សង្គម​ស៊ីវិល​និង​សហ​គមន៍​ថា​ បញ្ហា​កង្វះ​ស្បៀង​បាន​ជំរុញ​ឱ្យ​កសិករ​ចំណាក​ស្រុក​លក់​កម្លាំង​ពលកម្ម

អ្នកស្រី ដិន ចាន់ធី និងសមាជិកកសិករប៉ុន្មាននាក់ទៀត កំពុងចុះមើលដំណាំម្ទេសរបស់ខ្លួននៅឯចម្ការ ស្ថិតក្នុងខេត្តបាត់ដំបង។ (សុខ ចន្ទ្រាវុធ)

សហគមន៍មានបញ្ហា​ដីធ្លី ប្រជា​នេសាទ កម្មករ អ្នកប្រកបមុខរបរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាតិដើមភាគតិច បង្ហាញ​ក្ដីកង្វល់ពីបញ្ហាកង្វះស្បៀងអាហារដែលជំរុញឱ្យកសិករកាន់តែច្រើនបង្ខំចិត្តចំណាកស្រុក ដើម្បីលក់កម្លាំងពលកម្មនិងសន្សំប្រាក់ទិញស្បៀងផ្គត់ផ្គង់គ្រួសារ។

អង្គការសង្គមស៊ីវិលនិងសហគមន៍ចំនួន៨៧ បានចេញលិខិតចំហមួយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដោយ​​ស្នើទៅ​អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ ហៅកាត់ថា ហ្វាវ (FAO) ជួយ​ដោះស្រាយក្ដីកង្វល់​របស់ពួកគេ​ដែលនឹងធ្លាក់ក្នុងភាពអត់ឃ្លានជាងការឆ្លងជំងឺកូវីដ-១៩ទៅទៀត។ ​

លិខិត​ដដែល​ថា ទិដ្ឋភាពជាក់ស្ដែងមួយចំនួនអំពីភាពអត់ឃ្លាននៅកម្ពុជា មានដូចជា អស្ថិរភាពនយោបាយបានរួមចំណែកធ្វើឱ្យមានការថយចុះ​ធនធានធម្មជាតិ បញ្ហា​កង្វះ​អាហារូបត្ថម្ភ១៥ភាគរយ​ដែលស្មើនឹង​ប្រជាជន២​លាននាក់ និងប្រជាជន៧៩ភាគរយ​​រស់នៅតាមជនបទ​ពឹងផ្អែកលើកិច្ចការកសិកម្ម ជលផល និងព្រៃឈើ ដើម្បីរស់រានមានជីវិត។

មួយវិញទៀត គ្រួសារកសិករនៅតាមជនបទ​ប្រមាណ១លាន៦សែនគ្រួសារ (១ ៦០០ ០០០គ្រួសារ​) ជួប​កង្វះខាតស្រូវតាមរដូវកាល ខណៈការ​ចំណាយ​របស់​ពួក​គាត់​៣០​ភាគរយ​នៃគ្រួសារនីមួយៗ​ពឹង​លើ​ផលិផល​ស្រូវ។ ដោយឡែក កុមារកម្ពុជាចំនួន៤០​ភាគរយបានជួបបញ្ហាកង្វះអាហារូបត្ថម្ភនិងជំងឺក្រិនរ៉ាំរ៉ៃទៀតផង។

លើសពីនេះ អង្គការសង្គមស៊ីវិលនិងសហគមន៍ចំនួន​៨៧ បានលើកឡើងថា បញ្ហាកង្វះស្បៀងអាហារបានជំរុញឱ្យកសិករ​ធ្វើចំណាកស្រុកលក់កម្លាំងពលកម្ម ដើម្បីសន្សំប្រាក់សម្រាប់ទិញស្បៀងយកមកផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗនៅក្នុងគ្រួសារពួកគេ ខណៈដីធ្លីកសិកម្មរបស់កសិករមិនមានសុវត្ថិភាពនិងងាយនឹងបាត់បង់ ដោយសារការបន្តរំលោភបំពានពីពួកអ្នកមានអំណាច និងគម្រោងអភិវឌ្ឍន៍នានារបស់ក្រុមហ៊ុនសាជីវកម្ម កសិ-ឧស្សាហកម្ម ការរុករករ៉ែ និងការយកដីធ្លីទៅធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាររបស់​រដ្ឋ ជាដើម។

ករណីនេះ ពួកគេស្នើអង្គការ FAO បដិសេធចំពោះការជ្រៀតជ្រែកឥទ្ធិពលរបស់ក្រុមហ៊ុនសាជីវកម្មចូលទៅក្នុង​កិច្ច​ប្រជុំ និងបញ្ចប់ការត្រួតត្រារបស់ក្រុមហ៊ុនលើផ្នែកកសិកម្មនិងប្រព័ន្ធស្បៀងអាហារ ព្រមទាំងកាត់បន្ថយការគាំទ្រដល់សាជីវកម្ម កសិ-ឧស្សាហកម្មធំៗ ជាដើម។

តំណាងជនជាតិដើមភាគតិចខេត្តព្រះវិហារ អ្នក​ស្រី ហួត ម៉ាលី លើកឡើងថា តាំងពីរដ្ឋាភិបាលកម្ពុជា​បានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនស្ករអំពៅធ្វើការអភិវឌ្ឍ​មក បានបង្កផលប៉ះពាល់ដល់​ការរស់នៅរបស់​ប្រជា​ពលរដ្ឋតាមរយៈ​ការ​រំលោភ​​បំពាន​ដីធ្លី និងការប្រកបរបរពួកគាត់ ខណៈព្រៃឈើក៏ត្រូវរងការកាប់បំផ្លាញជាបន្ត​បន្ទាប់ថែមទៀត​ផង។

អ្នកស្រីបន្តថា ពួកគាត់បានបង់បាត់ដីធ្លីធ្វើស្រែចម្ការនិងមិនមានប្រភពប្រើប្រាស់ដូចកាលពីពេលកន្លងមក ដោយសារ​ក្រុមហ៊ុនបានរំលោភយក ដែលធ្វើឱ្យពួកគាត់ខ្វះដីធ្លីបង្កបង្កើនផល ហើយនាំគ្នាធ្វើចំណាកស្រុកទៅរកការងារនៅខេត្តផ្សេង​ និងក្រៅប្រទេស។

អ្នកស្រីថា៖ «តាំងពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើន។ ទី១ គាត់បាន​រំលោភបំពានដីស្រែចម្ការរបស់ប្រជាពលរដ្ឋនៅ​ក្នុងស្រុក។ ទី២ វាបានប៉ះពាល់ការរកស៊ីតាមជីវភាពគ្រួសារ ដូចជាតាមលក្ខណៈប្រពៃណី។ ទី៣ ប្រជាជនដែលធ្លាប់ចិញ្ចឹមគោ បានលក់អស់ ដោយសារគ្មានដីសម្រាប់ចងគោ ព្រោះក្រុមហ៊ុនបានរំលោភយក»។

នាយកប្រតិបត្តិនៃអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ្ឌ បន្ថែមថា មូលហេតុដែលសហគមន៍និងអង្គការសង្គម​ស៊ីវិលធ្វើលិខិតចំហនេះ​ដាក់​ទៅអង្គការស្បៀងអាហារ ដោយសារ​ចង់ឱ្យអង្គការនេះយក​ក្ដីកង្វល់របស់​ប្រជាកសិករទៅជជែកជាមួយរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនធំៗដែលជាប់ពាក់ព័ន្ធនឹងការរំលោភដីធ្លីរបស់​ពលរដ្ឋ​ ខណៈអាជ្ញាធរមិនសូវអើពើក្នុងការដោះសា្រយជូនពួកគាត់ឡើយ។

លោកថា៖ «កិច្ចប្រជុំនៅខែ​កញ្ញាខាងមុខនេះ គឺការជជែកពិភាក្សាគ្នាអំពីយន្តការនៃការផលិតស្បៀងដែរ ដែលមានក្រុមហ៊ុនសាជីវកម្មធំៗដែលដឹកនាំដោយពួកមហាសេដ្ឋីនៃប្រទេសអ្នកមានៗហ្នឹង ដែល​បង្កើតផលិត បង្កើតផ្នែកកសិកម្មវៃឆ្លាត ដែលកសិកម្មវៃឆ្លាតនេះបានរំលោភ​សិទ្ធិកសិករដែលគាត់ប្រើប្រាស់លក្ខណៈប្រពៃណីតាំងពីដូនតាមក។​ អ្វីដែលកសិករបារម្ភ គឺបាត់បង់ដីធ្លី អត់មានកន្លែង​ផលិត​ស្បៀង ហើយ​កម្លាំងពលកម្មជាច្រើនបានបោះបង់ការផលិតស្បៀង»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា នៅពេលខាងមុខនេះ កម្ពុជានឹងទទួលរងបញ្ហាខ្វះស្បៀង ដោយសារ​អ្នកផលិតបានបោះបង់ចោលមុខរបររបស់ពួកគាត់មកធ្វើការងារផ្សេងជំនួស​​វិញ។

លោកថា៖ «បើសិនជានៅប្រកែកគ្នាទៅវិញទៅមក ​ថារឿងមកពីកសិករ ហើយកសិករថាមកពីរដ្ឋាភិបាល ​ខ្ញុំគិតថា យើងចេញអត់រួចទេ! ហើយកម្លាំងពលកម្មចេះតែហូរចេញ ​ប្រមូលផ្ដុំមករស់នៅទីក្រុង យើងឃើញក្នុងដំណាក់កាលចុងក្រោយបិទកូវីដ-១៩នៅភ្នំពេញ មនុស្សនាំគ្នាសម្រុកទៅស្រុកវិញ។ អ៊ីចឹងប្រព័ន្ធផលិតស្បៀងនឹងជួបបញ្ហានៅពេលដែលមនុស្សនាំគ្នាទៅដេក​ស៊ី»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពាក់ព័ន្ធរឿងនេះពីតំណាងអង្គការ FAO ប្រចាំនៅកម្ពុជា និង​​​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទេ នៅថ្ងៃនេះ។

ការដាក់លិខិតចំហនេះធ្វើឡើងស្របពេលដែលអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ នឹងរៀបចំកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀងអាហារក្នុងគោលបំណងបង្កើនចំណីអាហារនិងកសិកម្ម ដើម្បីពន្លឿនគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ប្រកបដោយចីរភាព ដើម្បីផ្លាស់ប្ដូរប្រព័ន្ធស្បៀងអាហារឆ្ពោះទៅរករបបអាហារដែលមាន​សុខុមាលភាព ចីរភាព និងរស់នៅប្រកបដោយសុភមង្គល និងការពារភពផែនដីរបស់យើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ