ក្រសួង​រក​ឃើញ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ប្រមាថ​រដ្ឋា​ភិបាល​​ជាង​១ ០០០​ករណី​អំឡុង​​​ពេល​៨ខែ​ឆ្នាំនេះ​

គណនីហ្វេសប៊ុកក្លែងក្លាយដែលបង្ហោះសារបែបរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាល។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ក្រសួងព័ត៌មាន ឱ្យដឹងថា ក្នុង​ពេល​៨ខែ ឆ្នាំ២០២១នេះ ក្រសួងបានរកឃើញករណី​​​ផ្សាយពាក់ព័ន្ធនឹង​​ដំណឹង​​ក្លែង​​ក្លាយ ព័ត៌​មាន​មិន​ពិត ញុះញង់ បំពុលសង្គម និងប្រមាថ​ថ្នាក់​ដឹក​នាំ ចំនួន១ ០៦១ករណី បើធៀបនឹងឆ្នាំ២០២០ អំពើល្មើសនេះមានចំនួនប្រហាក់ប្រហែលគ្នា។

ព័ត៌មាន​ក្លែងក្លាយ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលទាំងនោះ រួមមាន ពាក់ព័ន្ធនឹងការរិះគន់ចំពោះការឆ្លងរីករាលដាល​ជំងឺ​កូវីដ-១៩, យុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩, ការអនុវត្តវិធានការបិទខ្ទប់​ និងបញ្ហាសង្គម​នានាជា​ដើម។

ក្នុងរបាយការណ៍ការងាររបស់គណៈកម្មការ​តាមដាន​ការផ្សព្វផ្សាយព័ត៌មាន​ក្លែងក្លាយ ដែល ​វីអូឌី ទទួលបានពីអគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ លោក ផុស សុវណ្ណ តាមរយៈតេឡេក្រាម​ នៅថ្ងៃទី៥ ខែសីហា​នេះ បានឱ្យដឹងថា ក្នុងចំណោមការផ្សាយពាក់ព័ន្ធនិងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់​ដឹកនាំ ចំនួន១ ០៦១ករណី ដោយមាន៥១៥ករណីបានញុះញង់ រិះគន់រាជរដ្ឋាភិបាល និងប្រតិដ្ឋបំភ្លៃការពិត។ ដោយឡែក ៣៩៥ករណី បានជេរប្រមាថអង្គព្រះមហាក្សត្រនិងថ្នាក់ដឹកនាំ ហើយ៩៥ករណី ផ្សព្វផ្សាយព័ត៌មាន​មិនពិតនិងបំពុល​សង្គម ព្រមទាំង៥៦ករណី ព័ត៌មាន​មិនពិត​តាម​បណ្តាញសង្គម​ផ្សេងៗ ដូចជា​ (TikTok, និង​ YouTube…)។

របាយការណ៍ដដែលបង្ហាញទៀតថា ក្នុង​ចំណោម​ប្រភព​ដែល​តែង​​តែ​ផ្សាយ​ព័ត៌មានមិនពិត​ ញុះញង់ ជេរប្រមាថ​ទាំងនោះ​ ​គឺ​មាន​​គណនីនិងទំព័រហ្វេសប៊ុក​ចំនួន​១៤៦ដែល​សកម្មក្នុងការផ្សព្វផ្សាយ។

បន្ថែមពីនេះ ក្រសួងព័ត៌មានក៏បាន​បញ្ជាក់ប្រាប់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងក្រុម​ប្រឆាំងព័ត៌មាន​ក្លែង​ក្លាយ និងក្រុមអន្តរក្រសួង ដើម្បីកំណត់មុខសញ្ញាអ្នកដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ ដើម្បីចាត់វិធានការច្បាប់ថែមទៀតផង។

របាយការណ៍នោះសរសេរថា៖ «សម្រាប់សារព័ត៌មានគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងអុចអាលបង្កចលាចល ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្រសួងមានវិធានការអប់រំ ណែនាំ​ និងព្រមានចំពោះអ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្តកំហុសឆ្គងខាងក្រមសីលធម៌ វិជ្ជាជីវៈ ព្យួរអាជ្ញាបណ្ណ ឬដកហូតអាជ្ញាបណ្ណចំពោះអង្គភាពសារព័ត៌មាន​ដែលគ្មានវិជ្ជាជីវៈ ផ្សព្វផ្សាយព័ត៌មានមិនពិត និងដំណឹងក្លែងក្លាយ ប្តឹងទៅតុលាការតាមនីតិវិធីច្បាប់»។

ទោះជាបែបនេះក្តី ក្នុងរបាយការណ៍ក្រសួងព័ត៌មានមិនបានបញ្ជាក់ពីចំនួនស្ថាប័នដែលត្រូវព្យួរឬលុបចេញពីបញ្ជីក្រសួង ឬចំនួនមនុស្សដែលត្រូវបញ្ជូនទៅតុលាការចាត់វិធានការច្បាប់នោះទេ ។

​ទាក់ទិននឹងបញ្ហានេះ ​កាលពីដើមខែកក្កដា​ ឆ្នាំ២០២១នេះ ក្រសួងព័ត៌មានបានចេញលិខិតអនុញ្ញាតឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស អាជ្ញាធរខេត្តកណ្តាល ចាត់វិធានការច្បាប់​លើ​អ្នកសារ​ព័ត៌មាន​ដែលមិនមានវិជ្ជាជីវៈ ល្មើសច្បាប់ និង​ផ្សព្វផ្សាយព័ត៌មាន​ញុះញង់​ បង្កឱ្យមា​នការ​ភ័ន្ត​ច្រឡំ និង​ប៉ះពាល់​សណ្តាប់​​ធ្នាប់​សាធារណៈ ដោយមិនចាំបាច់សុំគោលការណ៍​ពីក្រសួងសាម៉ីនោះឡើយ។

លិខិតដដែល​បញ្ជាក់​ថា អ្នកសារព័ត៌មានដែលកំពុងមានភារកិច្ចនៅក្នុងប្រទេសកម្ពុជា មានសិទ្ធិ​សេរីភាព​ក្នុង​ការ​ចុះយក​ព័ត៌​មាន ការ​សុំព័ត៌មាន​ពីស្ថា​ប័ន​សាធារណៈ និងផ្សព្វផ្សាយព័ត៌មានជូន​សាធារណជន ដោយផ្អែកលើគោលការណ៍​ច្បាប់ ក្រមសីល​ធម៌ វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​​ក្នុងការបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ប៉ុន្តែ​មិន​អាចទៅយកព័ត៌មានក្នុងតំបន់ហាមឃាត់ដោយអាជ្ញាធរមានសមត្ថកិច្ច​ និងអំឡុងពេលដែលសមត្ថកិច្ច​កំពុងអនុវត្ត​ការងារតាមផ្លូវច្បាប់នោះ​​បានទេ ។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា ដើម្បីបង្ហាញពីតម្លាភាពជុំវិញរបាយការណ៍ដែលបានរកឃើញនោះ​ ក្រសួង​គួរតែ​​ពន្យល់ឱ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ ហើយផ្សាយឱ្យសាធារណជនបានដឹង ដើម្បីកុំឱ្យមានការភ័ន្តច្រឡំ ជុំវិញការចោទប្រកាន់ខុសពីការពិតលើអ្នកសារព័ត៌មានឬស្ថាប័នសាម៉ីជាដើម។

លោក ណុប វី បញ្ជាក់ថា បើសិនជាក្រសួងព័ត៌មានមិនបង្ហាញពីតម្លាភាពនៃការស្រាវជ្រាវរបាយការណ៍របស់ខ្លួនទេ នឹងធ្វើឱ្យអ្នកសារព័ត៌មានឬស្ថាប័នសាម៉ីរងការគំរាមកំហែងផ្នែកសេរីភាពបញ្ចេញមតិ ផ្ទុយពីច្បាប់ជាតិនិងអន្តរជាតិ ជាដើម។

លោកមានប្រសាសន៍ថា៖ «បើកាលណាយើងកង្វះតម្លាភាពនៅក្នុងការពិនិត្យនៅក្នុងការវាយតម្លៃ វាបង្ហាញពីការគំរាមកំហែងសេរីភាពរបស់អ្នកសារព័ត៌មាន ដែលបង្កើតឱ្យមានប្រព័ន្ធផ្សព្វផ្សាយ ឬក៏គេហទំព័រ ឬហ្វេសប៊ុកផេក ដើម្បីផ្សព្វផ្សាយព័ត៌មានទាំងអស់ហ្នឹង។ វាជាសារមួយដែលធ្វើឱ្យមានក្តីព្រួយបារម្ភទៅលើសេរីភាពរបស់អ្នកសារព័ត៌មាន  ឬមួយប្រជាពលរដ្ឋ​ដែលគាត់ចង់ចូលរួមក្នុងកិច្ចការសង្គម តាមរយៈការសរសេរព័ត៌មានក្តីឬការបង្ហោះព័ត៌មាន»។

លោក​បន្ថែមថា៖ «មួយវិញទៀត យើងដឹងហើយ រឿងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ គឺសេរីភាពក្នុងការបញ្ចេញមតិនេះ​ សំខាន់ណាស់! បើសិនជាការវាយតម្លៃមិនបានត្រឹមត្រូវ វាអាចធ្វើឱ្យមានផលប៉ះពាល់ទៅដល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែរ នេះជាអ្វីដែលយើងមានការព្រួយបារម្ភ»។

​កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ​​ក្រសួង​ព័ត៌មាន​សម្រេច​បង្កើតគណៈកម្មការ​មួយ ដើម្បី​តាមដាន​ វាយតម្លៃ ​និង​លើកសរសើរ​​ចំពោះ​អ្នក​សារព័ត៌មាន​និង​អង្គភាព​សារព័ត៌មាន​ដែល​បាន​អនុវត្តត្រឹមត្រូវ​តាម​ក្រមសីលធម៌និង​វិជ្ជាជីវៈសារព័ត៌មាន។ គណៈកម្មការនេះ​ក៏​មាន​សិទ្ធិដាក់​ពិន័យ​ចំពោះ​អ្នក​សារព័ត៌មាន​និង​អង្គភាព​សារព័ត៌មាន​ណា​ដែល​ខ្លួន​រក​ឃើញ​ថា ប្រព្រឹត្ត​ល្មើស​នឹង​ក្រម​សីលធម៌វិជ្ជាជីវៈសារព័ត៌មានផងដែរ។

របាយការណ៍របស់​មជ្ឈមណ្ឌលកម្ពុជា ​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា (CCIM)  ដែលបានសម្ភាស​អ្នក​សារព័ត៌មានឯករាជ្យ ក្នុងឆ្នាំ២០២០ បង្ហាញថា អ្នកសារព័ត៌មាន៩៥,៥ភាគរយ ឆ្លើយថា ពួកគេបារម្ភអំពីការធ្វើព័ត៌មានរឿងអាស្រូវនៃអំពើពុករលួយ ក្នុងនោះ ជិត៩០ភាគរយ (៨៩,៧២%) ឆ្លើយថា បារម្ភអំពីការធ្វើព័ត៌មានរឿងបទល្មើស​​ព្រៃឈើ និង ៨៥,០៥ភាគរយ បារម្ភអំពីការធ្វើព័ត៌មានពាក់ព័ន្ធនឹងធនធានធម្មជាតិនិង​បញ្ហានយោបាយ។

ក្នុងរបាយការណ៍របស់ខ្លួនស្តីពី«សន្ទស្សន៍សេរីភាពសារព័ត៌មានក្នុងឆ្នាំ២០២០» អង្គការអ្នកសារព័ត៌មានគ្មានព្រំ​ដែនដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ​ប្រទេសបារាំង បាន​ដាក់​ចំណាត់​ថ្នាក់ប្រទេសកម្ពុជានៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៨០ ដែលតួលេខនេះបង្ហាញពីការធ្លាក់ចុះជាបន្តបន្ទាប់ចាប់​តាំងពីឆ្នាំ២០១៧មក៕


សេចក្ដីកែតម្រូវ៖ […] ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា និង​សោតទស្សន៍​ លោក ផុស សុវណ្ណ […] ទៅជា […] អគ្គ​នាយកដ្ឋាន​ព័ត៌មាន​ និង​សោតទស្សន៍​ លោក ផុស សុវណ្ណ ណ […]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ