ជនជាតិដើមភាគតិចថា វិបត្តិជំងឺកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគេ

ដីភូមិពលរដ្ឋមួយកន្លែងក្នុងស្រុកមួយខៃខេត្តរតនគិរី បានដាក់របាំងឈើនិងមានសរសេរពាក្យបម្រាមមិនឱ្យចូល ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ចូលក្នុងភូមិពួកគេ នាដើមខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរព័ត៌មានខេត្តរតនគិរី)

​​ជនជាតិដើមភាគតិច បានលើកឡើងថា ការរាលដាលជំងឺកូវីដ-១៩បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅនិងប្រពៃណីទំនៀមទម្លាប់របស់ពួកគេ។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ជនជាតិដើមភាគតិចដែលចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បាន​ឱ្យដឹង​ថា ការរាលដាលជំងឺកូវីដ-១៩បានធ្វើឱ្យតម្លៃទិន្នផល​របស់សហគមន៍ជនជាតិដើមភាគតិច ដូចជា គ្រាប់ស្វាយចន្ទី សណ្តែកសៀង ដំឡូងមី និងទិន្នផលផ្សេងទៀត បានចុះថោកឬគ្មានទីផ្សារ​សម្រាប់លក់នោះទេ ខណៈសហគមន៍ជនជាតិដើមភាគតិច ភាគច្រើនជាប់បំណុលនៅធនាគារ ដែលធ្វើឱ្យពួកគេជួបការលំបាកកាន់តែខ្លាំង។

ប្រធានបណ្តាញជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភីរម្យ មានប្រសាសន៍​ថា ខណៈ​ដែល​ទិន្នផលជនជាតិដើមភាគតិចចុះថោក តម្លៃទំនិញនៅទីផ្សារបានហក់ឡើងខ្ពស់ ដែលធ្វើជនជាតិដើមភាគ​តិចកាន់តែជួបការលំបាកក្នុងចំណាយផ្សេងៗ។

អ្នកស្រីបន្តថា ការរាលដាលជំងឺកូវីដ-១៩បានធ្វើឱ្យជនដើមភាគតិចមិនអាចជួបជុំគ្នាប្រារព្ធ​ពិធីបែបសាសនាផ្សេងៗ និងមិនអាចចេញទៅការពារព្រៃអារក្សនិងព្រៃរក្សាទុករបស់ជនជាតិដើមភាគតិច ដែលធ្វើឱ្យជនល្មើសចូលកាប់និងទន្ទ្រានយកជាដើម។

អ្នកស្រីបន្ថែមថា៖ «ពេលដែលទៅលួចកាប់ព្រៃកន្លែងកប់ខ្មោច កន្លែងអារក្សហ្នឹង គឺពួកខ្ញុំមិនអាចទៅហាមឃាត់គេបានទេ។ យើងទៅបានតែគ្នាតិចនាក់ ដល់ពេលយើងទៅគ្នាតិចនាក់ពេក ទប់ស្កាត់​អត់ឈ្នះ​អ្នកមកពីខាងក្រៅទេ ព្រោះគេគ្នាច្រើន គេគំរាមកំហែងពួកខ្ញុំតែ២ឬ៣នាក់ហ្នឹង។ មួយទៀត ពេលដែលពួកខ្ញុំមានរបស់របរទៅលក់ ដូចជា អនុផលព្រៃឈើ អនុផលពីចម្ការក៏ដោយ គឺវាចុះថោកឬអត់មានអ្នកទិញទៀត។ អ៊ីចឹង​សេដ្ឋកិច្ចពួកខ្ញុំត្រូវបានបាត់ ត្រូវបានលំបាក»

សមាជិកបណ្តាញជនជាតិដើមភាគតិចព័រ រស់នៅខេត្តពោធិ៍សាត់ អ្នកស្រី ឌឹម សុខសាន្ត បានសុំឱ្យភាគីពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​ ជួយដោះស្រាយផលប៉ះពាល់លើ​ជនជាតិដើមភាគតិចដោយសារ​ការរាលដាលជំងឺ​កូវីដ-១៩​នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យពួកគេមានទីផ្សារសម្រាប់លក់ទិន្នផល និងជួយការពារ​សម្បត្តិ​សមូហ​ភាព ប្រពៃណី វប្បធម៌ អត្តសញ្ញាណ និងដីធ្លីរបស់ពួកគេ ជាដើម។

អ្នកស្រីបន្ថែមថា៖ «ទាក់ទងការប្រមូលផលរបស់គាត់ ពេលខ្លះការនាំចេញមានការលំបាក ជួនកាលគាត់ទុកវាចោលនៅផ្ទះរបស់គាត់ទៅ។ ហើយទាក់ទងជនជាតិដើមភាគតិចព័រ​យើង គឺយើងបាន​មាន​កា​រសែនព្រេន​អារក្សអ្នកតានៅតាមតំបន់របស់យើង គឺយើងមានដដែល ប៉ុន្តែឥលូវយើងមិនអាចធ្វើបានទេ ដោយ​សារ​តែវិបត្តិជំងឺកូវីដ-១៩ គេមិនឱ្យយើងជួបជុំគ្នា»។

មន្ត្រីសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក តែម រ័ត្ន មានប្រសាសន៍ក្នុង​ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នាថ្ងៃទី៩ ខែសីហានេះ​ថា ស្ត្រីជនជាតិដើមភាគតិចដែលជាអ្នកផ្គត់ផ្គង់ជីវភាពនិងផ្តល់អាហារ បានជួបបញ្ហាធ្ងន់​ធ្ងរដោយសារបញ្ហាជំងឺកូវីដ-១៩។

លោកបាន​ស្នើឱ្យភាគីពាក់ព័ន្ធត្រូវរៀបចំ​ផែនការធ្វើឱ្យប្រសើរឡើងវិញ និងត្រូវគិតគូរនូវកិច្ចសន្យា​សង្គម ដើម្បី​ឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ ហើយឆ្លើយតប​ទៅនឹងតម្រូវការនិងកង្វល់របស់ជនជាតិដើមភាគតិច។

លោកបន្ថែមថា៖ «ដូច្នេះហើយការរៀបចំផែនការ ការកសាងឡើងវិញឱ្យបានប្រសើរ គិតគូរអំពីកិច្ចសន្យាសង្គមដើម្បីឆ្លើយតបទៅនឹង​ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវតែរួមបញ្ចូលនៅការស្តាប់និងការលើកឡើងពីតម្រូវការនិងកង្វល់របស់បងប្អូនជនជាតិដើមភាគគិច»

អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ លោក ឯក ប៊ុនថា មានប្រសាសន៍ថា កន្លងមក ក្រសួង​បានយកចិត្តទុកដាក់ចំពោះបញ្ហាជនជាតិដើមភាគតិច ហើយតែងតែយក​កង្វល់និងបញ្ហាប្រឈម​របស់ពួកគេប្រាប់ដល់ប្រមុខ​រដ្ឋាភិបាលដើម្បីរកដំណោះស្រាយ។

លោកបន្ថែមថា៖ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកជំទាវរដ្ឋមន្ត្រី តែងតែរំឭកដល់អាជ្ញាធរបណ្តាខេត្តដែលមានជនជាតិដើមភាគតិចរស់នៅ ឱ្យយកចិត្តទុកដាក់ ជាពិសេសឱ្យចូល​រួមជា​មួយ​គ្នា ហើយបានស្នើឱ្យជនជាតិដើមភាគតិចត្រូវតែមករកពួកយើង ដើម្បី​ពិភាក្សានូវកង្វល់និងបញ្ហាប្រឈមរបស់ពួកគេ ដើម្បីដោះស្រាយ ដើម្បីការពារឬអភិរក្សប្រពៃណី វប្បធម៌ អត្តសញ្ញាណ របស់ពួកគេ»

យោងតាមលទ្ធផលជំរឿនឆ្នាំ២០១៣ ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមរបស់​ជន​ជាតិ​ដើម​​ភា​គ​តិច នៅថ្ងៃនេះ បង្ហាញថា​ នៅកម្ពុជាមានជនជាតិដើមភាគតិចចំនួន១៨៣ ៨៣១នាក់ ស្មើនឹង២,៥ភាគរយនៃចំនួនប្រជាជន​សរុប ដែលមានចំនួន​២៤ក្រុមឬអំបូរ បាននិងកំពុង​រស់នៅក្នុង​​១៥ខេត្តក្រុង ដូចជា ​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ធំ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ និងបណ្តាខេត្តផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ