ភ្ញៀវ​​ទេសចរ​អន្តរជាតិ​មក​​​កម្ពុជា​​​ថយ​ចុះ​ជាង​៩0%​ ខណៈ​​ពលរដ្ឋ​ខ្មែរ​​ទៅ​​ក្រៅ​ប្រទេស​​ថយ​ជិត​១០០%​​

ទិដ្ឋភាពប្រាសាទអង្គរវត្ត និង ភ្ញៀវទេសចរដែលមកទស្សនា កាលពីចុងឆ្នាំ២០១៩។ (ជន ចាន់រ៉ែន)

ភ្ញៀវទេសចរ​អន្តរជាតិធ្វើដំណើរ​មក​ប្រទេស​កម្ពុជាមាន​ការ​ថយចុះជាង៩១ភាគរយ (៩១,៣%) ខណៈ​ប្រជា​ពលរដ្ឋ​កម្ពុជា​​ចេញ​ទៅ​ក្រៅ​ប្រទេស​​ថយ​ចុះជិត១០០ភាគរយ (៩៦,៦%) ​ គិត​ត្រឹម​​ឆមាសទី​១ ឆ្នាំ​២០២១ ហើយ​​ចំនួននេះ​មានការថយចុះដូចគ្នា បើ​ប្រៀបធៀប​ទៅ​ឆមាស​ទី​១ ឆ្នាំ​២០២០។ 

ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍​រយៈពេល៦ខែឆ្នាំ២០២១ នៅ​លើ​ទំព័រ​ហេ្វសប៊ុក​កាលពី​ថ្ងៃ​ទី​១១ ខែ​សីហា ថាចំនួន​​​ភ្ញៀវ​ទេសចរបរទេសមកកម្ពុជា​ និង​ប្រជា​ពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ មាន​ការ​ថយចុះ​យ៉ាង​ខ្លាំង​​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេលដូចគ្នា​កាលពី​ឆ្នាំ​មុន។

របាយការណ៍បង្ហាញ​ថា​ ទូទាំង​ប្រទេស​កម្ពុជា​​ទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន១០២ ៥៦០នាក់​ ថយចុះ​៩១,៣% ក្នុង​នោះ ​ភ្ញៀវ​អន្តរជាតិ​ដែល​មកតាម​ផ្លូវ​អាកាស​មាន​ចំនួន៤៦ ២៤៩នាក់ ថយចុះ៩៣,២%, ​តាម​ផ្លូវគោក​មាន​ចំនួន​៥៦ ៣០៩នាក់​ ថយចុះ​៨៧,៤% និង​​មក​តាម​ផ្លូវ​ទឹក​មាន​ចំនួន​តែ២នាក់ប៉ុណ្ណោះ​។ រីឯ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន១០ ៥៣៨នាក់​ មានការថយ​ចុះ​៩៦,៦%។

ប្រភពដដែលបន្តថា ទីផ្សារ​ទេសចរណ៍​សំខាន់​ៗមាន​ចំនួន​១០ប្រទេស ​រួមមាន ទេសចរថៃមាន​ចំនួន​​៥២ ២៩០​នាក់ ថយចុះ៦៧,៥% , ទេសចរចិន​ចំនួន​២៩ ៧៥១នាក់ ថយចុះ​៦៧,៥% , ទេសចរវៀតណាមមានចំនួន៦ ៩៥៦នាក់ ថយចុះ៩៦,១% , ទេសចរឥណ្ឌូណេស៊ីមានចំនួន៣ ៤១៥នាក់ ថយចុះ៧៤,៣% និងទេសចរកូរ៉េខាងត្បូងមានចំនួន១ ៨៣៣នាក់​ ថយចុះ​៩៦,៥%។

បន្ថែមពីនេះ ទេសចរសហរដ្ឋអាមេរិកមានចំនួន​១ ៥៩០នាក់ ថយចុះ​​ ៩៧% , ទេសចរចិនមកពីកោះ​តៃវ៉ាន់ ១,៥០៤នាក់ ថយចុះ៩២,៨% , ទេសចរម៉ាឡេស៊ី ៨៨៣នាក់ ថយចុះ​៩៦,៥% , ទេសចរជប៉ុន ៧៩០នាក់ ថយចុះ​៩៨% និង​ទេសចរបារាំង ៦៤៨នាក់ ថយចុះ៩៨,៥%។

សូមបញ្ជាក់ផងដែរថា ភ្ញៀវទេសចរផ្ទៃ​​ក្នុងឬទេសចរក្នុងស្រុក នៅ​ឆមាស​ទី​១ ឆ្នាំ២០២១ មាន​ចំនួន​សរុប​១ ៩៨២ ៦៤១នាក់ ថយចុះ​៣៧,៣% ប្រៀបធៀបនឹង​រយៈពេលដូចគ្នា​នឹង​ឆ្នាំ​២០២០។ រីឯទេសចរបរទេសផ្ទៃ​ក្នុង​មាន​ចំនួន​សរុប១៤១ ៩៨៨នាក់៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ