ពលរដ្ឋ​រង​គ្រោះ​ដី​ធ្លី​នៅ​ស្រុក​ស្វាយជ្រុំ​ ស្នើ​​អាជ្ញាធ​រ​​ដោះ​ស្រាយ​​សំណង​សមរម្យ​ជូន​ពួក​គេ​

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាង១០០គ្រួសារ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយផ្តល់សំណងសមរម្យ​លើវិវាទដីធ្លីរបស់ពួកគាត់​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។

ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាង១០០គ្រួសារនោះ អ្នកស្រី យស សុភ័ណ្ឌ បាន​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ទី​០៣ ខែសីហា ថា ប្រជាពលរដ្ឋចំនួន១១៧គ្រួសារ បានកាន់កាប់និងបង្កបង្កើនផល​លើដីទំហំជាង៩៩ហិកតានេះតាំងពីអំឡុងឆ្នាំ១៩៧៩មក ប៉ុន្តែនៅឆ្នាំ២០០៨ ស្រាប់តែក្រសួង​ធនធានទឹក និងឧតុនិយម មានគម្រោងយកដីនោះទៅបង្កើតជាអាងទឹក ដោយ​ពុំ​បាន​ផ្តល់​សំណងសមរម្យ​ដល់​ប្រជាពលរដ្ឋឡើយ​។

អ្នកស្រីបាន​បន្តថា កាលពីពេលថ្មីៗនេះ អាជ្ញាធរបានផ្សព្វផ្សាយពីគោលនយោបាយសំណងដោយឯកតោ​​ភាគី​ស្មើ០,២៤​ដុល្លារក្នុងម៉ែត្រការ៉េ ឬស្មើ​៩០០​​រៀល​​ក្នុង​ម៉ែត្រកា​រ៉េ ហើយកៀរគរប្រជាជន​ទៅ​ជួប​ម្តង​១០នាក់ ប៉ុន្តែពួកគាត់​មិន​អាចទទួលយកបាន​ទេ ដោយសារ​តម្លៃ​​នេះទាបពេក ដែលធ្វើឱ្យ​ពួកគាត់​​មិនអាចយក​ទៅទិញ​ដីថ្មី​សម្រាប់​ធ្វើស្រែចម្ការបានឡើយ។

លោកស្រី យស សុភ័ណ្ឌ មានប្រសាសន៍ថា៖ «ពួកគេឱ្យ​​ប្រជាពលរដ្ឋហ្នឹង​ផ្តិត​មេដៃ​ទទួល​សំណង ហើយសំណង​ហ្នឹង​មួយ​ការ៉េ៩០០រៀល! អ៊ីចឹង​ប្រជាពលរដ្ឋខ្លះគាត់អត់ព្រមយកក្នុងតម្លៃប៉ុណ្ណឹងទេ គាត់ទាមទារឱ្យ​​មាន​តម្លៃ​សមរម្យ​ដែល​អាច​ទទួល​យក​បាន។ គាត់ដាក់តម្លៃ៣ដុល្លារ​ក្នុងមួយការ៉េ ទើបគាត់អាចទទួលយកបាន»។

បើតាមពលរដ្ឋរូបនេះ នៅព្រឹកទី០៤ ខែសីហានេះ អាជ្ញាធរ​ស្រុកនិងអាជ្ញាធរឃុំ​បាន​ហៅ​តំណាង​ប្រជាពលរដ្ឋចំនួន២នាក់ ទៅ​សាក​សួរ​នៅសាលាឃុំឈើទាល ក្រោយពួកគាត់នាំគ្នា​តវ៉ានិង​ធ្វើយុទ្ធនាការលើបណ្តាញសង្គមចាប់តាំងពីថ្ងៃទី២ ខែសីហាមក ដើម្បី​ទាមទារឱ្យ​មានដំណោះស្រាយ​សមរម្យ​លើ​ករណី​ដីធ្លី​នេះ។

ប្រជាពលរដ្ឋទាំង១១៧គ្រួសារ ជាពលរដ្ឋរស់នៅក្នុងសហគមន៍ចេកមាស ស្ថិតនៅក្នុ​ង​ភូមិចំនួន​៣ រួម​មាន​ ភូមិចេកមាស ភូមិសំរោង ឃុំឈើទាល និងភូមិធ្នង់ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រធានសហគមន៍ចេកមាស អ្នកស្រី ឥន្ទ សូត្រ បាន​និយាយថា ពួកគាត់មិន​អាចទទួលយក​សំណង​តាមគោ​លនយោបាយ​របស់​អាជ្ញាធរដែលផ្តល់​ឱ្យ​ត្រឹម​តម្លៃ៩០០​រៀល​ក្នុងមួយ​ម៉ែត្រ​ការ៉េនេះ​បានទេ និងបាន​ស្នើ​ឱ្យ​អាជ្ញាធរផ្តល់​សំណងសមរម្យដល់​ពួកគាត់។

អ្នកស្រីបន្ត​ថា៖ «សំណូមពរឱ្យ​​រាជរដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​រឿង​ដីធ្លីឱ្យ​​ពួកខ្ញុំ​ហ្នឹង​ឱ្យ​​បាន​សំណង​សមរម្យ​មក ដើម្បី​ខ្ញុំអាច​ទៅ​ទិញ​កន្លែង​ណាផ្សេ​ងធ្វើអាស្រ័យផល​រស់បន្តទៀត បើឱ្យ​​ប៉ុណ្ណឹង ​ពួក​ខ្ញុំ​មិន​អាច​បន្ត​ជីវិត​រស់បានទេ»។

អភិបាលស្រុកស្វាយជ្រុំ លោក ហែម សារិត បានលើកឡើងថា បញ្ហាជម្លោះដីធ្លីនេះ ខាងអន្តរក្រសួងបានព្រមព្រៀងក្នុងការដោះស្រាយជាបណ្ដើរៗហើយ។​ លោកបានអះអាងថា មានប្រជាពលរដ្ឋសឹង៩០ភាគរយដែលបានព្រមទទួលយកសំណង។ 

លោកបន្តថា អ្នកដែលមិនទទួលយកសំណងដែលក្រសួងបានសម្រេចនោះ មានតែ២ទៅ៣នាក់​តែប៉ុណ្ណោះ ហើយអាជ្ញាធរនៅតែបន្តប្រកាន់ជំហរដដែល បើទោះបីប្រជាពលរដ្ឋខ្លះមិនព្រម​​​ទទួលក៏ដោយ។

លោក​បានថ្លែងថា៖ «អត់ជាបញ្ហាទេ និយាយរួម ខាងក្រសួងគេបានដោះស្រាយឱ្យ​​ហើយ។ និយាយរួម​ គាត់​ចង់​បានលុយ ឥលូវយើងដោះស្រាយបានលុយហើយ។ អ៊ីចឹងមានតែម្នាក់[ឬ]២អ្នក ដែលចេះចង់បានច្រើន។ បើយើងចង់បានដូចតាមទីផ្សារ ធ្វើម៉េចនឹងកើត? គេមានក្រុមឯករាជ្យរបស់គេ ប្រជុំម៉ត់ចត់ណាស់ ទម្រាំបានចេញជាលុយបានប៉ុណ្ណឹង»។

ចំណែកលោក ថេង សារឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ​មើល​ឃើញ​ថា កន្លងមក ការអភិវឌ្ឍ​ភាគច្រើនតែងតែមា​នផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលករណីនេះ រដ្ឋត្រូវតែគិតគូររកដំណោះស្រាយ​ឱ្យ​បាន​សមរម្យនិង​មានភាព​ច្បាស់​លាស់​ក្នុងការ​ដោះស្រាយ ដើម្បីចៀសវាងផល​ប៉ះពាល់​ទៅលើការរស់នៅនិងជីវភាព​​របស់​ប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា៖ «ដើម្បីជំរុញឱ្យ​​ដំណើរការ​នៃការដោះស្រាយ​បាន ខ្ញុំគិតថា អាជ្ញាធរគួរតែត្រូវ​ជជែកចរចាឬក៏ស្វះ​ស្វែងរកដំណោះស្រាយ​ល្អ ជាជាង​បដិសេធ​លើ​សំណងឬក៏ការផ្ដល់ដំណោះស្រាយជូនប្រជាពលរដ្ឋ ពីព្រោះថា អាជ្ញាធរដើរតួនាទីក្នុងការជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ