ក្រសួង​ប្រាប់​អាជ្ញាធរ​រាជធានី​-​ខេត្ត​និង​មន្ទីរ​ត្រូវ​ធ្វើ​តេស្ត​​​កូវីដ-១៩​ឱ្យ​ពលរដ្ឋ​​ដោយ​មិន​គិត​ថ្លៃ

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំអាជ្ញាធររាជធានី-ខេត្ត រួមទាំងខាងមន្ទីរសុខាភិបាលទាំងអស់ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដោយឧបករណ៍តេស្តរហ័ស (Rapid Test) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយមិនគិតថ្លៃ។

ការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានប្រកាសឱ្យមន្ទីរពេទ្យរបស់រដ្ឋដែលធ្វើតេស្តរកមេរោគកូវីដ-១៩ មិនត្រូវយកលុយពីប្រជាពលរដ្ឋដាច់ខាត និងបានស្នើទៅមន្ទីរពេទ្យឯកជនទាំងអស់កុំយកថ្លៃសេវាធ្វើតេស្ដកូវីដ-១៩ដោយឧបកណ៍រហ័សនោះថ្លៃហួសហេតុពេក។

ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា អភិបាលរាជធានី-ខេត្ត និង នាយកមន្ទីរពេទ្យជាតិ និងប្រធានមជ្ឈមណ្ឌលជាតិ មិនត្រូវគិតថ្លៃសេវាធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ ពីប្រជាពលរដ្ឋឡើយ។

ប្រធានអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាលមិនបានដាក់ចេញវិធានការដោយកំណត់ឱ្យមន្ទីរពេទ្យឯកជនយកតម្លៃធ្វើតេស្តឡើយ ដោយសារវាជាទីផ្សារសេរី ប៉ុន្តែលោកថា ប្រជាពលរដ្ឋអាចនាំគ្នាធ្វើតេស្តនៅតាមមន្ទីរពេទ្យរដ្ឋបាន ដោយមិនអស់ថ្លៃធ្វើតេស្តឡើយ។ ​

លោកថា៖ «អានេះគ្រាន់តែសុំមេត្តាជួយផ្សាយដល់បងប្អូនទៅ ពីព្រោះរដ្ឋាភិបាលយើងគ្មានអំណាចទៅគ្រប់គ្រងខាងឯកជនទេ អាហ្នឹងជារឿងរបស់ឯកជន ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋយើង គួរប្រើសេវារដ្ឋដោយតេស្តឥតគិតថ្លៃ»។

អ្នកស្រី ឈឹម បូនី ដែលជាអ្នករត់រ៉ឺម៉កកង់បីមួយរូប លើកឡើងថា នៅពេលដែលរដ្ឋាភិបាលប្រកាសបែបនេះជារឿងល្អប្រសើរ ប៉ុន្តែកន្លងមក មន្ទីរពេទ្យរដ្ឋមួយចំនួននៅពេលដែលគាត់ទៅធ្វើតេស្ត គ្មានរក្សាគម្លាតសុវត្ថិភាពឡើយ ដែលធ្វើឱ្យពួកគាត់បារម្ភពីការឆ្លងជំងឺពេលទៅធ្វើតេស្ត។ 

ជាមួយគ្នានេះ អ្នកស្រី​ចង់ឱ្យនៅតាមមន្ទីរពេទ្យឯកជនទាំងអស់យកតម្លៃធ្វើតេស្តម្ដងយកតែ៤ទៅ៥ដុល្លារ ដោយថា តម្លៃពី១៥ទៅ៣០ដុល្លារនោះ វាថ្លៃសម្រាប់ប្រជាពលរដ្ឋក្រីក្រ ហើយមិនមានលទ្ធភាពឡើយ។

អ្នកស្រីថា៖ «ការធ្វើតេស្តនៅពេទ្យឯកជន ៥ដុល្លារអី ប្រហែលជាអាច! ដូចពួកខ្ញុំអីអាចមានលទ្ធភាព! ដូចថា ខ្ញុំឈឺអ៊ីចឹង ភាគច្រើនទៅដល់ គេមិនត្រូវការធ្វើតេស្ត? បានគេទទួលមើលយើង! ពេទ្យខ្លះអត់ទេ អ៊ីចឹងប៉ុណ្ណឹងវាសមរម្យហើយ វាមិនថ្លៃ ហើយវាក៏មិនថោកដែរ»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ួច វុទ្ធី ចាត់ទុកការមិនយកថ្លៃធ្វើតេស្តកូវីដ-១៩ ជារឿងល្អ ដោយថា កន្លងមក ប្រជាពលរដ្ឋបានត្អូញត្អែរពីតម្លៃការធ្វើតេស្តនេះ។ មួយវិញទៀត លោកថា រដ្ឋាភិបាលនិងក្រសួងគួរតែលក់ឧបករណ៍តេស្តនេះក្នុងតម្លៃទាបដល់មន្ទីរពេទ្យឯកជននៅតាមតំបន់ដាច់ស្រយាល ដើម្បីឱ្យពួកគាត់យកទៅធ្វើតេស្តជូនប្រជាពលរដ្ឋក្នុងតម្លៃទាបដែរ ខណៈប្រជាពលរដ្ឋកំពុងជួបការលំបាកផ្នែកថវិកាអំឡុងវិបត្តិជំងឺកូវីដ-១៩នេះ។

លោកបន្តថា​៖ «នេះជាសំណូមពរខ្ញុំ ធ្វើម៉េចបានឱ្យដល់អ្នកក្រពិតប្រាកដ កុំឱ្យដូចមុន ប្រមុខរដ្ឋាភិបាលមិនឱ្យយកលុយ ក៏ប៉ុន្តែមានមន្ត្រីគ្រាប់ល្ពៅ មន្ត្រីត្រីងៀតឆ្លៀតពង ចេះតែធ្វើបាបប្រជាពលរដ្ឋ។ ឥលូវជាក់ស្ដែក នៅមន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យអង្គស្នួល យកគាត់ប៉ុន្មានម៉ឺនៗចេញហើយនៅតាមហ្វេសប៊ុក គាត់ផុស ហើយសុំតែ១០ដុល្លារ គេមិនព្រមទៀត»។

លោក ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាឱ្យក្រសួងសុខាភិបាលចែករំលែកឧបករណ៍ធ្វើតេស្តរហ័សទៅកាន់មន្ទីរពទ្យឆ្ងាយៗ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ជូនពលរដ្ឋដែលខ្វះលទ្ធភាព​ ខណៈ​លោកបានអះអាងកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថា ក្នុងកាលៈទេសៈ​កម្ពុជាកំពុងទទួលរងយ៉ាងធ្ងន់ធ្ងរពីការរាតត្បាតជំងឺកូវីដ-១៩ ការប្រើឧបករណ៍តេស្តរហ័សបានចូលរួមយ៉ាងសំខាន់ក្នុងការទប់ស្កាត់និងកាត់ផ្តាច់បណ្តាញចម្លងទាន់ពេលវេលា បើទោះថា ឧបករណ៍នេះបានមើលរំលងករណីវិជ្ជមាន២០ភាគរយក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ