វិភាគ៖​ អ្វី​ជា​បញ្ហា​នាំ​ឱ្យ​បក​ស្រាយ​ខុស​គ្នា​ពី​វិធាន​ការ​ច្បាប់​នៅ​កម្ពុជា?

អ្នកនាង ឈឿន ដារ៉ា​វី (កោរសក់​) លើកដៃជាប់ខ្នោះ មុនឡើងឡាន​ចាកចេញ​ក្រោយ​បញ្ចប់​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ (អ៊ូច សូ​នី​)

ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិបានរិះគន់ជាបន្តបន្ទាប់ទៅលើ​ការអនុវត្ត​ច្បា​​ប់​របស់​អាជ្ញាធរ​កម្ពុជា ជាពិសេសវិធានការច្បាប់ទៅលើក្រុមសំឡេង​ជំទាស់។ ប៉ុន្តែមន្ត្រីរ​ដ្ឋាភិបាលបាន​បដិសេធជាហូរហែដោយសម្អាងថា ចំណាត់ការដែលបានកើតឡើងជាការអនុវត្តច្បាប់ ដើ​ម្បី​រក្សា​សណ្តាប់ធ្នាប់​​សង្គម ស្ថិរភាពនយោបាយ ​និង​មិនមែនជា​ការ​បំ​ពា​ន​សិទ្ធិ​​ដូច​ការ​លើក​ឡើង​នោះ​ទេ។

នៅសប្តាហ៍នេះ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​៤រូបបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមថា ការចាប់ចងនិងឃុំខ្លួនសកម្មជនបរិស្ថាន​និងសង្គម​ចំនួន៧នាក់ ជាការ​បំពាន​សិទ្ធិ «ត្រង់​មាត្រា៩ នៃក​តិកា​សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។

មាត្រា៩ ចែងថា៖ «ជនគ្រប់រូបមានសិទ្ធិ មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។ គ្មានជនណាម្នាក់​ត្រូវបានចាប់ខ្លួនតាមអំពើចិត្ត​​បានឡើយ។ គ្មានជនណាម្នាក់ត្រូវដកហូតសេរីភាពបានឡើយ លើកលែងតែមានហេ​តុ​ផល និងស្របតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់»។

សកម្មជនបរិស្ថាននិង​សង្គម​ដែលអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិលើកឡើងនោះសំដៅ​លើ​កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ,​ លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ, លោក មួង សុភ័ក្ត្រ និងលោក មាន ព្រហ្មមុនី ដែលកំពុងជាប់ឃុំនៅពន្ធនាគារ ក្រោម​បទ​ចោទ «ញុះញង់ឱ្យ​មា​ន​​ភាពវឹកវរដល់ស​ន្តិ​សុខសង្គម និងផ្តើមគំនិតញុះ​ញង់​​ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»

ពួកគេបានជា​ប់ពន្ធនាគាររយៈពេល១២ខែមកហើយ បើគិតពីថ្ងៃចាប់រហូតដល់ខែសីហា ឆ្នាំ២០២១នេះ។ ការចាប់ខ្លួនអ្នកទាំងនោះបានកើតឡើងក្រោយពីពួកគេខ្លះប្រកាសពីគម្រោងដើរពីវត្តភ្នំទៅ​ផ្ទះលោកនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំបញ្ឈប់ការអនុញ្ញាតឱ្យលុប«បឹងកប់ស្រូវ» ​ហៅ «បឹងតាមោក» ប​​ន្ត​​ទៀត និងខ្លះទៀតប្រកាសពីជំហរបន្តតវ៉ា​ដោយសន្តិវិធីទាមទារឱ្យដោះលែងប្រធានស​ហជីពមួយរូប គឺ​​លោក រ៉ុង ឈុន។

ក្រៅពីលើកឡើងពីវិធានការច្បាប់ចាប់ឃុំខ្លួនអ្នកទាំង៧នាក់នេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស​អន្តរ​ជាតិក៏និយាយដែរថា «អាជ្ញាធរ​កម្ពុជាកំពុងកំ​ណ​ត់​គោ​​លដៅ​​គំរាមកំហែងនិងដាក់ទោស​ទណ្ឌដល់​អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លា​ច​ក្នុងចំណោមអ្នកដែលធ្វើការងារដើម្បីការពារសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋាន»។

តែយ៉ាងណា អ្នកនាំពាក្យ​​ក្រសួ​​ងយុត្តិធម៌របស់​កម្ពុជា លោក ជិន ម៉ាលីន ចាត់​ទុ​​កកា​រ​លើកឡើងនេះថាមា​​ន​និន្នាការប្រឆាំង មិនឆ្លុះប​ញ្ចាំងការអនុវត្តច្បាប់នោះទេ។

លោកថា៖ «មានតែការស្វែងរកភស្តុតាងនិងសក្ខីកម្មឱ្យបានរឹងមាំតាមផ្លូវច្បាប់ ធ្វើការដោះ​​បន្ទុកទេ ដើម្បីចូលរួមដំណើរការនីតិវិធីរបស់តុលាការ ទើបអាចជួយបាន»។

សំណួរត្រង់ថា អ្វីជាបញ្ហាចម្បងនាំឱ្យ​មានការបកស្រាយខុសគ្នាទៅលើវិធានការច្បាប់នៅកម្ពុជា?

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មើលឃើញថា ភាពចម្រូង​​ចម្រាសនេះផ្តើមចេញពីបញ្ហាចម្បងចំនួន២ ក្នុងនោះ​ មន្ត្រីអង្គការសហប្រជាជាតិវាយតម្លៃស្ថា​នភាពសិ​ទ្ធិមនុស្សដោយ​ផ្អែកលើ​បទដ្ឋានអន្តរជាតិនិងមានតម្លៃសកល តាមធម្មនុញ្ញអង្គការសហប្រជាជាតិ កតិកាស​ញ្ញា​និងអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ ដែលកម្ពុជាជាហេត្ថលេខី ហើយផ្ទៀ​​ងផ្ទាត់ទៅនឹងការអនុវត្តច្បាប់ជាក់ស្តែង។

បញ្ហាមួយទៀត លោកថា ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ការធ្វើច្បាប់ត្រូវភ្ជាប់កា​តព្វកិ​ច្ច​​អាជ្ញាធររដ្ឋទៅនឹងបទដ្ឋានអន្តរជាតិដែលខ្លួនបានផ្តល់សច្ចាប័ន។ ប៉ុន្តែលោកថា កន្លងទៅ ការធ្វើច្បាប់មួយ​ចំនួន​នៅ​កម្ពុជាបានដំណើរការទៅលឿន តាមកា​រវិវត្តស្ថា​ន​ភាពន​​យោបាយ ធ្វើឱ្យការអនុវត្ត​ច្បាប់មាន​ភា​ពចម្រូង​ចម្រា​ស​និង​រងកា​រ​រិះគន់។

លោកថា៖ «កន្លែងហ្នឹងហើយ វាអាចជាការខ្វះចន្លោះមួយដែរ ពីព្រោះច្បាប់មួយ​ៗ វា​​​​ត្រូ​​វ​ការពេ​ល​វេលាច្រើនសម្រាប់ពិគ្រោះយោបល់ ដើម្បីឱ្យច្បាប់នោះស្របតាមបទដ្ឋានអន្ត​រជា​តិស្តី​​​​ពីសិទ្ធិ​​ម​នុស្ស ដែលធ្វើឱ្យការអនុវត្តទៅមានប្រសិទ្ធភាព ហើយមិនមានបញ្ហាចម្រូ​ង​ច​ម្រាស អាហ្នឹង​​ជារឿងសំខាន់»។

លោក​ អំ សំអាត បន្ថែមថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រសើរឬធ្លាក់ចុះអាស្រ័យទៅនឹងស្ថានភា​ព​ន​យោ​បាយ ខណៈមន្ត្រីរដ្ឋាភិបាលកន្លងមកក៏បាន​ចាត់​ទុក​សេចក្តីថ្លែងការណ៍នានាដែល​ពាក់ព័ន្ធនឹង​​ការរំលោភសិទ្ធិមនុស្ស ថា​មានចរិត​នយោបាយឬមាននិន្នាការប្រឆាំង។

លោកថា៖ «តែតាមការពិត ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ផ្សារភ្ជាប់នឹង​ស្ថានភាពនយោបា​យ​ផងដែរ។ អ៊ីចឹង​ហើយបានស្ថានភាពសិទ្ធិមនុស្សហ្នឹង វាលិចអណ្តែតៗតាមស្ថានភាពន​យោ​​បាយ។ បើយើងមើលឱ្យចំទៅ កត្តានយោបាយនេះ វាធំជាងគេ សម្រាប់ការខ្វែងគំនិតគ្នារ​វា​ងអ្នកជំនាញសិទ្ធិមនុស្សជាមួយនឹង​កម្ពុជា»។

មាត្រា៣១ នៃរដ្ឋធម្មនុញ្ញចែងថា៖ «ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់និងគោរពសិទ្ធិ​មនុស្សដូ​​ច​មានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តី​​ពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុ​ស្ស សិទ្ធិនារី និងសិទ្ធិកុមារ»។

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ មើលឃើញបញ្ហាចម្បងធំៗ២ដែរ ជុំវិញ​ការ​បកស្រាយ​ផ្ទុយ​គ្នានៃ​ការ​អនុវត្ត​​វិធាន​ការ​​ច្បាប់នៅ​​កម្ពុជារវាងសហគមន៍អន្តរជាតិនិង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា។

លោកថា អ្នកជំនាញសិទ្ធិមនុស្សឬសហគមន៍អន្តរជាតិវាយ​តម្លៃ​ពីស្ថានភាព​សិទ្ធិ​មនុស្សនិងការអនុវត្ត​ច្បាប់នៅប្រទេសណាមួយ រួមទាំងកម្ពុជា ដោយ​ឈរលើ​គោល​ការណ៍សកលនិង​មិន​ទោរទន់​តាមឥទ្ធិពល​នយោបាយ ​ខុសពីនៅកម្ពុជាដែល​មានការ​កែ​ច្បាប់ជាច្រើន​លើក​ច្រើនសារ​ និងពេល​ខ្លះកែដោយ​ឯកបក្ស​ ដោយត្រូវបាន​គេ​មើលឃើញថា កែច្បាប់​ដើម្បី​ការ​ពារ​អំណាច។

លោកថា៖ «ច្បាប់គណបក្សនយោបាយនិងច្បាប់បោះឆ្នោតជាដើម​ គេនាំគ្នាកែអត់ឈប់! កែដើម្បីពង្រឹងអំណាចអ្នកដឹកនាំប្រទេស និងរឹតត្បិតសេរីភាពពលរដ្ឋម្ចាស់ប្រទេស។ កែរហូតទៅ​ដល់ពលរដ្ឋគ្រាន់តែមានមតិក៏ត្រូវជាប់គុកពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ដែរ! កែរហូតទៅដល់សិទ្ធិធ្វើនយោបាយដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវមានតាំងពីកំណើត ទៅជាសុំសិទ្ធិពីអ្នកដឹកនាំប្រទេសទៅវិញ»។

ចំណែកអ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី មើលឃើញថា ជាឫសគល់នៃបញ្ហាខ្វែងគំនិតគ្នាជុំវិញការរំលោភសិទ្ធិមនុស្សនៅកម្ពុជា គឺការបង្កើតច្បាប់ចេញពីអ្នកនយោបាយតែមួ​យ​ក្រុមដែលជាសភាឯកបក្សឬរដ្ឋាភិបាលឯកបក្ស។

លោកមើលឃើញថា ប្រព័ន្ធបែបនេះ មន្ត្រីនៅតាមក្រសួងគ្មានជម្រើស​អ្វីក្រៅតែពីការ​ឆ្លើយការ​ពារច្រើន​ជាង​និយាយការពិត។

លោកកត់សម្គាល់ថា ក្រោយរំលាយអតីតគណបក្សសង្គ្រោះជាតិជិត៤ឆ្នាំមកនេះ រដ្ឋាភិបាលឯកបក្សបង្កើតច្បាប់បានជាង៨០ច្បាប់ ដោយច្បាប់ទាំងនោះរងការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិ ពិសេសប្លុកលោកសេរីដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកថា៖ «អ៊ីចឹងហើយបានយើងឃើញកន្លងមកនេះ អ្វីដែលរដ្ឋាភិបាលព្យាយាមធ្វើហ្នឹងធ្វើ​​​​ម៉េចបន្សាបស្ថាប័នរដ្ឋ បន្សាបស្ថាប័នដែលមានឥទ្ធិពលក្នុងសង្គមហ្នឹង រួមទាំងស្ថាប័នតុ​លា​​​ការ​ មិនឱ្យមានឥទ្ធិពលឬការសម្រេចចិត្តអីទេ»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បារម្ភថា បញ្ហានេះអាចនឹងធ្វើឱ្យ​ក​ម្ពុ​​ជាបន្ត​ខាត​បង់ទាំងទីផ្សារការងារ និងសេដ្ឋកិច្ច ក្រោមវិធានការនានារបស់សហគមន៍អន្ត​​រជាតិដែលចង់ឃើញកម្ពុជាវិលទៅរកគន្លងប្រជាធិបតេយ្យ បើស្ថានការណ៍នយោបាយនៅកម្ពុជាមិនត្រូវបានកែលម្អទាន់ពេលទេនោះ។

លោកថា៖ «អ្នកដែលខាតគឺប្រជាពលរដ្ឋកម្ពុជា អ្នកដែលខាតគឺប្រទេសជាតិទាំងមូល […] យើង​​បាន​​ឃើញហើយ មានការតាក់តែងច្បាប់នៅសហរដ្ឋអាមេរិក នៅអូស្ត្រាលី ហើយមានកា​​​រ​ដាក់បញ្ចូលកម្ពុជានៅក្នុងបញ្ជីប្រផេះ ជាដើម សុទ្ធសឹងជាគំនាប! ហើយការដាក់គំនាបទៅ​​​​លើ EBA អីហ្នឹង សុទ្ធតែជាឧបករណ៍ដែលគេប្រើប្រាស់ ដើម្បីលើកទឹកចិត្តឱ្យកម្ពុជាហ្នឹងវិ​លមករក​របបប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាពរបស់ពលរដ្ឋក្នុងការប​ញ្ចេ​​ញមតិឡើងវិញ»។

តែយ៉ាងណា លោក អំ សំអាត យល់ថា កម្ពុជានៅមានពេលសម្រាប់ស្តារស្ថានការណ៍នេះឡើងវិញ បើមេដឹកនាំមានឆន្ទៈ ក្នុងការបំពេញកាតព្វកិច្ចតាមបទដ្ឋានអន្តរជាតិក្នុងនាមរដ្ឋជាសមាជិក។

លោកថា៖ «ខ្ញុំមើលទៅថា ឥលូវហ្នឹងវាពិបាកដែរ ព្រោះឥលូវនេះមើលទៅអ្នកនយោបាយដូចជាគិតតែផលប្រយោជន៍និងអំណាច ច្រើនជាងប្រយោជន៍របស់ប្រជាពលរដ្ឋ អាហ្នឹងជាកត្តាចម្បង។ អ៊ីចឹងបើយើងតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ ខ្ញុំគិតថា អ្នកនយោបាយទាំងអស់ វាគួរតែមានឆន្ទៈនៅក្នុងការបើកទូលាយសម្រាប់ពលរដ្ឋក្នុងការអនុវត្តសិទ្ធិរបស់ខ្លួនតបតាមរដ្ឋធម្មនុញ្ញនិងបទដ្ឋានអន្តរជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ