សង្គម​ស៊ីវិល​និង​យុវជន​ធ្វើ​យុទ្ធនា​ការ​​ទាមទារ​​ឱ្យ​មាន​ការ​​​ដោះលែង​​សកម្ម​ជន​​បរិស្ថាន​និង​​សិទ្ធិ​​មនុស្ស​​

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា និងលោក យឹម លាងហ៊ី អង្គុយនៅក្នុងឡានរបស់សមត្ថកិច្ចក្រុងភ្នំពេញ។ (ហ្វេសប៊ុក៖ Mother Nature Cambodia)

ក្រុមអង្គការសង្គមស៊ីវិលនិងយុវជនបាននាំគ្នា​ធ្វើ​យុទ្ធនាការ​​លើបណ្តាញសង្គមស្នើ​​ឱ្យ​ដោះលែងសកម្មជន​បរិស្ថាននិងអ្នកការពារ​សិទិ្ធ​មនុស្សកំពុង​ជាប់ពន្ធនាគារ​​​ ដោយអះអាងថាជាការឃុំខ្លួនមិនត្រឹមត្រូវ ខណៈ​អ្នក​ទាំងនោះធ្វើសកម្មភាពកន្លងមកដើម្បីការពារប្រយោជន៍ជាតិតែប៉ុណ្ណោះ។  ​

ក្រុមអង្គការសង្គមស៊ីវិលដែលបានចូលរួមធ្វើយុទ្ធនាការសុំឱ្យដោះលែងសកម្មជនទាំងនោះមាន​ដូច​ជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់), មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), អង្គការ​លីកាដូ, សមាគម​អាដហុក​ និង​សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ជាដើម។ 

ការធ្វើយុទ្ធនាការរបស់ក្រុមអង្គការសង្គមស៊ីវិលលើបណ្ដាញសង្គមហ្វេសប៊ុកដោយភ្ជាប់ជាមួយរូបថតសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សចំនួន៦នាក់ អមដោយខ្លឹមសារថា «សូម​គាំទ្រ​​និង​​​លើកទឹកចិត្ត​សកម្មភាព​ការពារ​បរិស្ថាន​និង​​ធនធានធម្មជាតិ​នៅ​ប្រទេស​យើង​ ​សូម​ចែករំលែក​រូបភាព​ខាងក្រោម​នេះ​»

ក្រៅពីខ្លឹមសារ​នេះ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានលើកឡើងថា នៅ​រយៈពេល​ចុងក្រោយ​នេះ​ ​អាជ្ញាធរ​បាន​ចាប់ខ្លួន​និង​ឃុំខ្លួន​នៅ​​ពន្ធ​នាគា​រ​ទៅលើ​អ្នកការពារ​បរិស្ថាន​​ជា​យុវជន​ជាច្រើន​នាក់​​ដែល​តែង​ធ្វើ​យុទ្ធនាការ​ជា​សាធារណៈ​ពាក់ព័ន្ធ​បញ្ហា​បរិស្ថាន​នានា​ ​ដូចជា​ ការ​គ្រប់គ្រង​ទឹក​កខ្វក់​ ​អាជីវកម្ម​បូម​ខ្សាច់​ ​កា​រលុប​បឹង​ធម្មជាតិ​។​ល​។​

ករណីនេះ ពួកគេអះអាងថា នៅមុន​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ ​១​០​​ធ្នូ​ ​ខាងមុខ​នេះ​ ​ក្រុម​សង្គម​ស៊ីវិល​នឹង​ធ្វើ​យុទ្ធនាការ​ទាក់ទាញ​ការ​គាំទ្រ​ ​ដើម្បី​ស្នើសុំ​ឱ្យ​ដោះលែង​អ្នកការពារ​សិទិ្ធ​មនុស្ស​ទាំងអស់​ដែល​កំពុង​ជាប់ពន្ធនាគារ​​មិន​ត្រឹមត្រូវ​ ​និង​លើកឡើង​ពី​ការងារ​លំបាក​ៗ​​និង​ភាព​ក្លាហាន​​ដែល​អ្នក​ទាំងនោះ​បាន​ធ្វើ​កន្លងមក​ ​នៅមុន​ពេល​ចាប់ខ្លួន​​និង​ជាប់ពន្ធនាគារ។​

សម្រាប់នៅ​ស​ប្តាហ៍​នេះ​ ​អង្គការដែលធ្វើការងារផ្នែកសិទ្ធិមនុស្សដដែល បានលើកយក​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៦​នាក់​ដែល​កំពុង​ប្រឈមមុខនឹង​បទ​ចោទ ​«​រួមគំនិតក្បត់​» ក្នុងនោះមាន២​នាក់បានរងការ​​ចោទ​​បន្ថែម​ពីបទ​ «ប្រមាថ​ព្រះមហាក្សត្រ​»។​

​អង្គការក្រៅរដ្ឋាភិបាលដដែល យល់ឃើញថា ទោះបីជាពួកគេសកម្ម​​ក្នុង​ការ​បង្ហាញ​និង​តវ៉ា​​ចំពោះការ​បំផ្លាញ​ធនធានធម្មជាតិ​ ​ប៉ុន្តែ​​ជា​លទ្ធផល​ ​សកម្មជនបរិស្ថាននិងសិទ្ធិមនុស្ស​ទាំងនោះ​​បែរជាត្រូវ​រង​នូវ​ការ​រំលោភបំពាន​ ​បំភិតបំភ័យ​ ​និង​ការ​ផ្តន្ទាទោសដាក់​ពន្ធ​នាគា​រ​ទៅវិញ​។​

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា ការចាប់ខ្លួនយុវជនដាក់ពន្ធនាគារមួយរយៈពេលចុងក្រោយនេះ ជាការគំរាមកំហែងលំហសង្គមស៊ីវិល និងជាសញ្ញាណអវិជ្ជមានដែលប៉ះពាល់ដល់ការចូលរួមរបស់ប្រជាពលរដ្ឋ។

លោកស្រីបន្តថា ការធ្វើយុទ្ធនាការនេះ ដើម្បីបង្ហាញអំ​ពីការគាំទ្រសកម្មជនទាំងអស់ ដោយថា សកម្មភាពរបស់ពួកគាត់ មិនគួរត្រូវបានចាប់ខ្លួននិងចោទប្រកាន់ឡើយ ដោយសារ​ពួកគាត់ធ្វើការងារដើម្បីផលប្រយោជន៍សង្គមតែប៉ុណ្ណោះ។

លោកស្រីថា៖ «​រដ្ឋាភិបាលគួរតែយល់ឃើញថា សកម្មភាពរបស់សកម្មជនកន្លងមកដែលគាត់ចូលរួម គឺជាសកម្មភាពដែលត្រូវបានធានា​ទាំងផ្លូវច្បាប់​។ ហើយទី២ គឺជាគុណធម៌ ​ក្នុងនាមជាមនុស្សជាតិដែលរស់នៅលើភពផែនដី​ ដែលយើងត្រូវមានកាតព្វកិច្ច​ក្នុងការការពារ​ធនធានធម្មជាតិទាំងអស់។ ហើយសម្រាប់រដ្ឋាភិបាលទៀតសោត រឹតតែមានកាតព្វកិច្ច​ច្រើនជាងសកម្មជនក្នុងការទទួលយកកង្វល់របស់ប្រជាពលរដ្ឋ ហើយដោះស្រាយនូវបញ្ហា​ដែលបានប៉ះពាល់ដល់ការបាត់បង់ធនធានធម្មជាតិហ្នឹង ឬមានបញ្ហានៅក្នុងសង្គម»។

លោកស្រី ចក់ សុភាព បន្តថា យុទ្ធនាការសុំឱ្យដោះលែងសកម្មជនបរិស្ថាននិងអ្នកការពារសិទ្ធិមនុស្ស នឹងធ្វើចាប់ពីថ្ងៃទី១១ ខែសីហា ​រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ដោយលោកស្រីបង្ហាញក្ដីសង្ឃឹមថា យុទ្ធនាការនេះនឹងមានការចូលរួមច្រើនពីប្រជាពលរដ្ឋ ជាពិសេសយុវជនផងដែរ។

កញ្ញា អេង ស្រីពៅ ដែលបានចូលរួមយុទ្ធនាការ​នេះ​លើបណ្ដាញសង្គមហ្វេសប៊ុក មើលឃើញថា ការចោទប្រកាន់និងចាប់ឃុំខ្លួនសកម្មជនបរិស្ថាននិងសិទ្ធិមនុស្សកន្លងមក ជារឿងអយុតិ្តធម៌។ កញ្ញាបន្តថា សកម្មជនទាំងនោះមិនបានធ្វើខុសអ្វីឡើយ បែរជាត្រូវតុលាការចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគារ ដោយគ្រាន់តែការពារបរិស្ថានប៉ុណ្ណោះ។  

មួយវិញទៀត កញ្ញាថា ការចូលរួមធ្វើយុទ្ធនាការនេះ​ជាការលើកទឹកចិត្តដល់អ្នកកំពុងជាប់ឃុំកុំឱ្យអស់សង្ឃឹម និងលើកទឹកចិត្តដល់យុវជនផ្សេងទៀតដែលបាននិងកំពុងចូលធ្វើការងារសង្គមបច្ចុប្បន្នផងដែរ។

កញ្ញាថា៖ «ខ្ញុំគិតថា វាមានភាពអយុត្តិធម៌សម្រាប់ពួកគាត់មែនទែន​ ដែលគាត់គ្រាន់តែខ្វល់បញ្ហាជាតិ ខ្វល់បញ្ហាបរិស្ថាន​បែរជាចាប់គាត់ ហើយចោទគាត់សុទ្ធតែ “ក្បត់​ជាតិ និងប្រមាថព្រះមហាក្សត្រ”​។ អ៊ីចឹងហើយ នៅពេលដែលមានអង្គការសង្គមស៊ីវិល​ធ្វើយុទ្ធនាការនេះឡើង ខ្ញុំពិតជាសប្បាយចិត្តហើយគាំទ្រ​ ហើយគិតថា អង្គការសង្គមស៊ីវិលមិនបានបោះបង់និងបំភ្លេចគាត់ចោលទេ។ ហើយវាក៏ក្រើនរម្លឹកទៅដល់អ្នកដទៃទៀតថា ទោះបីជាយើងត្រូវបានគេចាប់ខ្លួនឬមានការគំរាមកំហែង ប៉ុន្តែ​យុវជនយើងនៅតែមានភាពក្លាហាន​ក្នុងការបញ្ចេញមតិរបស់ពួកគាត់»។

ភរិយាលោក ថុន រដ្ឋា គឺអ្នកស្រី ប៉ាត់ រស្មី ស្នើទៅតុលាការនិងរដ្ឋាភិបាលឱ្យទម្លាក់ចោទបទចោទប្រកាន់ទាំងអស់ ហើយដោះលែងស្វាមីនិងសកម្មជនដទៃទៀតឱ្យមានសេរីភាព​វិញ ដោយថា សកម្មភាពដែលពួកគេបាន​ធ្វើក៏ព្រោះស្រឡាញ់បរិស្ថាននិងចង់ការពារទុកឱ្យអ្នកជំនាន់ក្រោយបានឃើញតែប៉ុណ្ណោះ។

អ្នកស្រី​ថា៖ «ខ្ញុំពិតជាឈឺចាប់ខ្លាំងមែនទែន ដោយតុលាការបានចោទប្រកាន់បទចោទថ្មី “រួមគំនិតក្បត់” ខ្ញុំចង់សួរទៅតុលាការវិញថា ប្ដីខ្ញុំរួមគំនិតក្បត់ត្រង់ណា? ​ បើសកម្មភាពគាត់រាល់ដង ដូចជាការផលិតវីដេអូ ​គឺគ្រាន់តែជាការការពារបរិស្ថាន​ទេ។ អ៊ីចឹងខ្ញុំពិតជាសោកស្ដាយមែនទែនដែលតុលាការអត់មានយុត្តិធម៌»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ចាត់ទុកការធ្វើយុទ្ធនាការនេះជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែការសម្រេចយ៉ាងណានោះ គឺអាស្រ័យទៅលើភស្តុតាង។

លោកថា៖ «សំណុំរឿង លោកចៅក្រមកំពុងចំណាត់ការតាមនីតិវិធីហើយ។ អ៊ីចឹងការកាត់ក្ដី គេ​នឹងពិនិត្យមើលទៅតាមភស្តុតាងដែរ»។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ យុវជនចលនាមាតាធម្មជាតិ ៣នាក់ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសចន្លោះពី១៨ខែទៅ២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន៤លានរៀល ក្រោមបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

ប៉ុន្តែពួកគេត្រូវបានតុលាការបន្ថែមបទល្មើស «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ពីលើបទចោទ​​ចាស់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនសកម្មជនបរិស្ថានចំនួន៣នាក់ទៀតកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១​ រួមមាន យុវជន យឹម លាងហ៊ី, យុវជន លី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋា ដែលពួកគេទាំង៣នាក់ រួមទាំងស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេសដេវិតសុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។

យ៉ាងណា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងបរិស្ថាន បង្ហាញកង្វល់អំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ​ ដើម្បីធានាសិទ្ធិសេរីភាពអ្នកការពារសិទ្ធិមនុស្សនិង​បរិស្ថាន។

ក្រោយពីមានការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់នេះ ក៏មានប្រតិកម្មជាច្រើនពីសាធារណជន អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួមទាំងស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងនោះរួមមាន ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអ៊ែត និងអូស្រ្តាលី ជាដើម។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់​ទៅលើយុវជនបរិស្ថានទាំងនោះផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ