កូវីដ-១៩​​បំប្លែង​ថ្មី​​​ កំពុង​ឆ្លង​រាល​ដាល​​​យ៉ាង​លឿន​ដល់​ជិត​២០​រាជ​ធានី-ខេត្ត

ពលករកម្ពុជាដែលវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនខេត្តឧត្ដរមានជ័យ ត្រូវបានអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធរៀបចំបញ្ជូនទៅធ្វើចត្តាឡីស័ក ដើម្បីបង្ការការរាតត្បាតកូវីដ១៩ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

ក្រសួងសុខាភិបាល ឱ្យ​​ដឹងថា វីរុសកូវីដ-១៩បំប្លែង​ថ្មីប្រភេទ Delta កំពុងពង្រីកខ្លួនយ៉ាងលឿនដល់ជិត២០​​រាជធានី-ខេត្ត ដែលតម្រូវឱ្យពលរដ្ឋបន្តចូលរួមគោរពវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់រលកចម្លង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​សុខាភិបាល ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១​ ឱ្យដឹងថា លទ្ធផលនៃការ​ធ្វើវិភាគដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ចុះ​ថ្ងៃទី៧ ខែ​សីហា បាន​បង្ហាញពីការ​​រកឃើញករណីឆ្លងវីរុស​កូវីដ-១៩បំប្លែងថ្មី ប្រភេទ Delta ចំនួន៥៨ករណីបន្ថែមទៀត ក្នុងនោះ វីរុស​នេះបានវាយលុកចូ​លក្នុង​សហគមន៍ ជាពិសេស​នៅខេត្តឧត្ដរមានជ័យ រាជធានីភ្នំពេញ ខេត្ត​សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និង​បណ្តាខេត្តមួយចំនួនទៀត។

បើគិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី៧ ខែ​សីហា ឆ្នាំ២០២១ ពោ​ល​គឺរយៈពេល​ជាង៤ខែប៉ុណ្ណោះ កម្ពុជា​បានរកឃើញវីរុសបំប្លែងថ្មី Delta នេះ ចំនួន៣៨៥នាក់ ក្នុងនោះមាន​ស្រី្ត១៨៧នាក់ ដែលឆ្លង​លើពលរដ្ឋ​ខ្មែរ​ត្រ​ឡប់ពីប្រទេសថៃ បុគ្គលិក​សុខាភិបាល ពលរដ្ឋក្នុងសហគមន៍ និងអ្នកដំណើរតាមជើងហោះហើរចូលកម្ពុជា។

ដើម្បីបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងមេរោគបំប្លែងថ្មី ឬក៏ប្រភេទថ្មីផ្សេងទៀត ខណៈ​វីរុសបំប្លែងថ្មី ​Delta បាននិងកំពុងរាតត្បាតវាយលុកចូលសហគមន៍ក្នុងប្រ​ទេ​ស​កម្ពុជានោះ ក្រសួងសុខាភិបាលបានអំពាវនាវ​ដល់​​សាធារណជននៅទូទាំងប្រទេស ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ក្នុងការ​​ការពារខ្លួន អនុវត្តវិធាន​សុខា​ភិបាល និង​ត្រូវចេះសម្របខ្លួនរស់នៅតាមបែបគន្លងថ្មី ក្នុងបរិបទកូវីដ-១៩។

កាលពីថ្ងៃសុក្រ រដ្ឋាភិបាលបានលើកឡើងថា «វីរុសបំប្លែងថ្មី Delta កំពុងពង្រីកខ្លួនយ៉ាងលឿនទៅកាន់រាជធានី-ខេត្តចំនួន១៧»។ ករណីនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការមួយចំនួន ដើម្បីត្រៀមលក្ខណៈទុកមុន ក្នុងការគ្រប់គ្រងមេរោគបំប្លែងថ្មីនេះ។

បើតាមវិធានការនោះ ខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនទីតាំងធ្វើចត្តាឡីស័កនៅតាម​ភូមិ ឃុំ សង្កាត់ ចំណែកមណ្ឌលសុខភាពនៅស្រុក សម្រាប់ព្យាបាលអ្នកជំងឺ។

ចំណែកខេត្តនៅខាងក្នុងវិញ ត្រូវផ្អាក​ទទួលធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងត្រូវបញ្ចេញ​អ្នកដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ឱ្យមកធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ដោយទុកមណ្ឌល​ទាំងនោះត្រៀមដាក់​ពលករខ្មែរត្រឡប់ពីប្រទេសថៃ ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លង​វីរុសបំប្លែងថ្មី Delta នេះ រួមទាំងការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ និងប្រាក់ឧបត្ថម្ភ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ