កម្ពុជា​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ជនជាតិ​ឥណ្ឌា​និង​ជន​បរទេស​មក​ពី​ឥណ្ឌា​ចូល​កម្ពុជា​វិញ​

សមត្ថកិច្ចកម្ពុជាដាក់ឧបករណ៍ត្រួតពិនិត្យកម្ដៅលើអ្នកដំណើរ ដើម្បីបង្ការការរាលដាលកូវីដ១៩ នៅព្រលានយន្តហោះ អំឡុងវិបត្តិកូវីដ១៩ ឆ្នា២០២០។(ក្រសួងសុខាភិបាលកម្ពុជា)

ក្រសួងសុខាភិបាល​បាន​លុបចោល​បំរាម​ហាមឃាត់​អ្នក​ធ្វើដំណើរ​ជនជាតិ​ឥណ្ឌា និង​ជនបរទេស​ទាំងអស់​ដែល​មកពី​ប្រទេស​ឥណ្ឌា​ចូល​មក​កម្ពុជាវិញ បន្ទាប់​ពី​ការឆ្លង​រីករាល​ដាល​ជំងឺកូវីដ-១៩ នៅ​ឥណ្ឌា​បាន​ធូរស្រាល​។

ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកធ្វើ​ដំណើរ​ជនជាតិឥណ្ឌា និង​ជនបរទេស​ទាំងអស់​ដែលមក​ពី​ប្រទេសឥណ្ឌា​ចូលកម្ពុជា អាច​ធ្វើដំណើរ​ចូលមក​ប្រទេសកម្ពុជា​ជាធម្មតា​វិញបាន ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ នេះតទៅ។ ក្រសួងសុខាភិបាល​បញ្ជក់ថា ការដក​បំរាម​ហាមឃាត់​ពី​ប្រទេសឥណ្ឌានេះ គឺ​ដោយសារ​ស្ថានភាព​នៃ​ការ​ឆ្លងរីករាល​ដាល​ជំងឺកូវីដ-១៩ បាន​ធូរស្រាល​ឡើងវិញ​។​

គួររំលឹកថា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២១ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដីប្រកាសមួយ​ដោយ​ហាមឃាត់​ការធ្វើដំណើរ​ចូល​មក​ប្រទេសកម្ពុជា​ចំពោះ​​ជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែល​ធ្វើដំណើរ​មកពីប្រទេសឥណ្ឌា ឬឆ្លងកាត់​ប្រទេសឥណ្ឌា ឬមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេសឥណ្ឌា​រយៈពេល៣សប្តាហ៍មុន ហាម​ចូលមក​ប្រទេសកម្ពុជា តាមផ្លូវ​អាកាស ឬតាម​ផ្លូវគោក។ ការហាម​ឃាត់នេះ ដោយសារ​ប្រទេសឥណ្ឌា បាន​នឹងកំពុង​ផ្ទុះការឆ្លងរីករាល​ដាលនៃ​ជំងឺកូវីដ-១៩ បំប្លែងថ្មី «ដែលតា» ដែល​សម្លាប់មនុស្ស​រាប់លាន​នាក់។

បច្ចុប្បន្ន​ជំងឺកូវីដ-១៩ ដែល​មានប្រភពចេញពី​ប្រទេសឥណ្ឌា​បាន​ឆ្លងទៅកាន់បណ្ដា​ប្រទេសផ្សេងៗ​ទៀត ខណៈ​កម្ពុជា​បានរកឃើញ​ជំងឺកូវីដ-១៩ បំប្លែងថ្មីនេះ ចំនួន ៣២៧ នាក់ ចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ