រដ្ឋា​ភិបាល​កម្ពុជា​កំពុង​ធ្វើការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ ជុំវិញ​ការ​លួច​នាំ​ប្រេង​ឆៅ​ចេញ​ពី​កម្ពុជា​ទៅ​ថៃ​

សកម្មភាពខួងអណ្ដូងផលិតកម្មនៅលើផ្លាតហ្វមខួងអណ្ដូងនៅក្នុងទីតាំងប្លុក A ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

មន្ត្រីជាន់ខ្ពស់​ក្រសួងរ៉ែ និងថាមពល អះអាងថា រដ្ឋាភិបាល​​កំ​​ពុង​​​​តែ​​ធ្វើ​​ការ​​ដោយយកចិត្តទុកដាក់បំផុតជាមួយភាគីពាក់ព័ន្ធ ចំពោះករណីដែលមានការ​​លួចនាំប្រេងឆៅ​​​ចេញ​​​​​ពី​​​កម្ពុជា ពីសំណាក់​​​ម្ចាស់បំណុលរបស់​ក្រុមហ៊ុនបូមប្រេងឈ្មោះ គ្រីសអែនណឺជី (Kris Energy)។

មន្រ្តីនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានប្រាប់ ​វីអូឌី​​ នៅថ្ងៃទី​៦ ខែ​សីហា ថា  ពេលនេះ គ្រប់ភាគីដែលជាប់ពាក់ព័ន្ធនឹង​ការលួចនាំប្រេងឆៅចេញពីកម្ពុជានេះ កំពុងតែ​​ដោះ​​​​ស្រាយ​រួមគ្នា។ លោកបន្ថែមថា មកដល់ពេលនេះ លោកមិនអាចផ្តល់ព័ត៌មានពិស្តារអំពីនីតិវិធី​​ដាក់​​បណ្តឹងឬប្តឹងទៅខាងណា ដើម្បីទទួលបានយុត្តិធម៌ក្នុងរឿងនេះនៅឡើយទេ។

លោកបន្តថា៖ «ហ្នឹងហើយ ខ្ញុំកំពុងជាប់ប្រជុំ។ យើងកំពុងតែធ្វើការហើយ ចាំមើលមានវឌ្ឍនភាពអី​​ទៅ​​មុខទៀត​​ទៅ ចាំផ្តល់ដំណឹង។ ឥលូវនេះ យើងកំពុងតែធ្វើការ យើងអត់អាចប្រាប់លម្អិត​​បានដែរ​​។ ​​អត់បានទាន់ប្រាប់បានទេ យើងកំពុង​ធ្វើការតាមផ្លូវច្បាប់»។

កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយថា ប្រេងឆៅកម្ពុជាជិត៣០ម៉ឺនប៉ារ៉ែល (២៩ម៉ឺន) ត្រូវបានក្រុមហ៊ុន ​គ្រីសអែនណឺជី (Kris Energy) លួចដឹកចេញពីទីតាំងអណ្តូង​ប្រេងទៅកាន់​​ប្រទេសថៃ តាមរយៈកប៉ាល់ដែលផ្ទុកប្រេង​របស់​​ក្រុម​​ហ៊ុននេះ។

លោក ជៀប សួរ ធ្លាប់ប្រាប់ថា អ្នកដែលបញ្ជាឱ្យអ្នកបើកកប៉ាល់​លួចប្រេងនេះ គឺជាម្ចាស់​​បំណុល​​របស់​​ក្រុមហ៊ុន គ្រីសអែនណឺជី។

លោក​ឧត្តមនាវីឯក ទា សុខា មេបញ្ជាការរងជើងទឹក និងជាមេបញ្ជាការជួរមុខនៃកងយោធ​ពល​ខេមរភូមិន្ទ នៅថ្ងៃសុក្រនេះ​ បាន​បដិសេធ​ក្នុងការផ្តល់​​ព័ត៌​​មានលម្អិតអំពីចំណាត់ការរបស់កងកម្លាំង​ឆ្មាំស​មុទ្រដែលលោក​​ទទួល​​ខុសត្រូវ។

លោកបន្តថា៖ «អត់ទាន់ទេ! ឥលូវនេះកំពុងជាប់ប្រជុំបន្តិចសិន»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាង​ក្រុមហ៊ុន ​គ្រីសអែនណឺជី (Kris Energy) បានទេ។

នៅពេលនេះ កម្ពុជាសម្រេចផ្អាកបូមប្រេងទាំងស្រុងហើយ បន្ទាប់ពីក្រុមហ៊ុន គ្រីសអិនណឺជី ដែល​​មាន​មូលដ្ឋាននៅប្រទេស​សិង្ហបូរី បានប្រកាសពីការក្ស័យធនរបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ​​២០​​២​១​កន្លងទៅនេះ។ ក្រុមហ៊ុន Kris Energy បានរកឃើញតំណក់ប្រេងជាលើកដំបូងនៅ​​ចុងឆ្នាំ២០២០ បន្ទាប់មកក្រុមហ៊ុននេះប្រកាសក្ស័យធនដោយសារជាប់បំណុល។

ក្រោយ​មក នៅ​​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន Kris Energy បានប្រកាសថា ខ្លួនពិតជា មិនអាច​​មាន​​លទ្ធភាពសង​​បំណុល​​ទាំង​​ប្រាក់ដើមនិងការប្រាក់នោះទេ។

ការប្រកាសពីការក្ស័យធននេះ ត្រូវបានភាគីក្រុមហ៊ុនបញ្ជាក់ថា មូលសំខាន់គឺការធ្លាក់ចុះកម្រិត​​ប្រេង​​ដែលរកឃើញនៅអណ្តូងអប្សរា ឬប្លុកអេ។ ការប៉ាន់ស្មានក្នុងជំហានដំបូង ក្រុមហ៊ុនរំពឹងថា ប្រេងឆៅអាចនឹងបូមបានជាង៧ពាន់ធុងក្នុងមួយថ្ងៃ ប៉ុន្តែជាក់ស្តែង ប្រេងដែលបូមបានមិន​​ដល់​​៣​​ពាន់ធុងនោះទេ។

យ៉ាងនេះក្តី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ចំពោះករណីលួច​នាំ​ប្រេងឆៅរបស់កម្ពុជា​ទៅកាន់​ប្រទេសជិត​ខាងនេះ ឆ្មាំសមុទ្រ​កម្ពុជា ទទួល​​ខុស​​ត្រូវ​​មួយ​​ផ្នែក​ធំ​​បំផុត។ លោកដាក់ជាចម្ងល់​ថា តើមានមូលហេតុអ្វីខ្លះនៅពី​​ក្រោយ​​នៃការ​​បើក​​ផ្លូវឱ្យ​នាវា​ដឹក​​ប្រេង​​ឆៅ អាចចេញទៅបានដោយស្រួល ដោយមិនមានការត្រួតពិនិត្យពីឆ្មាំ​​សមុទ្រ​​ដូច្នេះ​​ទៅវិញ។

លោកបន្តថា៖ «នេះជាសំណួរដ៏ធំមួយដែលយើងត្រូវសួរទៅឆ្មាំសមុទ្ររបស់យើង ជាពិសេសមេដឹក​​នាំ​នៃឆ្មាំ​​សមុទ្រ​​ហ្នឹង ​​គាត់ត្រូវទទួលខុសត្រូវព្រោះកប៉ាល់ធំ ហើយធម្មតាចេញពីដែនយើងទៅ​​ដែន​​​​នៃប្រទេស​​ផ្សេង គឺត្រូវមាននីតិវិធី ត្រូវមានឯកសារសុំ​អនុញ្ញាត​​ជាក់លាក់។ អ៊ីចឹងកន្លែង​​ដែល​​យើងឆ្ងល់ហើយសំណួរត្រូវសួរដេញដោលទៅថ្នាក់ដឹកនាំឆ្មាំសមុទ្រ​កម្ពុជាហ្នឹង តើមូលហេតុអីបានជាយើងបណ្តោយឱ្យកប៉ាល់ដ៏ធំបែបនេះ [អាចលួចដឹកប្រេងចេញទៅបាន​] ដោយយើងអត់ដឹង? ទម្រាំតែយើងដឹង ​​កប៉ាល់ហ្នឹងបាន​​ចូល​​ដល់ដែនដីប្រទេសថៃ បានន័យថា យើងផុត​ដែនសមត្ថកិច្ចក្នុងការចាប់​​យកកប៉ាល់​​ហ្នឹង​​មក​​វិញ​»។

បើតាមលោក ប៉ិច ពិសី ក្រុមហ៊ុន គ្រីសអិនណឺជី នេះ ទើបតែបូមប្រេងឆៅបាននៅក្នុង​​អណ្តូង​​ប្រេង​អប្សរា ឬប្លុកអេនេះ នៅក្នុងបរិមាណផ្ទៃដីចំនួន១១០គីឡូម៉ែត្រ​ការ៉ែនៅឡើយទេ ខណៈ​​កម្ពុជា​​មានសក្ដានុពលអាចទាញយកប្រេងបានពីក្នុងប្លុកអេនេះមួយមានរហូត​​ដល់​​ទៅ​​ជាង៣​​ ៣០០​គីឡូម៉ែត្រការ៉េ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ