះបោះ​បង់​ការ​សិក្សា​​​តាំង​​​ពី​កម្រិត​បឋម​សិក្សា​ទៅ​ទៀត ហើយ​ឈាន​ទៅដល់​រកដៃគូជីវិតទាំងនៅក្មេងខ្ចីថែម​ទៀតផង។ 

យុវតីម្នាក់​បាន​រៀបរាប់ថា៖ «ខ្ញុំឈប់រៀនត្រឹមថ្នាក់ទី៦ នៅពេលខ្ញុំមានអាយុមិនដល់១៦ឆ្នាំនៅឡើយ​ផង! ខ្ញុំ​​ធ្លា​​ប់​​​​​រៀននៅសាលាបឋមសិក្សាតាវែងក្រោម។ មូលហេតុដែលខ្ញុំឈប់រៀននេះ ដោយ​​សារខ្ញុំត្រូវ​​រៀ​​ប​​​​​​ការ។ ប្តីរបស់ខ្ញុំមានអាយុបងខ្ញុំតែ២ឆ្នាំប៉ុណ្ណោះ»។

នេះជាការរៀបរាប់របស់ស្ត្រីម្នាក់ឈ្មោះ ប៉ាន ស្រីដា​ វ័យ១៨ឆ្នាំ រស់នៅភូមិ​កិគួង ឃុំតាវែងក្រោម ស្រុក​​តាវែង ​​ខេត្ត​​រតន​​​គិរី។ គាត់បាន​បោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ ក្នុង​ឆ្នាំ២០២០។ ក្រោយ​​​បញ្ចប់​​​​​ពីការសិក្សា អ្នកស្រី ប៉ាន ស្រីដា ក៏ចាប់រៀបអាពាហ៍​ពិពាហ៍​ភ្លាមដែរ ដោយ​​ស្វាមី​​មាន​​​អាយុប្រមាណ២០ឆ្នាំ ហើយបច្ចុ​​ប្បន្ន​​ពួកគេទទួលបានកូនប្រុសក្នុងផ្ទៃពោះ៨ខែ ដែល​​ជា​​ចំណ​ងដៃក្រោយរៀបការបានប្រមាណ១ឆ្នាំ។

បុរសម្នាក់ជិះម៉ូតូកាត់ពីមុខសាលាបឋមសិក្សាប៊ូថងទេសអន្លុង ស្ថិតក្នុងខេត្តរតនគិរី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។ (ហេង វិចិត្រ)

កំពុងអង្គុយលើក្តារ​​ឈើ​ដែលមានទំហំមុខកាត់ជិត១ម៉ែត្រ ហ៊ុមព័ន្ធទៅដោយដំណាំផ្លែឈើ​​ដាំនៅ​ជុំ​​វិញ​​ផ្ទះឡើង​ពណ៌ខៀវខ្ចីស្រងាត់នោះ អ្នកស្រី ប៉ាន ស្រីដា បាន​និយាយដោយ​សម្តីមួយៗថា ការឆាប់​ប្រឡូក​ក្នុងជីវិតគូ​​ទាំងខ្លួន​នៅវ័យក្មេង មិនមែន​ជារឿង​ងាយ​​ស្រួល​​នោះ​​​ឡើយ ដោយ​​សារ​​ជួបការលំបាកខ្លាំងទាំងក្នុងជីវិតគូ និង​​សមត្ថភាពគ្រប់គ្រងការងារក្នុងផ្ទះ រួម​ទាំង​ការ​​​ចំណាយការហូបចុកប្រចាំថ្ងៃផង។

ស្ត្រីរូបនេះបន្តថា ដោយសារ​ការបោះបង់ចោលការសិក្សានិង​រៀប​ការ​ទាំង​វ័យ​ក្មេង បានធ្វើឱ្យ​រូបគាត់និងគ្រួសារត្រូវប្រឈមមុខមួយទៀត គឺ​ការ​មិនមានមុខរបរធំដុំ ដើម្បីទំនុកបម្រុង​ក្នុងគ្រួសារ ហើយ​បញ្ហា​នេះបានបង្កឱ្យ​​មាន​​ភាព​​​​​​រកាំ​​រកូស​ មាត់តូចមាត់ធំក្នុងរង្វង់គ្រួសារ​ រវាងខ្លួននិងស្វាមីថែមទៀត។

មិនតែប៉ុណ្ណោះ អ្នកស្រីថា ដោយសារ​​ខ្វះ​​ចំ​​ណេះ​​​​ដឹងទាំងសងខាងនិងមិនមានបទពិសោធន៍ជីវិតគូដូចគ្នាផង អំពើហិង្សាក៏បាន​​កើតឡើង​​ក្នុង​​គ្រួ​​សារមិនចេះចប់មិនចេះហើយផងដែរ។

អ្នកស្រី ប៉ាន ស្រីដា និយាយ​ថា៖ «ផលលំបាកទី១ គឺការរកស៊ី ពេលខ្លះទៅ អត់មាន​​លុយ​​ចាយសោះ។ ក្រៅពីនេះ ពិបាកពេលសម្រាលកូន ហើយពេលពរពោះនេះ គឺពិបាកអង្គុយឈ​រ​​ដេកអីជាដើម។ ពួកយើងឧស្សាហ៍មានរឿងក្នុងគ្រួសារដែរ ដោយសារខ្ញុំរក​​រឿង ព្រោះតែស្វាមី​​ពូ​កែ​​ដើ​​រលេង​ពេក»។​ 

យ៉ាងនេះក្តី អ្នកស្រី ម៉ាំង ធី ដែលត្រូវជាម្តាយរបស់យុវតីឈ្មោះ ប៉ាន ស្រីដា ទទួលស្គាល់ថា ក្នុង​​នាម​​​​អាណាព្យាបាល ពិតជាមិនដែលរួមចំណែកលើកទឹកចិត្តឬអប់រំកូនឱ្យយល់ដឹង​អំពីត​​ម្លៃ​​​នៃ​​ការ​សិក្សា ប៉ុន្តែ​​​​បញ្ហា​​​​នេះមិនមែន​​មាន​​ន័យថា អ្នកស្រីនិងស្វាមីហាមឃាត់កូនស្រីមិនឱ្យបន្ត​​ការសិក្សា​​នោះ​​ឡើយ​​។

ក្នុងវ័យ៣៣​ឆ្នាំ អ្នកស្រី ម៉ាំង ធី ដែលមានដើមកំណើត​​​ជាជន​​ភាគ​​តិច​​ព្រៅ បញ្ជាក់ថា ការបោះបង់​​ការសិក្សាកូនស្រីរបស់អ្នកស្រីនេះ គឺជាការសម្រេចចិត្តដោយខ្លួ​​នគេផ្ទាល់តែ​​ប៉ុណ្ណោះ​​​។  

របាយការណ៍នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០១៣ បង្ហាញ​​ថា អត្រាទទួលបានការអប់រំរបស់​ជនជាតិដើមភាគតិចនៅក្នុងខេត្តមួយចំនួន រួមមាន ខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី និង​​​ខេត្តមណ្ឌលគិរី​ ចាប់ពីកម្រិតបឋមសិក្សារហូត​ដល់អនុ​​វិទ្យាល័​​យ មានអត្រាទាប បើធៀបប្រជាពលរដ្ឋទូទៅ​នៅក្នុងរាជធានីភ្នំពេញ និងបណ្តា​ខេត្ត​ផ្សេងៗ​ទៀត​។ របាយការណ៍​នោះបន្តថា ខេត្តរតនគិរីដែល​មាន​ចំនួនជនជាតិ​​ដើម​​ភាគ​​តិចច្រើនជាងគេនោះ គឺ​មានអត្រាយុវជន​បញ្ចប់ការសិក្សាទាប។

រស់នៅភូមិកិគួង ឃុំតាវែងក្រោម អ្នកស្រី សលៃ អៃ ជាជាតិ​ដើមភាគតិចព្រៅ ក៏បាន​បោះ​​បង់​​ការ​​សិក្សា​ទាំងវ័យ​ក្មេងផងដែរ។ អ្នកស្រីថា រូបគាត់​បានសម្រេចចិត្ត​ឈប់រៀន​​ត្រឹម​​ថ្នាក់ទី៦ នៅសាលា​​បឋម​សិក្សាតាវែងក្រោម។ នៅក្រោយពេលបោះបង់ការសិក្សាហើយ អ្នកស្រី សលៃ អៃ ក៏សម្រេចចិត្តរៀប​ការភ្លាមដែរនៅក្នុងឆ្នាំ២០២០ ជាមួយស្វាមីអ្នកស្រី ដែលជាជនជាតិខ្មែរ មានដើម​កំណើតនៅខេត្ត​​​តាកែវ។

ក្នុងវ័យ​២១ឆ្នាំ និងមានកូនប្រុសអាយុ២ឆ្នាំម្នាក់នៅក្នុងបន្ទុក ស្ត្រីរូបនេះក៏យល់ស្របដែរថា ការ​បោះប​ង់​ការ​សិក្សាហើយឆាប់រៀបការទាំងនៅវ័យក្មេងពេក គឺ​​ពិតជាប្រឈមមុខច្រើន​​ ទាំងផ្នែក​​ជីវភាព និងសុខភាព​​បន្ត​​ពូជផង។

អ្នកស្រី សលៃ អៃ ជាជនជាតិដើមភាគតិចព្រៅ ផ្តល់បទសម្ភាសន៍នៅក្រោមផ្ទះរបស់ម្តាយអ្នកស្រី នៅភូមិកិគួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ (ម៉ម មុនីរតន៍)
អ្នកស្រី សលៃ អៃ ជាជនជាតិដើមភាគតិចព្រៅ ផ្តល់បទសម្ភាសន៍នៅក្រោមផ្ទះរបស់ម្តាយអ្នកស្រី នៅភូមិកិគួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)

អ្នកស្រីបន្តថា៖ «ដោយសារម្តាយនៅក្មេងពេក មិនសូវយល់ដឹង​​ពី​ការ​​​​ថែទាំងសុខភាព។ បើជីវភាពគ្រួសារវិញ ជួន​កាល​រក​ស៊ី​បាន ជួលកាលអត់អ៊ីចឹងក៏មានដែរ​។ ​​ពិ​​បា​ក​​​​ខ្លាំងរឿងលុយកាក់ មកពីរៀបការវ័យក្មេងពេក អត់ចេះរកលុយ អត់ចេះអីហ្នឹង​​ណា។ ​​ឪពុក​​ម្តាយ​​ក៏​បានណែនាំដែរ ក្រោយពួកយើងរៀបការ​​រួច។ ដឹងដែរថា ការឆាប់រៀបការ​​ទាំងនៅវ័យក្មេង​​ពេក​​ នឹង​​នាំឱ្យមានផលលំបាក តែធ្វើម៉េច បើឈប់រៀនហើយ ត្រូវតែយកប្តី»។

តែយ៉ាងណា អ្នកស្រីថា​​ ខ្លួន​នឹងព្យាយាម​​អប់រំកូនឱ្យបានល្អនិង​​ឱ្យ​​ពួក​​គេចេះស្រឡាញ់​ការសិក្សា ព្រមទាំងបន្តការសិក្សាឱ្យ​បានជ្រៅជ្រះ ដោយ​មិនឱ្យដើរតាមគន្លងរបស់អ្នកស្រីនោះឡើយ​។ 

អ្នក​​ស្រី​​បន្ត​​ថា៖ ​​«ចង់​​ឱ្យ​​​កូនរៀនឱ្យបានល្អនិងបានការងារធ្វើដូចគេ​​ដូចឯង​​ដែរ តែយើងមិនដឹង​​យ៉ាង​​ម៉េច​​ដែរ! យើង​​ក៏មិ​​នអាចបង្ខំកូនបានដែរ។ កាលដែលខ្ញុំឈប់​​រៀនហ្នឹង ​​គឺ​​ឈប់​​​ខ្លួនឯងតែម្តង»។ 

យោងតាមរបាយការណ៍របស់អាជ្ញាធរឃុំតាវែងក្រោម ឱ្យដឹងថា នៅក្នុងរយៈពេល​៦ខែដើម​ឆ្នាំ២០២១ អត្រាស្ត្រីរៀប​​ការទាំង​​​វ័យ​​ក្មេងនៅក្នុង​ឃុំនេះ បន្តកើនឡើងប្រមាណ៥០ភាគរយ បើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ទាក់ទិនបញ្ហានេះ ជំទប់ទី១​នៃឃុំតាវែង​ក្រោម ទទួលបន្ទុកកម្មវិធីស្រ្តី គឺអ្នកស្រី វ៉ាន់ឌី ក្រាប់ អាយុ៣៥ឆ្នាំ ទទួ​ល​​ស្គាល់​​ថា ការរៀបការវ័យក្មេងរបស់សិស្សស្រីក្នុងកម្រិតបឋមសិក្សា នៅក្នុងសហគមន៍នេះ គឺ​​​ពិត​​​ជាមានកំណើនខ្ពស់មែន ជាពិសេសស្រ្តីជនជាតិដើមភាគតិច។

មន្រ្តី​​ឃុំ​​រូបនេះឱ្យដឹងទៀតថា នៅពេលយុវជន​បន្តបោះបង់ការសិក្សា បាន​ធ្វើ​ឱ្យជះផលអវិជ្ជមាន​ជាច្រើន​សម្រាប់​​សហគមន៍ ដូចជា ការបាត់បង់ធនធានមនុស្ស ការចូលរួមរបស់យុវជនធ្លាក់ចុះ ជាពិ​​សេ​​ស​​ធ្វើឱ្យការអភិវឌ្ឍត្រូវធាក់ថយ ព្រោះតែកម្លាំងនៃការចូលរួមនិងការសម្រេចចិត្តមិនសូវមាន​​។​​

អ្នកស្រី វ៉ាន់ឌី ក្រាប់ ជំទប់ទី១ឃុំតាវែងក្រោម ទទួលបន្ទុកការងារស្រ្តី ផ្តល់បទសម្ភាសន៍ នៅខាងមុខផ្ទះរបស់អ្នកស្រី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)
អ្នកស្រី វ៉ាន់ឌី ក្រាប់ ជំទប់ទី១ឃុំតាវែងក្រោម ទទួលបន្ទុកការងារស្រ្តី ផ្តល់បទសម្ភាសន៍ នៅខាងមុខផ្ទះរបស់អ្នកស្រី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)

អ្នក​​ស្រីបន្តថា៖​ «ខ្ញុំតែងប្រាប់ពួកគាត់ជារឿយៗ តែអ្នកដែលមកចូលរួមភាគច្រើនជាចាស់ទុំ ហើយ​​អ្នក​​ដែលមាន គឺពួកគាត់អស់កូនក្នុងបន្ទុកហើយ។ នៅពេលគ្រួសារដែលមានកូនក្រមុំកំលោះ ពួក​​គាត់​​​មានអ្នកមកចូលរួមពេលយើងប្រជុំ។ ហេតុនេះហើយ ទើបបញ្ហានេះវានៅតែកើត​​មាន​​រហូត​​។ ​​ម៉្យាងវិញទៀត ក្មេងៗ ស្រី ប្រុស ពួកគាត់អត់បានមកចូលរួមទៀត»។

​​​បើតាមអ្នកស្រី វ៉ាន់ឌី ក្រាប់ ការឆាប់មានជីវិតគូទាំងនៅវ័យក្មេងដូច្នេះ មានផលប៉ះពាល់ជាច្រើន​​​សម្រាប់​​គ្រួសាររបស់ពួកគេ ហើយ​កត្តាប្រឈមដែលបានកើតឡើងជារឿយៗនោះ គឺ​​ការលែងលះ​គ្នា អំពើ​​​ហិង្សា​​ក្នុង​​គ្រួ​​សារ ការធ្លាក់ចុះនៃបញ្ហាសុខភាព និងសុខភាពឆាប់ទ្រុឌទ្រោម ជាដើម។​

ដោយឡែក អនុប្រធានការិយាល័យសង្គមកិច្ច ស្រុកតាវែង ទទួលបន្ទុកខាងការងារស្រ្តីនៅក្នុង​​សហ​គមន៍ អ្នកស្រី ឈុំ វ៉ាន់នឿន សង្កេតឃើញថា ក្រៅពីកត្តាបោះបង់ការសិក្សាដោយ​ខ្លួនឯងរបស់​ស្ត្រីវ័យក្មេង ក៏មានកត្តាមួយចំនួនទៀតផងដែរ ដូចជា ការយល់ដឹងរបស់ឪពុកម្តាយឬអាណាព្យាបាលក្នុងការជំរុញ​ឱ្យ​កូនៗរបស់​ពួកគេ​សិក្សាបាន​ខ្ពស់នោះ ហាក់នៅមានកម្រិត ដោយ​សារ​​ឪពុកម្តាយឬ​អាណាព្យាបាលនៅតំបន់​នេះមិនសូវផ្តល់​តម្លៃចំពោះកា​រ​​សិក្សាប៉ុន្មានទេ។​

អ្នកស្រី ឈុំ វ៉ាន់នឿន អនុប្រធានការិយាល័យសង្គមកិច្ចស្រុកតាវែង ផ្តល់បទសម្ភាសន៍នៅក្នុងសាលាស្រុកតាវែង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)
អ្នកស្រី ឈុំ វ៉ាន់នឿន អនុប្រធានការិយាល័យសង្គមកិច្ចស្រុកតាវែង ផ្តល់បទសម្ភាសន៍នៅក្នុងសាលាស្រុកតាវែង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)

អ្នកស្រីបន្តថា​៖ «ការ​​បោះ​​​​បង់​​ការសិក្សារបស់សិស្សស្រី គឺ​នៅតែមាន។ ពួកគាត់ហ្នឹងគឺមិនសូវបានចូល​សាលារៀន ដល់​​ពេលហ្នឹង ចេះតែនាំគ្នាឈប់រៀនអស់ទៅ។ ដល់អ៊ីចឹងទៅ​ នាំគ្នាទៅយកប្តីយក​​ប្រពន្ធអស់ទៅ​​។ មូល​​ហេតុ​​​​​​ដែលសំខាន់ ដែលខ្ញុំគិតមើលទៅ ដូចថាគ្មានពីណាជួយជំរុញពួកគេ» ។

បើតាមអ្នកស្រី ឈុំ វ៉ាន់នឿន ការរៀបការនៅវ័យក្មេងនេះក៏កើតឡើងច្រើនក្នុងបរិបទនៃការរីក​រាល​ដាល​​ជំងឺកូវីដ-១៩ផងដែរ ស្របពេលសាលារៀននៅទូទាំងប្រទេស​បាន​ផ្អាកដំណើរការ និងត្រូវសិក្សាតាមប្រព័ន្ធអនឡាញជំនួសវិញ​។ 

អ្នកស្រីបន្ថែមថា ស្រ្តីដែលឆាប់ទទួល​ជីវិតគូ ភាគច្រើននៅអាយុចន្លោះពី១៦ទៅ១៧​ឆ្នាំ ខណៈពួក​​​​​​គេ​​កំ​​​​​ពុង​​​​​​ស្ថិតនៅក្នុងកម្រិតបឋមសិក្សានៅឡើយ។ 

ចំណែកអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាវែង លោក ស្ងួន វិជ្ជា ថ្លែងថា​​​ ការ​រៀប​​ការ​​វ័យ​​ក្មេងមាន​​​​ផលប៉ះពាល់ច្រើន ជាពិសេសសុខភាព​​​បន្តពូជ។ 

ប្រភពដដែល​បន្តថា ការៀបការវ័យក្មេង​​ជះ​​ឥទ្ធិ​​ព​ល​​​​​​​​​​ដល់​សង្គម​​គ្រួសារនិងសហគមន៍ ព្រោះបញ្ហាការអប់រំ​​មាន​​កម្រិតទាប ហើយពួកគេ​​ហាក់មិន​​ទាន់​​ស្គាល់​​អ្វី​​​ទៅ​​ជាដៃគូ​​​ជីវិត ដោយសារមានវ័យ​​​ក្មេងខ្ចី​ពេក​​។ ​​មិនតែប៉ុណ្ណោះ ​លោកថា ការរៀបការវ័យក្មេង​​ខ្លះ គឺ​​​រៀបការតាមគ្នា ដោយពួកគេឃើញយុវជន​​ក្រៅសា​​លា​​​ជា​​​​ច្រើនអាច​រៀបការតៗ​​គ្នាបាន​​។ ​​ក្រៅ​​ពីនេះ នៅមានហេតុផលដែលសំខាន់មួយទៀតគឺ ស្រ្តីជន​​ជាតិដើមភាគតិចភាគច្រើនតែ​​ងគិត​​ថា នៅយូរពេកបារម្ភខ្លាចគ្មានអ្នកចូលស្តីដណ្តឹង ម៉្យាង​​ខ្លាច​​នៅ​​ព្រៅសៅកែ​​ផង។

លោកបន្តថា៖ «ការបោះបង់ការសិក្សា សង្កេតឃើញ​មាន​​៣​​កត្តា​ មួយគឺកត្តាជីវភាព គាត់មិនក្រទេ ប៉ុន្តែគាត់មិនហ៊ានលះបង់ឱ្យកូន។ បើតាមគាត់លះ​បង់ គឺគាត់​​មិន​ក្រប៉ុន្មាន​ទេ គឺគាត់អាចទៅរួច។ កត្តាទី២ គឺពាក់ព័ន្ធនឹងប្រពៃណីរបស់ពួកគាត់។ ឥលូវនេះ មិន​​ណាស់​​ណាទេ ប៉ុន្តែបើពីមុនវិញ គឺអត់សូវមានអ្នករៀនសូត្រ​​ច្រើនទេស្រីៗ​នោះ។ ហើយដល់អ៊ី​​ចឹង​​ទៅ ដល់ពេលគាត់ចូលដល់វ័យ១៥[ទៅ]១៦ឆ្នាំ ដឹងថាយកប្តីបាត់​​ហើយ! ហើយកត្តាមួយ​​ទៀត គឺ​​ក្នុង​​បរិបទ​​កូវីដនេះ ពួកគាត់ហាក់ដូចជាហេលហាល អត់បានរៀនសូត្រពេញលេញ គាត់ក៏​បែកគំ​​និត​​តាម​​គ្នា» ។

បើទោះជាបែបណា អនុប្រធានការិយាល័យអប់រំស្រុកតាវែង បដិសេធថា មកដល់ពេលនេះ ខាង​​ការិយាល័យអប់រំស្រុក នៅមិនទាន់មានទិន្នន័យជាក់លាក់អំពីសិស្សស្រីដែលបោះបង់​​​កា​រ​​សិក្សា​​ ជាពិសេសស្រ្តីជនជាតិដើមភាគតិចដែលចូលដល់វ័យជំទង់ទៅហើយ តែពួកគេស្ថិតនៅក្នុង​​កម្រិតបឋមសិក្សា​​នៅ​​​ឡើយ ជាដើម។

មន្រ្តីសុខាភិបាលនៃមណ្ឌលសុខភាពតាវែង អ្នកស្រី ភី ណុច មានប្រសាសន៍ថា ក្មេងស្រីដែល​​ឆាប់​​ប្រឡូកក្នុងជីវិតគូទាំងនៅវ័យក្មេងពេក នាំឱ្យសុខភាពរបស់នាងជួបការលំបាកជា​​ច្រើន​។ ​អ្នក​ស្រី​​​បន្តថា ផលប៉ះពាល់ទាំងនោះកើតឡើងតាមរយៈ​កូនកើតមកមិនគ្រប់ខែ មរណភាពទាំង​​មា​​តានិងទារក ជាពិសេសកូនលូតលាស់មិនសូវបានល្អដូចគេ ជាដើម។

អ្នកស្រីបន្តថា៖ «និយាយរួម ប៉ះពាល់សុខភាពរបស់គាត់ គឺស្រ្តីហ្នឹងគាត់កំពុងស្ថិតក្នុងការលូតលាស់! ដល់ពេលឆាប់រៀបការវ័យក្មេងពេកអ៊ីចឹងទៅ វាអាចធ្វើឱ្យកូនកើតមិន​​គ្រប់ខែ ពេលណា​ទារកកើត​​មក​​អត់គ្រប់ខែ អាចគ្រោះថ្នាក់ច្រើន។ ស្រ្តីស្ថិតក្នុងដំណាក់កាលលូតលាស់ ដល់ពេលឆាប់​​មាន​​គ្រួ​​សា​រនៅវ័យក្មេងពេក អ៊ីចឹងទេ វាអាចប្រឈមមុខទៅ​​នឹងកត្តាដូចជាគ្រួសារហ្នឹង​​អត់ចេះរៀបចំ​​ការ​​ផែន​​​ការគ្រួសារច្បាស់លាស់ទេ»។ 

ជុំវិញករណីសិស្សបោះបង់ការសិក្សានិងរៀបការវ័យក្មេងនេះដែរ លោក ផល ពិសី ជាមន្រ្តីកម្មវិធី​​ទំនុក​​បម្រុងរបស់អង្គការភ្លែន (Plan) ប្រចាំខេត្តរតនគិរី ថ្លែងថា ការៀប​​ការ​​វ័យក្មេងនៃស្រ្តីជន​​ជាតិ​​ដើម​​​​ភាគតិច ចេះតែមានកំណើនជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ជាពិសេសនៅក្នុង​​​ស្រុក​​តា​​វែងនេះតែម្តង។ 

លោកបន្តថា ដោយ​​មើល​​ឃើញពីកត្តាទាំងនេះហើយ បានជំរុញឱ្យអង្គការភ្លែន ខិត​ខំ​ស្វែងរក​​​ជំ​​នួយ​ ​ដើម្បី​​ចូលរួមកាត់​​បន្ថយការឆាប់រៀបការវ័យក្មេងរបស់ស្រ្តីនៅទីនោះនិងតំបន់​​ផ្សេង​​​​ទៀត។

លោកឱ្យដឹងទៀតថា ការរួមចំណែករបស់អង្គការភ្លែន ក្នុងពេលកន្លងទៅ គឺតាមរយៈ​​ការចុះ​​​ផ្សព្វ​​ផ្សាយ​សារអប់រំឱ្យពួកគាត់យល់ដឹងពីផលលំបាកនៃ​ការរៀបការវ័យក្មេង ផលប៉ះពាល់ពេលមាន​​ផ្ទៃពោះនៅក្មេងពេក និងបញ្រ្ជាប​​ការយល់ដឹងដល់ពួកគាត់អំពីសុខភាពបន្តពូជ ជាដើម​​​។

បន្ថែម​​ពី​​លើ​​​នេះ​​ទៀត លោកថា អង្គការភ្លែន ក៏មានយុទ្ធសាស្រ្តថ្មីដែលផ្តោតសំខាន់ទៅលើក្មេងស្រី ធ្វើយ៉ាងណា​​ឱ្យ​​ពួក​​គេមានសំឡេងក្នុងសង្គមឱ្យបានច្រើន ហើយអាចកាត់បន្ថយការរៀបការវ័យក្មេងផងដែរ។

លោក ផល ពិសី មន្រ្តីគម្រោងអង្គការភ្លែនអន្តរជាតិកម្ពុជា ផ្តល់បទសម្ភាសន៍នៅខាងមុខសាលាស្រុកតាវែង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)
លោក ផល ពិសី មន្រ្តីគម្រោងអង្គការភ្លែនអន្តរជាតិកម្ពុជា ផ្តល់បទសម្ភាសន៍នៅខាងមុខសាលាស្រុកតាវែង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)

លោក ផល ពិសី ថ្លែងថា៖ «ដើម្បីចូលរួមកាត់បន្ថយអត្រានៃការរៀបការវ័យក្មេងដែលកើតឡើងហ្នឹង​​ គឺយើង​​បាន​​​​​​​សហការ​​ជាមួយការិយាល័យ​អប់រំស្រុក មន្ទីរកិច្ចការនារី និងមណ្ឌលសុខភាពនៅស្រុកតាវែង ដើម្បី​​ឱ្យពួកគាត់ជួយផ្សព្វផ្សាយដល់ក្រុមគ្រួសារនិងយុវជន អំពីផលប៉ះពាល់​នៃការរៀបការ​​វ័យ​​ក្មេងនិងសុខភាពបន្តពូជ។ មួយវិញទៀត យើងបានជ្រើស​​រើសយុវជនដែល​​ទើបតែរៀប​​ការ​​វ័យ​​ក្មេង​ អង្គការភ្លែន​ បានផ្តល់អាហារូបករណ៍ឱ្យពួកគេទៅរៀនជំនាញវិជ្ជាជីវៈនៅទីរួមខេត្ត​»។

របាយការណ៍ស្តីពីការវិភាគនិងការរកឃើញដែលផ្តល់ដោយអង្គការភ្លែន បង្ហាញថា គិត​​ត្រឹម​​ឆ្នាំ២០១៨ ក្មេងស្រីជំទង់ ដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ មាន​​ចំនួន១២ភាគរយនៃ​​ចំនួន​​កុមារសរុបនៅទូទាំងខេត្តរតនគិរី។

របាយការណ៍បញ្ជាក់ទៀតថា ក្នុងចំណោមស្រុកទាំង៩ នៃខេត្តរតនគិរី គឺមានតែស្រុកតាវែងមួយ​​គត់ដែលមានអត្រាក្មេងស្រីវ័យជំទង់ទាបជាងគេបំផុត មានប្រមាណត្រឹម៤ភាគរយ ស្មើ​​មនុស្ស​​ជិត​​៥រយនាក់ (៤៥៧នាក់)។ តួលេខនេះ បើធៀបនឹងស្រុកកូនមុំ ដែលមានអត្រាក្មេងស្រីវ័យ​​ជំទង់​​ខ្ពស់ជាងគេបំផុតក្នុងចំណោមស្រុកទាំង៩នេះ គឺមានចំនួន១៣ភាគរយ ស្មើមនុស្ស​​ប្រ​​មាណ​​​​ជិត១ពាន់៥រយនាក់ (១ ៤៨១នាក់)។

យោងតាម​ទិន្នន័យដដែលនេះបង្ហាញទៀតថា ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី៩នាក់ ដែលមាន​​អាយុពី១២ទៅ១៧ឆ្នាំ បោះបង់ការសិក្សានិងកំពុងតែរៀបការនៅវ័យជំទង់ មានចំនួន១១ភាគ​រយ ស្មើប្រមាណមនុស្សជិត១ ២០០នាក់ (១ ១៩៥នាក់) ក្នុងចំណោមក្មេងស្រីវ័យ​ជំទង់​​សរុបជាង១ម៉ឺននាក់ (១១ ២១៣នាក់) នៅទូទាំងខេត្តរតនគិរី។ 

ត្រឡប់មក​ស្រ្តីដែលបោះបង់ការសិក្សានិងរៀបការទាំងនៅវ័យក្មេងនៅឃុំតាវែងក្រោម​ឯណោះ​វិញ អ្នកស្រី ប៉ាន ស្រី​​ដា និយាយថា​ រូបគេពិតជាសោកស្តាយ​ចំពោះ​ការ​​​សម្រេច​ចិត្តខុស ដោយឆាប់រៀបការទាំងនៅវ័យក្មេងបែបនេះ។

បើតាម ស្រីដា បើមាន​​ឱ​កាស​​ជា​​ថ្មីទៀត រូបគេនឹងបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ដូចអ្នកផ្សេងទៀត ដើម្បីអាចយក​ចំណេះជំ​​នាញ​​​ពី​​សា​​លាទៅរួមចំណែកអភិវឌ្ឍសហគមន៍ និងជួយធ្វើឱ្យជីវភាពគ្រួសារបានថ្កុំថ្កើងនឹងគេ​​ដែរ​​។

អ្នកស្រីបន្តថា៖ «ខ្ញុំ​ចង់ទៅរៀនដូចកាលពី​​មុន​​​វិញ ​​​​​​ព្រោះខ្ញុំ​ឃើញមិត្តភក្តិរបស់ខ្ញុំ​រៀន​​សូត្រ​​បាន​​ខ្ពង់​ខ្ពស់ និងមានការ​​អភិវឌ្ឍទៅ​​មុខបាន​យ៉ាង​​ល្អ»៕


អត្ថបទដោយ៖ លោក ម៉ម មុនីរតន៍ និងអ្នកសារព័ត៌មានស្រ្ដីវ័យក្មេង នៃអង្គការភ្លែនអន្តរជាតិកម្ពុជា 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ