អាជ្ញាធរ​ក្រុង​​ភ្នំពេញ​​ អនុញ្ញាត​​ឱ្យ​​ភោជនីយ​​ដ្ឋាន​-​អាហារ​ដ្ឋាន​ដែល​​​ធានា​​​​សុវត្ថិ​ភាព​​​​អាច​បើក​ទទួល​ភ្ញៀវ​ឡើងវិញ

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ កំលាំងល្បាតគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ធ្វើការល្បាតតាមផ្លូវក្នុងភូមិសាស្ត្រខណ្ឌ ដោយបានធ្វើការណែនាំ អប់រំ និងធ្វើការដកហូតសម្ភារចំពោះអាជីវកម្មដែលល្មើសនឹងបម្រាមជាដើម។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ)

រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាត​ឱ្យ​ភោជនីយដ្ឋាន​-អាហារដ្ឋានដែល​​ធានានូវ​វិធានសុវត្ថិភាព​ផ្នែកសុខាភិបាល​ អាច​ដំណើរ​ការ​អាជីវកម្ម​ជា​ប្រក្រតីនិង​​​ទទួល​អតិថិជន​ចូល​ទទួល​ទាន​ក្នុ​ង​បរិវេណទីតាំងរបស់ខ្លួនឡើងវិញ ដើម្បី​ជំរុញចរន្ត​សេដ្ឋកិច្ចជាតិ​។

សេចក្ដី​ណែនាំ​នេះ​ធ្វើ​ឡើងក្រោយពេលអាជីវកម្មទាំងនោះត្រូវបានផ្អាកជាបណ្តោះអាសន្ន​ បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ចូលទៅក្នុងសហគមន៍កាន់តែខ្លាំង។

សេចក្តីណែនាំរបស់អភិបាលរាជធានីភ្នំពេញ លោក​ ឃួង​ ស្រេង កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ​បានសម្រេច​អនុញ្ញាត​ឱ្យ​អតិថិជន​ចូល​ទទួល​ទាន​ក្នុង​បរិវេណ​ទីតាំងភោជនីយដ្ឋាន-អាហារដ្ឋានក្នុ​ងសណ្ឋាគារ និង​ភោជនីយដ្ឋាន​-អាហារ​ដ្ឋានដែល​មាន​ធានា​នូវ​វិធានសុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស​ការ​រក្សានូវ​គម្លាត​សុវត្ថិភាពបុគ្គលនិង​សង្គម​ ព្រមទាំង​ធានាឱ្យ​មាន​ខ្យល់​ចេញ-ចូល​គ្រប់​គ្រាន់​។

លោក​ ឃួង ស្រេង បាន​ថ្លែងក្នុង​សេចក្ដីណែនាំ​ថា ភោជនីយដ្ឋាន​-អាហារដ្ឋាន​អាច​ដំណើរ​ការ​អាជីវកម្ម​ជា​ប្រក្រតី និង​អាចទទួល​អតិថិជន​ឱ្យ​ចូល​មក​ទទួលទាន​ក្នុ​ងបរិវេណ​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួនបាន ប៉ុន្តែ​ចាំបាច់ត្រូវ​កំណត់​ចំនួន​អតិថិជនក្នុង​បរិមាណសមរម្យ​សមាមាត្រ​ទៅ​នឹង​ទំហំ​ទីតាំង ដោយ​ត្រូវ​ចៀងវាង​ការ​ប្រជ្រៀតគ្នា​ឬប្រមូល​ផ្ដុំមនុស្សច្រើនដែល​ជា​ហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជា​ត្រូវគូសគំនូស​​សម្រាប់​អតិថិជន​រក្សាគម្លាត​១,៥ម៉ែត្រ​ក្នុង​បរិវេណ​អាជីវកម្ម​​នីមួយៗ។

លោក​ ឃួង ស្រេង ក៏បានក្រើន​រម្លឹក​ថា៖ «ភោជនីយដ្ឋាន-អាហារដ្ឋាន​ដែល​ត្រូវ​បាន​អនុញ្ញាត​ដូច​ក្នុង​ចំណុច​ទី១ខាងលើនេះ​ ដាច់​ខាត​មិន​ត្រូវ​លក់​គ្រឿង​ស្រវឹងឬអនុញ្ញាត​ឱ្យ​អតិថិជន​សេពគ្រឿង​ស្រវឹងគ្រប់​ប្រភេទក្នុង​បរិវេណ​អាជីវកម្ម​ដ្ឋាន​របស់​ខ្លួនឡើយ ជាពិសេស​ត្រូវអនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវរាល់​សកម្មភាពអាជីវកម្ម​នៅ​ចម្លោះម៉ោង២១ [៩យប់] ដល់ម៉ោង៣ [៣ទៀបភ្លឺ]»។

ប្រភព​ដដែលក៏បាន​បញ្ជាក់​ថា ហេតុដូច្នេះ គណៈ​គ្រប់​គ្រងសណ្ឋាគារនិង​ម្ចាស់​ភោជនីយដ្ឋាន​-អាហារ​ដ្ឋាននីមួយៗត្រូវ​អនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យ​បាន​ម៉ត់ចត់ ដោយ​ធ្វើ​អនាម័យ​​សម្លាប់​មេរោគ ការវាស់កម្ដៅ ការស្ដេន​ QR Code និង​ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេសត្រូវ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវវិធានការ «៣ការពារ ៣កុំ» របស់​រាជរដ្ឋាភិបាល។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៧៩ ៦៣៤​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន៧២ ៨០៣នាក់ អ្នកស្លាប់ចំនួន​១ ៤៨៨នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១១ ៣៥២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ