សង្គមស៊ីវិល​​និង​សហ​គមន៍​បារម្ភ​ពី​​សុវត្ថិ​ភាព​ក្មេងស្រី​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​នៅ​តែ​​រង​ការ​​រំលោភ​​សេព​សន្ថវៈ​

ស្ត្រីពីរនាក់ជិះម៉ូតូតាមដងផ្លូវពីមុខសាលាខេត្តរតនគិរី។

​​សង្គមស៊ីវិលនិងសហគមន៍បារម្ភពីសុវត្ថិភាពក្មេងស្រីជនជាតិដើមភាគតិច ដែលពួកគេនៅបន្តរងការរំលោភ​សេពសន្ថវៈ ដោយ​ពួកគេ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធពង្រឹង​ការ​អនុវត្ត​ច្បាប់និងរកយុត្តិធម៌ជូន​ជនរងគ្រោះ។

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលនិងសហគមន៍ជនជាតិដើមចំនួន​៨ បាន​ចេញសេចក្តីថ្លែងការណ៍​រួម​មួយដោយលើកឡើងថា ករណីរំលោភសម្លាប់​លើក្មេងស្រីជនជាតិដើមភាគតិច​នៅតំបន់​ដាច់​ស្រយាលនៅតែបន្តកើតមាន ដោយសារ​សីលធម៌​សង្គម​ធ្លាក់​ចុះ ការកើនឡើងគ្រឿងញៀននៅក្នុងសហគមន៍ អ្នកចំណូលថ្មីច្រើន និងកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ។

ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍ជនជាតិដើមភាគតិច បានស្នើទៅ​ស្ថានប័នពាក់ព័ន្ធឱ្យពង្រឹង​ការអនុវត្ត​ច្បាប់ឱ្យបានតឹងរ៉ឹង និងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងករណីរំលោភសម្លាប់ទៅ​លើស្ត្រីនិងក្មេង​ស្រីជនជាតិដើមភាគ​តិច ដោយ​ស្វែងរកចាប់ខ្លួនជនល្មើសទៅផ្តន្ទាទោសតាមច្បាប់ឱ្យ​ខានតែបាន។

ជនជាតិភាគតិចពូនង នៅខេត្តមណ្ឌលគិរី អ្នកស្រី យ៉ា យ៉ាន់នី បានបង្ហាញការព្រួយបារម្ភពីការរំលោភសេព​សន្ថវៈ​លើ​ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិច ខណៈ​បច្ចុប្បន្ន នៅតំបន់​ដែល​អ្នកស្រីរស់នៅ​មាន​អ្នកចំណូល​ថ្មី​ច្រើន កំណើននៃការប្រើប្រាស់​គ្រឿងញៀន និងការប្រើប្រាស់ទូរសព្ទ​ទំនើបមើល​រឿងអាស​អាភាស ជាដើម។ ប្រសិនបើបញ្ហាទាំងនេះ​មិនបង្ក្រាបឬលុប​បំបាត់​​ទេ អ្នកស្រីថា ស្ត្រីនិងក្មេងស្រី​ជនជាតិ​ដើម​ភាគ​តិចនឹងប្រឈមហានិភ័យខ្ពស់ពីការរំលោភសេពសន្ថវៈ។

អ្នកស្រី យ៉ា យ៉ាន់នី ឱ្យដឹងថា កន្លងមក នៅក្នុងសហគមន៍របស់អ្នកស្រីក៏មានករណីឪពុក​ជាជនជាតិ​ដើមភាគតិច​ រំលោភកូនស្រីរបស់ខ្លួនឯង​រហូតមានផ្ទៃពោះផងដែរ។

អ្នកស្រីបន្ថែមថា៖ «នៅស្រុកភូមិខ្ញុំនេះ ស្ត្រីវ័យក្មេងភាគច្រើនគាត់ចេញទៅរកទំពាំង ទៅរកបេះបន្លែតាមព្រៃ ខ្លះទៅឃ្វាល​គោក្របី​ ពួកគាត់មានហានិភ័យខ្ពស់ ពីព្រោះនៅ​ក្នុងព្រៃមាន​អ្នកមក​ពីឆ្ងាយ​ច្រើន ​ខ្លះ​គេទៅអារ​ឈើ ឬគេទៅរកអីព្រៃអ៊ីចឹង។ ​មនុស្ស​វាច្រើន ហើយការជក់ថ្នាំញៀនក៏ច្រើន អ្នកខ្លះមានទូរសព្ទមើលរឿងអាសអាភាស។ អ៊ីចឹងយើងភ័យខ្លាច មិនថាស្ត្រី​ឬក្មេងស្រី​វ័យជំទង់​ទេ គឺយើងមានហានិ​ភ័យ​ខ្ពស់​ក្នុងការ​ចាប់​រំលោភ។ យើងចង់ឱ្យរដ្ឋាភិបាលធ្វើយ៉ាងណាលុប​បំបាត់ការមើលរឿង​អាសអាភាស​តាមទូរសព្ទដៃនិងការប្រើប្រាស់គ្រឿងញៀន»

ប្រធានក្រុមការងារស្ត្រីជនជាតិដើមភាគតិចកម្ពុជា អ្នកស្រី ជឿន ស្រីមុំ មានប្រសាសន៍ថា សម្រាប់៦ខែឆ្នាំ២០២១នេះ ស្ត្រីនិងក្មេងស្រីជនជាតិដើមភាគតិចនៅបន្តរងគ្រោះដោយសារការរំលោភសេពសន្ថវៈ ដែល​នេះជា​ក្តីបារម្ភសម្រាប់​សហគមន៍។

អ្នកស្រីថា៖ «សម្រាប់ឆ្នាំ២០២១នេះ ការរំលោភសេពសន្ថវៈលើក្មេងស្រីជនជាតិដើមភាគតិច វានៅតែកើតមាន ជាពិសេសស្ថានភាពជំងឺកូវីដ-១៩នេះ ទោះយើងមមា​ញឹក​ទប់​ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ ប៉ុន្តែករណីផ្សេងៗ​នៅតែកើតមាន​ ដូចការប្រើប្រាស់គ្រឿងញៀន ការរំលោភ! គ្រាន់តែថា យើងមិនទាន់ទទួលបានទិន្ន​ន័យ​ជាក់​លាក់​នៅ​ឡើយ។ បើនៅរតនគិរី គឺយើងទទួលបានថា គេរំលោភគាត់ហើយ គេអារកគាត់ទៀត ប៉ុន្តែគាត់រត់រួច ហើយគាត់នៅមានជីវិត»

បើតាម​អ្នកស្រី ជឿន ស្រីមុំ នៅឆ្នាំ២០១៩​ មានករណី​រំលោភសេពសន្ថវៈលើស្ត្រីនិងក្មេងស្រី​ជនជាតិដើមភាគតិច​ចំនួន៤០ករណី និងឆ្នាំ២០២០ មានចំនួន​២៤ករណី ក្នុងនោះ ខេត្តរតនគិរី មានករណីនេះ​កើតឡើង​ច្រើនជាងគេ។

អភិបាលខេត្តរតនគិរី លោក ថង សាវុន សុំមិនបកស្រាយទេ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រី​ជនជាតិដើមភាគតិចនេះ ដោយ​លោកបានបង្វែរឱ្យទៅមើលរបាយការណ៍របស់ស្ថាប័នថ្នាក់ជាតិ។

អនុប្រធាននាយកដ្ឋានការពារផ្លូវច្បាប់​នៃក្រសួងកិច្ចការ​នារី លោក​​ស្រី ស ស៊ីណែត មានប្រសាសន៍ថា កន្លង​មក ក្រសួង​តែងតែយកចិត្តទុកដាក់ចំពោះជនរងគ្រោះជាស្ត្រីនិងក្មេងស្រី​ដោយសារ​ការ​រង​អំពើហិង្សានិងការរំលោភសេពសន្ថវៈ មិនថាជាជនជាតិដើមភាគតិចឬជនជាតិខ្មែរនោះទេ។

លោកស្រី​បន្តថា ក្រសួងកិច្ចនារី ក៏​បានជួយគាំទ្រតាមរយៈការជួយប្រឹក្សាយោបល់​ ចូលរួ​មអន្តរាគមន៍ជា​មួយ​នគរបាលយុត្តិធម៌ ការផ្តល់មេធាវី និងជួយសម្រប​សម្រួល​ស្វែងរកសេវា​គាំទ្រ​ផ្សេងៗ​ដល់​ជ​នរងគ្រោះផង​ដែរ។

លោក​ស្រីបន្ថែមថា៖ «ភាគច្រើននៅពេលបញ្ហាកើតឡើង គឺអាជ្ញាធរមូលដ្ឋាននិងជនបង្គោលរបស់យើងនឹងអន្តរាគមន៍​ទៅប៉ូលិសហើយ។ បើពាក់ព័ន្ធជាបទល្មើសព្រហ្មទណ្ឌ គឺយើងបញ្ជូនទៅតាមខ្សែ​បណ្តោយ​របស់​យើង​ ពីឃុំដល់ស្រុក​ ពីស្រុក​​មកដល់ខេត្ត ដើម្បីអន្តរាគមន៍លើរឿងហ្នឹង។ កន្លងមក យើងតែងតែទទួល​បាន​ការគាំទ្រទៅ​ស្ត្រីនិងក្មេងស្រី​ដែលជាជនជាតិដើមភាគតិចហ្នឹង ដែលគាត់ទទួលរងការរំលោភបំពាននិងទទួលរងអំពើហិង្សា ជាពិសេសនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី»។

យោងតាមលទ្ធផលជំរឿនឆ្នាំ២០១៣ ដែលត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមរបស់​ជន​ជាតិ​ដើម​​ភា​គ​តិច នៅថ្ងៃចន្ទម្សិលមិញ​ បង្ហាញថា​ នៅកម្ពុជាមានជនជាតិដើមភាគតិចចំនួន១៨៣ ៨៣១នាក់ ស្មើនឹង២,៥ភាគរយ​នៃចំនួនប្រជាជន​សរុប ដែលមានចំនួន​២៤ក្រុមឬអំបូរ បាននិងកំពុង​រស់នៅក្នុង​​១៥ខេត្ត​ក្រុង ដូចជា ​ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ កំពង់ធំ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ និងបណ្តាខេត្តផ្សេងៗទៀត។

របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ករណី​រំលោភ​​សេព​សន្ថវៈ​ក្នុង​ប្រទេស​កម្ពុជា​ជិត​មួយ​ភាគ​បី ​ឬ​ស្មើ​នឹង​៣១ភាគរយនៃ​ករណីរំលោភ មាន​​ជាប់​ពាក់ព័ន្ធ​នឹងជន​សង្ស័យដែល​ជា​សាច់​ញាតិរបស់ជន​រងគ្រោះ​ផ្ទាល់។ 

របាយការណ៍​នេះ​បន្ត​​ថា ​ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ គឺ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០១៧​ ដល់​ខែ​ធ្នូ ឆ្នាំ​២០១៩ អង្គការ​លីកាដូ ​បាន​សិក្សា​ស្រាវ​ជ្រាវ​ករណី​រំលោភ​សេព​សន្ថវៈ ឬ​បទ​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ សរុបចំនួន​៤៤៦​ករណី ក្នុងនោះមាន៣៥៨​ករណី ​ឬ​​ស្មើ​នឹង​៨០%​ ជាប់​ពាក់ព័ន្ធ​នឹងកុមារ​អាយុ​ក្រោម១៨​ឆ្នាំ។

អង្គការ​លីកាដូ​ បាន​បន្តទៀត​ថា​ ករណីជា​​ច្រើន​នៃ​ការ​រំលោភ​សេពសន្ថវៈមិន​ត្រូវ​បាន​រាយ​ការណ៍​នោះ​ទេ​ ដោយ​សារ​តែ​ភាព​ភ័យខ្លាច ​ការ​រើស​អើង​នៅ​ក្នុង​សង្គម ទំនៀមទម្លាប់បុរាណ ​និង​កង្វះ​ភាព​ស្មោះ​ត្រង់​នៅ​ក្នុង​​ប្រព័ន្ធ​យុត្តិធម៌។

អង្គការ​នេះ​បញ្ជាក់​ទៀត​​ថា ​ហានិភ័យ​នៃ​ការ​រំលោភ​សេព​សន្ថវៈក្នុង​រង្វង់​គ្រួសារ «ទំនង​ជាកើន​ឡើង​ច្រើន»​ អំឡុង​ពេល​ការ​រាត​ត្បាត​ជំងឺ​កូវីដ​-១៩ ដោយ​សារសាលា​រៀនបាន​បិទ​ ហើយ​កត្តា​អ្នក​គ្មាន​ការងារ​ធ្វើមាន​ការ​​​កើន​ឡើង ដែល​នាំ​ឱ្យ​​មនុស្ស​ជា​​ច្រើនត្រូវ​ចំណាយ​ពេល​នៅ​ផ្ទះ​ច្រើន និង​ស្ថិត​នៅ​ក្បែរ​ជន​ល្មើស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ