ខេត្ត​ជាប់​ព្រំដែន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​តាម​ការ​ណែនាំ​របស់​នាយក​រដ្ឋ​មន្ត្រី

នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) ដល់មន្រ្តីសុខាភិបាល មន្រ្តីរាជការ និងអាជ្ញាធរជួរមុខ ក្នុងខេត្តព្រះវិហារ នៅសាលាខេត្តព្រះវិហារ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

ខេត្តចំនួន៨ជាប់​ព្រំដែន​ថៃ នៅ​ចុងសប្តាហ៍នេះ បានចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ដូសទី៣ ឬដូស​ជំរុញ ជូនមន្ត្រីរាជការនិងកងកម្លាំង ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោយពីនាយករដ្ឋមន្ត្រីបានណែនាំ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កា​លពីសប្តាហ៍មុន បានណែនាំឱ្យ​ប្រើ​ប្រាស់វ៉ាក់​សាំង AstraZeneca ដែលជា​ជំនួយរបស់ប្រទេសជប៉ុន ជាដូសទី៣ សម្រាប់ចាក់ឱ្យអ្នកដែលបានចាក់វ៉ាក់សាំង «ស៊ីណូវ៉ាក់» ឬ «ស៊ីណូហ្វាម» ចំនួន​២ដូសរួចហើយ​ ដើម្បីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការ​ឆ្លង​​ជំងឺកូវីដ-១៩ ជាពិសេស​នៅតាម​បណ្តា​ខេត្តជា​ប់​ព្រំដែនកម្ពុជា-ថៃដែ​លកំ​ពុងប្រឈមនឹងវីរុស​កូវីដ-១៩​បំប្លែងថ្មីប្រភេទ Delta។

​បើតាមការចុះផ្សាយនៅថ្ងៃអាទិត្យ​ម្សិលមិញ​របស់រដ្ឋបាលខេត្តនីមួយៗ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀ​ម​រា​ប និងខេត្តព្រះវិ​ហារ ជាដើម បានចាប់ផ្តើមចាក់វ៉ាក់សាំងដូស​ទី៣នេះ ជូនមន្ត្រីរាការនិងក​​ងម្លាំ​ង ក្រោយពីមានការណែនាំរបស់នាយករដ្ឋមន្ត្រី។

ថ្មីៗនេះ ប្រទេសជប៉ុនបានផ្តល់​ជំនួយវ៉ាក់សាំងប្រភេទ AstraZeneca ចំនួន១លានដូសជាលើកដំបូងដល់ប្រទេសកម្ពុជា ចាប់ពីកម្ពុជាបានផ្ទុះជំងឺនេះពីដើមឆ្នាំ២០២០​មក ក្នុងកិច្ចសហការចូលរួមទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃជំងឺរលាកផ្លូវដង្ហើមសកលនេះ។ 

កាលពីថ្ងៃអាទិត្យ ប្រធានគណៈកម្មាធិ​ការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស និង​ជា​អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា អ្នកជា​សះ​ស្បើយ​​​ពីជំងឺកូវីដ-១៩ មិនមានភាពចាំបាច់ក្នុងការទទួល​វ៉ាក់សាំងដូសទី៣នេះភ្លាមៗទេ ដោយថា សារ​ពាង្គ​កាយរបស់​អ្នកជំងឺមានកងការពារគ្រប់គ្រាន់​សម្រាប់​ទប់ទល់នឹងជំងឺកូវីដ-១៩​នេះ​ហើយ។

លោកស្រី​បានគូសបញ្ជាក់ថា ចំពោះការចាក់វ៉ាក់សាំងដូសទី៣ គឺផ្តល់ជូនសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់​ ចំនួន២ដូសរួចរាល់ ហើយមិនធ្លាប់ឆ្លងជំងឺកូវីដ-១៩ពីមុនមក។

យ៉ាងណា លោកស្រីថា បន្ទាប់ពីជាសះស្បើយបានចន្លោះពី៦ទៅ៨ខែ ពួកគេអាច​ទទួល​ការ​ចាក់វ៉ាក់សាំងដូសទី៣នេះ​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ