យុវជន​ខ្លះ​បារម្ភ​​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​​បំប្លែង​ថ្មី​ ខណៈ​អ្នក​ទៅ​ចាក់​វ៉ាក់សាំង​មិន​រក្សា​​គម្លាត​

កុមារនិងយុវវ័យជាច្រើននាក់ដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ មកទទួលវ៉ាក់សាំងការពារកូវីដ-១៩ នៅទីតាំងសាលាបឋមសិក្សាស្ទឹងមានជ័យ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ (ណាត សុភាព)

ក្រុមយុវជនមួយចំនួននៅរាជធានីភ្នំពេញ បង្ហាញក្តី​បារម្ភជាថ្មី​ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ “ដែលតា” (Delta) ដោយសារ​អ្នកទៅ​ចាក់វ៉ាក់សាំង​ប្រឆាំង​ជំងឺ​​នេះ មិន​បានរក្សា​គម្លាតតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការព្រួយបារម្ភជាថ្មីនេះធ្វើឡើងបន្ទាប់ពីអាណា​ព្យាបាល​របស់​កុមារនិង​យុវជន​​នៅ​រាជធានី​ភ្នំពេញ​ បាន​នាំ​កូន​ៗ​របស់​ពួកគេដែល​មាន​អាយុ​ចាប់​ពី​១២​ឆ្នាំ​​ដល់​១៧​ឆ្នាំ ទៅ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺកូវីដ-​១៩ តាមការកំណត់របស់រដ្ឋាភិបាល ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ទៅ។

យុវតី ហ៊ង មួយហេង អាយុ១៣ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលទៅចាក់វ៉ាក់សាំងនៅសាលា​បឋមសិក្សាស្ទឹងមានជ័យ​ នាព្រឹកថ្ងៃអង្គារ​​នេះ និយាយថា គាត់មកចាប់លេខ​ចាក់​វ៉ាក់សាំងនៅម៉ោងប្រហែល៦ព្រឹក ដោយឃើញយុវជនជាច្រើនបានប្រជ្រៀតគ្នា ហើយមិនបានរក្សាគម្លាតតាមការណែនាំរបស់ក្រុមគ្រូពេទ្យនោះទេ។ យុវតីរូបនោះ បង្ហាញការព្រួយបារម្ភថា បើមានអ្នក​ជំងឺកូវីដ-១៩​ទៅចាក់វ៉ាក់សាំងដែរនោះ​ ​នឹងងាយ​​ចម្លង​​ទៅ​​យុវជនផ្សេង​​​ទៀតដែល​ឈរ​ប្រជ្រៀតគ្នា​រង់ចាំចាក់វ៉ាក់សាំង។

យុវតីរូបនោះនិយាយថា៖ «វាអាចឆ្លងដោយ​សារ​តែ​វា​នៅ​ជិត​គ្នា​ពេក ឱ្យគាត់នៅឃ្លាតពីគ្នាបន្តិច! ហើយ​កុំនៅកៀកគ្នាពេក ឱ្យនៅឆ្ងាយពីគ្នាបន្តិច ដើម្បីការពារកូវីដ-១៩ កុំឱ្យប៉ះពាល់សុខភាព»។

វ័យ១៧ឆ្នាំ កញ្ញា កែវ ខ្លូរីតា ដែលអះអាងថារស់នៅសង្កាត់ស្ទឹងមានជ័យ និយាយថា គាត់សុខចិត្តរង់ចាំយូរ តែគាត់មិនទៅប្រជ្រៀតគ្នាដណ្តើមលេខរៀងដូចយុ​វជននិងយុវតីផ្សេងៗទៀតនោះ​ទេ ព្រោះខ្លាចឆ្លង​ជំងឺ​កូវីដ-១៩ ដោយសារគាត់មិនដឹងថាអ្នកណាមានជំងឺនេះឬអត់នោះទេ។

យុវតីនោះបន្ត​ថា៖ «អ្នកចែកលេខ គាត់មិនដឹងទេ! គាត់ចេះតែចែកៗទៅ!​ អ្នកខ្លះចូលមកបុក [កន្លែង​ចែក​លេខ] តែ​ម្តង! ប្រជ្រៀតគ្នាតែម្តង! អត់មានគម្លាតពី១ម៉ែត្រ​កន្លះ​ទេ គឺអត់ទេ! គេខំគូសគំនូស​ហើយនៅតែចូលគ្នាទៀត។​ យើងអត់ដឹងអ្នកណាឆ្លងកូវីដទេ បើឆ្លងតែម្នាក់ ដឹងតែទៅទាំងអស់ហើយ​ ១ ០០០នាក់! គ្រាន់តែខ្ញុំប៉ាន់ស្មានទេ ព្រោះចែកលេខអស់ហើយ! ឡើងដល់កន្ទុយ នៅសល់ប្រហែលជា៤០០​នាក់​​ជាងដែរ ព្រឹកមិញ នៅក្រៅរបងទៀត»។

យុវតី ហង្ស គីមហួយ អាយុ១៤ឆ្នាំ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និយាយថា គាត់​មកចាប់​លេខចាក់វ៉ាក់សាំងនៅម៉ោងជិត៦ព្រឹក តែរហូតមកដល់ម៉ោងជិត១១ព្រឹកនេះ គាត់មិនទាន់​បាន​ចាក់​នៅឡើយ ដោយសារយុវជនភាគច្រើនប្រជ្រៀតគ្នានិងមិនរក្សាគម្លាតសុវត្ថិភាព។

យុវតីរូបនោះអំពាវនាវទៅយុវជនទាំងអស់ត្រូវរក្សាគម្លាតតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទ​ “ដែលតា” ទៅអ្នកដទៃ។

យុវតី គីមហួយ និយាយថា៖ «ឱ្យពួកគាត់នៅឆ្ងាយពីគ្នា ហើយគោរពតាមគោលការណ៍ដែលត្រូវធ្វើបាន ដូចជា នៅឆ្ងាយពីគ្នា ដាក់អាល់កុលបាញ់នៅពីក្រៅ។ ហើយណាមួយទៀត សូមឱ្យពួកគាត់ធ្វើអ្វីតាម​ដែលគាត់អាចធ្វើបាន ឧទាហរណ៍ ចាំឈរយកលេខឆ្ងាយពីគ្នា។ ដោយសារអី? យើងសម្រួល កុំឱ្យវាទៅលឿនពេក ខ្លាចឆ្លងកូវីដអីដែរ»។

អគ្គនាយកបច្ចេកទេសសុខាភិបាល លោក ហុក គឹមចេង ទទួលស្គាល់ថា ពិតជាមានយុវជនមួយចំនួនបាន​ប្រជ្រៀតគ្នា​ទៅចាក់​វ៉ាក់សាំង ហើយមិនបានរក្សាគម្លាតពិត​មែន។ 

ទោះជាបែបនេះក្តី លោកថា មន្ត្រីជំនាញបានសហការជាមួយអាជ្ញាធរចុះ​ណែនាំនិងអប់រំបន្ថែម​ទៀត​ទៅប្រជាពលរដ្ឋ ជាពិសេសយុវជនដែលទៅចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្តទៀត។

លោកមានប្រសាសន៍ថា៖ «គណៈកម្មការចំពោះកិច្ច មានក្រុមការងារដែលគេចុះទៅតាមដាន គឺគាត់បានជ្រាបដឹងព័ត៌មានហ្នឹងហើយ គាត់សហការជាមួយខាងអាជ្ញាធរហើយ​ ដើម្បីធ្វើការណែនាំពាក់ព័ន្ធជាមួយបញ្ហាហ្នឹង។ ហើយកន្លងមក ក៏ធ្លាប់ធ្វើការណែនាំរួចហើយ ប៉ុន្តែបើមានករណីនេះចាំបាច់ គឺនឹង​ណែនាំបន្ថែមទៀត»។

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណ​ធម៌​កម្ពុជា លោក អ៊ូច វុទ្ធី ជំរុញ​ដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរ​មូល​ដ្ឋាន ជាពិសេសអ្នកប្រចាំការនៅតាមមណ្ឌលចាក់វ៉ាក់សាំង ត្រូវ​អប់រំនិងណែនាំ​ដល់កុមារនិងយុវវ័យ​ដែលទៅចាក់វ៉ាក់សាំងពីការ​​រក្សាគម្លាត​សុវត្ថិ​ភាព ព្រោះពួកគេ​នៅ​ក្មេង​ អាចមិន​សូវ​យល់​ពីវិធីការពារសុខភាព។

លោកមានប្រសាសន៍ថា៖ «បើសិនជាមិនបានចូលរួមទាំងអស់គ្នា ការទប់ស្កាត់វានៅតែរាលដាល ហើយវាចេះតែពន្យារពីមួយថ្ងៃទៅមួយថ្ងៃ ហើយធ្វើឱ្យសេដ្ឋកិច្ចយើងធ្លាក់ចុះដោយមានការបិទខ្ទប់ ហើយមិនបានធ្វើការដិតដល់ ដូចជាក្មេងអត់បានទៅសាលា គ្រូអត់បានជួបកូនសិស្ស កន្លែងហ្នឹងហើយវាជាហានិភ័យ វាអាចយូរអង្វែង វាអាចធ្វើឱ្យប៉ះពាល់ដល់កុមារស្នងឫស្សីយើង»។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋលេខាធិការក្រសួង​សុខាភិបាល លោក​ស្រី យក់ សម្បត្តិ  ថ្លែងថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជា​ឱ្យ​គណៈកម្មាធិការ​គ្រប់គ្រង​ការ​ចាក់​វ៉ាក់សាំងការពារកូវីដ-១៩ ត្រៀម​​វ៉ាក់សាំង Sinovac របស់ចិនចំនួន៥លាន​ដូស ដើម្បី​ចាក់​ដល់​កុមារនិងយុវវ័យ​ចាប់ពី​​អាយុពី១២ឆ្នាំ​ដល់១៧​ឆ្នាំ ដែលមានចំនួន​​ជាង២លាននាក់ក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់​ថា​ ​រហូត​មក​ដល់​ពេល​នេះ អង្គការ​សុខភាព​ពិភព​លោក (​WHO) ​មិន​ទាន់​ដាក់​ប្រភេទ​វ៉ាក់សាំង​ស៊ីណូវ៉ាក់ (Sinovac) ចូល​ទៅ​ក្នុង​បញ្ជី​ទទួល​ស្គាល់​សម្រាប់​​ចាក់​ដល់​កុមារ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ក្រុមហ៊ុន​ ស៊ីណូវ៉ាក់ ​ធ្លាប់​បាន​​ប្រកាស​ថា ​វ៉ាក់សាំង​របស់​ខ្លួន​​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ចិន​សម្រាប់​ចាក់​ដល់​ក្មេង​អាយុ​ចាប់ពី៣ឆ្នាំ​ឡើង​ទៅបាន៕


សេចក្ដីកែតម្រូវ៖ «អគ្គនាយកបច្ចេកទេសសុខាភិបាល ជាអ្នកទទួលខុសត្រូវធ្វើនិងចេញសេចក្តីជូនព័ត៌មាន​កូវីដ​-១៩ លោក ហុក គឹមចេង» ទៅជា «អគ្គនាយកបច្ចេកទេសសុខាភិបាល លោក ហុក គឹមចេង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ