តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​​ស្វាយរៀង​ថា​គំរាម​​ពលរដ្ឋ​ឱ្យ​​​ផ្ដិត​មេដៃ​ទទួល​យក​សំណង

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានលើកឡើងថា សមាជិក​របស់ខ្លួនមួយចំនួនត្រូវបានអាជ្ញាធរគំរាមកំហែងបង្ខំឱ្យពួកគេ​ផ្ដិតស្នាមមេដៃទទួលយកសំណងក្នុងតម្លៃដីមួយម៉ែត្រការ៉េត្រឹម៩០០រៀល ឬស្មើ៩លានរៀល (៩ ០០០ ០០០រៀល) ក្នុងមួយហិកតា។

​តំណាងពលរដ្ឋមានជម្លោះដីធ្លី អ្នកស្រី យស សុភ័ណ្ឌ អះអាងថា ​រយៈពេល៥ថ្ងៃហើយតាំងពីពេលគាត់ជាប់ធ្វើចត្តាឡីស័កម​ក មានពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរទៅគំរាម​ឱ្យផ្តល់ស្នាមមេដៃទទួលយកសំណងទាំងបង្ខំ ដោយថាប្រសិនបើពលរដ្ឋមិនយល់ព្រមទទួលយកសំណងនោះ អាជ្ញាធរនឹងមិនផ្តល់សេវាផ្សេងៗ​ជូនពលរដ្ឋទៀតទេ។  

អ្នកស្រីបន្តថា៖ «ចំណែកភូមិធ្នង់ មេភូមិធ្នង់ហ្នឹង ហើយនិងជំនួយការភូមិ! គាត់ថា បើសិនជាប្រជាពលរដ្ឋមិនទៅផ្ដិតមេដៃទេ ចាប់ពីពេលហ្នឹងទៅ លែងរាប់អានគ្នា លែងមើលមុខគ្នា ហើយចង់ទាក់ទងធ្វើច្បាប់ការ [អាពាហ៍ពិពាហ៍] ឬច្បាប់បុណ្យអី! គាត់ [មេភូមិ] លែងធ្វើឱ្យហើយ ដោយសារតែពួកគាត់ [ពលរដ្ឋ] មិនស្ដាប់តាម [មេភូមិ]»។

អ្នកស្រីអះអាងបន្ត​ថា ការគំរាមកំហែងនេះជារឿងមួយអយុត្តិធម៌ ដែលធ្វើឱ្យពលរដ្ឋខ្លះមិនសប្បាយចិត្តទទួលយកសំណងនោះឡើយ។ ​

តំណាងសហគមន៍ចេកមាស អ្នកស្រី ឥន្ទ សូត្រ បានលើកឡើងថា តាំងពីមានការចេញតវ៉ាពីសំណាក់ប្រជាពលរដ្ឋចំនួនបីភូមិ រួមមាន ភូមិចេក ភូមិឈើទាល និងភូមិធ្នង់ ​ដើម្បីទាមទារដំណោះស្រាយដីធ្លីមក អាជ្ញា​ធរមិនឱ្យ​ពលរដ្ឋ​ជួបជុំគ្នាទៀតឡើយ ហើយពួកគេបានប្រាប់ពលរដ្ឋឱ្យ​​យកសំណងតម្លៃ៩០០រៀលក្នុង​មួយម៉ែត្រ​ការ៉េ​នោះ។

អ្នកស្រីបានស្នើថា៖ «ពួកខ្ញុំជាអ្នករងគ្រោះដីធ្លី មិនរកយុត្តិធម៌ជូន បែរមកធ្វើបាបកាន់តែខ្លាំង»។

​មេឃុំឈើទាល អ្នកស្រី ណង សុនី សុំមិនបកស្រាយករណីនេះឡើយ ដោយថាជាប់រវល់។ ​

ចំណែកមេភូមិចេក លោក អិន សុខន បានលើកឡើងថា អាជ្ញាធរពុំបានគំរាមកំហែងដូចការ​លើកឡើង​របស់ពលរដ្ឋ​ឡើយ។ លោកថា ពលរដ្ឋដែលទៅផ្តិតមេដៃទទួលយកសំណងនោះ គឺពួកគេ​ធ្វើដោយ​ស្ម័គ្រ​ចិត្ត​និងមិន​មានការ​បង្ខិតបង្ខំណាមួយ​ឡើយ។

លោក​បញ្ជាក់ថា៖ «ការគំរាមកំហែងហ្នឹង វាមិនពិតទេ! គេផ្ដល់ឱ្យ​​ពលរដ្ឋផ្តិតមេដៃ បើយើងមិនផ្ដិត មានតែអត់! គេអត់បង្ខំយើងទេ»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សារឿន បានលើកឡើងថា អាជ្ញាធរមិនត្រូវធ្វើទុក្ខបុកម្នេញពលរដ្ឋនោះទេ គួរតែមានការចូលរួមសហការដោះស្រាយឱ្យ​បានសមរម្យជូនពលរដ្ឋ។ លោកបន្ត​ថា ប្រជាពលរដ្ឋកាន់តែជួបការលំបាកខ្លាំងនៅពេលដែលពួកគាត់ទទួលបានសំណងតិចតួចមិនសមនឹងតម្លៃទីផ្សារនោះ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរគួរតែផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ឱ្យ​ប្រជាពលរដ្ឋធ្វើការជ្រើសរើស ហើយជជែកគ្នាប្រកបដោយការស្ថាបនានិងទំនួលខុសត្រូវសម្រាប់កិច្ចការដែលកំពុងតែប្រឈម ដើម្បីឈានរកភាពល្អប្រសើរ ព្រោះថា ការអភិវឌ្ឍ គោលបំណងមួយៗគឺដើម្បីលើកកម្ពស់ជីវភាព។ ប៉ុន្តែបើសិនជាការអភិវឌ្ឍទៅ ប្រឈមនឹងបញ្ហា ប្រឈមនឹងការគំរាមកំហែង ប្រជាពលរដ្ឋចូលរួមទាំងមិនសប្បាយចិត្ត ខ្ញុំគិតថា វាខុសនឹងឆន្ទៈនិងគោលការណ៍អភិវឌ្ឍន៍ទាំងហ្នឹង»។

វិវាទដីធ្លីនៅឃុំឈើទាល ស្រុកស្វាយជ្រុំនេះ កើតឡើងតាំងពីឆ្នាំ២០០៨ ដែលមានពលរដ្ឋជាង១០០គ្រួសារលើ​ទំហំដីប៉ះពាល់ជិត១០០ហិកតា។ ជម្លោះនេះកើតមានក្រោយពីក្រសួងធនធានទឹកនិងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សម្រេចយកតំបន់នេះជាគម្រោងបង្កើតអាងទឹកទន្លេវៃគោ។ ​​

ដោយសារមាន​ការតវ៉ារកដំណោះស្រាយដីធ្លីនេះ កាលពីថ្ងៃទី៤ ខែសីហា តំណាងពលរដ្ឋ អ្នកស្រី យស សុភ័ណ្ឌ និងអ្នកស្រី ឥន្ទ សូត្រ ត្រូវបានអាជ្ញាធរស្រុកស្វាយជ្រុំ ផាកពិន័យម្នាក់ៗចំនួន២ ០០០ ០០០ រៀល [ពីរលានរៀល] ក្រោយពីពួកគេបានប្រមូលម្ដុំគ្នាថតបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីស្នើអាជ្ញាធរដោះស្រាយសំណងផលប៉ះពាល់ជូនពួកគាត់ឱ្យបានសមរម្យ។ លើសពីនេះ អាជ្ញាធរតម្រូវឱ្យពលរដ្ឋជាង៣០គ្រួសារផ្សេងទៀតដែលចូលរួមតវ៉ា​ដែរនោះ ត្រូវធ្វើចត្តាឡីស័កមិនឱ្យ​ចេញទៅណាបានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ