ក្រសួង​ថា​ ថ្នាំ​និង​ជី​កសិកម្ម​ឡើង​ថ្លៃ​មក​ពី​ប្រទេស​​ផលិត​មិន​អាច​ឆ្លើយ​តប​តាម​ការ​បញ្ជា​ទិញ​ពី​កម្ពុជា

កសិករម្នាក់កំពុងបាញ់ថ្នាំសម្លាប់សត្វល្អិតនៅស្រែរបស់ពួកគេ ដែលមានទីតាំងស្ថិតនៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រូ​បភាព៖ រុង រឿង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ថ្នាំកសិកម្មនិងជីកសិកម្មឡើងថ្លៃខ្ពស់នៅឆ្នាំនេះ ដោយសារប្រទេសផលិតដែលផលិតថ្នាំនិងជីមិនអាចឆ្លើយតបតាមការបញ្ជាទិញពីកម្ពុជា ខណៈតម្រូវការក្នុងស្រុកមានការកើនឡើង ស្របពេលកម្ពុជាមិនមានលទ្ធភាពផលិតថ្នាំនិងជីកសិកម្មបាននៅឡើយ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឱ្យដឹងថា នៅឆ្នាំ២០២១ វិស័យកសិកម្មហាក់មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ខណៈតម្រូវការថ្នាំ​និងជីកសិកម្មក៏មានសន្ទុះកើនឡើង បើទោះបីជារយៈពេលជិត២ឆ្នាំកន្លងមកនេះ កម្ពុជាជួបបញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីដ-១៩ក្តី។

ក្រសួងកសិកម្មបញ្ជាក់ថា តម្លៃជីកសិកម្មក៏មានតម្លៃថ្លៃជាង​នៅបណ្តាប្រទេសផលិតថ្នាំកសិកម្មនិងជីកសិកម្មនាំចេញ ដោយមិនអាចផលិតឆ្លើយតបបានតាមការបញ្ជាទិញពីប្រទេសកម្ពុជា ខណៈវត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗមានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។

មួយវិញទៀត ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយកម្លាំងពលកម្ម ដោយសារប្រទេសចិន ថៃ និងវៀតណាមដែលជាអ្នកផលិត កំពុងឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការដឹកជញ្ជូនប្រើពេលវេលាយូរ ដោយសារមានការប្រុងប្រយ័ត្នទៅលើផ្នែកសុខភាពនិងត្រួតពិនិត្យតាមវិធានសុខាភិបាល ក្រោយជួបបញ្ហា​ជំងឺជាសកលមួយនេះ។

លើសពីនេះ ក្រសួងថា មិនមែនតែកម្ពុជាដែលបញ្ជាទិញជីនិងថ្នាំកសិកម្មពីក្រៅប្រទេស នៅប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ។ បញ្ហានេះធ្វើឱ្យការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ ខណៈការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញកាន់តែ​ខ្ពស់។  ​

ជាងនេះទៅទៀត ក្រុមហ៊ុនផ្គត់ផ្គង់ជីនិងថ្នាំកសិកម្មមួយចំនួនមិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ឡើយ ដោយទិញតាមរយៈឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជីនិងថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។

បើតាមក្រសួងកសិកម្មដដែលថា បច្ចុប្បន្ន ​កម្ពុជា​មិនអាចផលិតជីគីមីកសិកម្មបានឡើយ ដោយមានលទ្ធភាពផលិតតែជី ធម្មជាតិនិងជីសរីរាង្គតែប៉ុណ្ណោះ ប៉ុន្តែការផលិតនេះមិនអាចផ្គត់ផ្គង់តម្រូវការបានទេ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។ ​

កសិករម្នាក់នៅឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក អាន សាអ៊ុន លើកឡើងថា ពួកគាត់កំពុងធ្លាក់ខ្លួនក្នុងអន្ទាក់បំណុល ដោយសារថ្នាំនិងជីកសិកម្មដែលទិញមកប្រើប្រាស់មានតម្លៃខ្ពស់ ហើយ​ផលិតផលលក់ទៅមានតម្លៃថោក ខណៈ​លុយពួកគាត់យកមកធ្វើដើមទុនផលិតនោះជាលុយខ្ចីពីធនាគារ។ លោកបន្តថា មិនត្រឹមតែជីនិងថ្នាំកសិកម្មទេដែលឡើងថ្លៃនោះ សូម្បីតែប្រេងសាំងក៏ឡើងថ្លៃខ្ពស់ផងដែរ។

លោកថា៖ «ខ្ញុំចង់សំណូមឱ្យរដ្ឋាភិបាលកែសម្រួលតម្លៃជីកសិកម្ម ថ្នាំ និងសាំង។ ហើយម៉្យាងទៀត ប្រជាពលរដ្ឋយើង​រាល់ថ្ងៃនេះ សង្ឃឹមផលិតផលដែលទទួលបាន ​​យើងទូទាត់ទៅសាំង ថ្នាំ​ ជី វាអត់ចំណេញ! អ៊ីចឹងរដ្ឋាភិបាលដោះស្រាយបញ្ចុះថ្លៃសាំង កាលមុន៣០០០រៀល ឥលូវ៤០០០រៀល ឡើងៗដល់ហើយ! ដូចជីកសិកម្ម ឡើងខ្ពស់ត្រដែត! ដូចជាថ្នាំបាញ់ស្មៅជាដើម ពី៥ម៉ឺនរៀលទៅ៨ម៉ឺនរៀលក្នុងមួយប៊ីដុង។ ដល់ធ្វើអ៊ីចឹង វាមិនទៅជាចំណេញណា»។

បើតាមកសិកររូបនេះ ថាតម្លៃជីកសិកម្មបច្ចុប្បន្នឡើងថ្លៃចន្លោះពី២០ ០០០ទៅ៤០ ០០០រៀលក្នុងមួយបេទៅតាមប្រភេទជីនីមួយៗ។ លោកបន្តថា បើសិនរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហានេះបានទេ កសិករទាំងរូបគាត់និងអ្នកផ្សេងទៀត នឹងបោះបង់ចោលមុខរបរកសិកម្ម ហើយទៅប្រកបរបរផ្សេងឬធ្វើចំណាកស្រុកតែម្តង។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង​ សាវឿន មានប្រសាសន៍ថា រដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ​គួរតែរួមគ្នាដោះស្រាយបញ្ហានេះ ដោយថា បើសិនជីនិងថ្នាំកសិកម្មឡើងថ្លៃខ្ពស់ពេក ហើយផលិតផលរបស់កសិករមានតម្លៃទាបពេកនិងគ្មានទីផ្សារនោះ វានឹងធ្វើឱ្យកសិករកាន់តែច្រើន​ធ្លាក់ចូលក្នុងភាពក្រីក្រ។

លោកថា៖ «ប្រជាពលរដ្ឋអាចបោះបង់ការផលិតសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ​ឬទៅលើការនាំចេញ មកត្រឹមតែដាំឬក៏បរិភោគសម្រាប់ក្នុងគ្រួសារ។ ​អ៊ីចឹងសេដ្ឋកិច្ចក៏អាចធ្លាក់ចុះដែរ នៅពេលដែលការនាំចេញតិច ហើយយើងនាំចូលច្រើន ​​អ៊ីចឹងសេដ្ឋកិច្ចយើងក៏អាចប្រឈមដែរ។ មួយវិញទៀត ​កង្វះនៃការផ្គត់ផ្គង់ និង​ក៏ដូចជាផលិតផលក្នុងស្រុក វាធ្វើឱ្យម្ហូបផលិតកម្មអាចនឹងមានការឡើងនៅពេលប្រជាពលរដ្ឋឈប់ផលិត។ បញ្ហានេះ ក្រសួងគួរតែរៀបចំជាដំណាក់កាល​​ៗនិងជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបនឹង​តម្រូវការជាក់ស្ដែង ជាជាងដោះស្រាយតែបញ្ហាចំពោះមុខដែលកើតឡើងភ្លាមៗ»។

បើតាមក្រសួងកសិកម្ម ឱ្យដឹងថា ក្នុងឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ការនាំចូលថ្នាំកសិកម្មមានចំនួនជាង៤ម៉ឺនតោន (៤៧ ៤០៩) និងជីកសិកម្មចំនួនជិត១លានតោន (៨៥៨ ៦៣២) ប៉ុណ្ណោះ ។ ដោយឡែក កាលពីឆ្នាំ២០២០កន្លងមក  ក្រុមហ៊ុននាំចូលថ្នាំកសិកម្មមានចំនួនជាង១សែនតោន (១០៣ ០០៥) និងជីកសិកម្មចំនួនជាង១លានតោន (១ ៤០៦ ៧៧៥)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ