កម្ពុជា​​នឹង​​រង​​​ឥទ្ធិពល​ខ្យល់​​មូសុង​និរតី​ខ្សោយ​​១​សប្តាហ៍​​បង្ក​ឱ្យ​មាន​ភ្លៀង​ ផ្គរ រន្ទះ​ និង​ខ្យល់​កន្ត្រាក់

ភ្លៀងធ្លាក់នៅតំបន់មួយក្នុងក្រុងភ្នំពេញកាលពីពេលកន្លងទៅ។

ក្រសួងធនធានទឹក និង​ឧតុនិយម បានឱ្យដឹង​ថា កម្ពុជា​នឹង​ទទួលឥទ្ធិពលខ្យល់មូសុងនិរតីខ្សោយ​ពីជ្រលងសម្ពាធ​ទាប​ពី​ប្រទេស​ចិន និង​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធទាប ITCZ ​ចាប់ពីថ្ងៃទី​១១ ដល់ថ្ងៃទី​១៧ ខែសីហា។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ នាថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២១នេះ​ បន្តថា​ ឥទ្ធិពល​ខ្យល់​មូសុង​និរតីខ្សោយ​នេះនឹង​រងពី​ប្រទេស​ចិន​ នា​ថ្ងៃទី​១១-១២ ខែសីហា និង​អូស​បន្លាយពី​​ភាគ​ខាង​ជើង​ប្រទេស​មីយ៉ាន់​ម៉ា ប្រទេសថៃ ប្រទេសឡាវ និង​ប្រទេសវៀតណាម នាថ្ងៃទី​១៣-១៦ ខែ​សីហា​ ឆ្នាំ​២០២១​។

ក្រសួងដដែលបញ្ជាក់ថា ​យោងតាមស្ថានភាពអាកាសធាតុនេះ នឹងធ្វើ​ឱ្យ​តំបន់​វាល​ទំនាបកណ្ដាល​អាចនឹង​មាន​​ភ្លៀង​ធ្លាក់ពីកម្រិត​​តិច​ទៅ​បង្គួរ លាយឡំនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្ដាក់ ខណៈ​​បណ្ដាខេត្ត​នៅភាគ​កណ្ដាល និង​ភាគខាង​ត្បូង​ នឹង​អាច​មាន​ភ្លៀងធ្លាក់​ច្រើន។ ជាមួយ​គ្នា​នេះ បណ្ដាខេត្ត​ជាប់​ជួរភ្នំ​ដងរែក និង​ខ្ពង់​រាប​ឦសាន អាចនឹង​​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពីតិចទៅ​បង្គួរ ខណៈតំបន់​មាត់សមុទ្រវិញអាចនឹងមាន​​​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ។

ករណីនេះ ក្រសួង​​បានប្រាប់ឱ្យ​សាធារណជន​ប្រុងប្រយ័ត្ន​ចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំនឹង​ខ្យល់​កន្រ្ដាក់ដែលនឹងអាចកើតមានជាយថាហេតុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ