ក្រសួង​ព្រមាន​ក្រុមហ៊ុន​​២​ដែល​ចែក​​ស៊ីម​​កាត​ដោយ​​មិន​​យក​​ឯក​សារ​អ្នក​​ប្រើ​ប្រាស់

ទីតាំងចែកស៊ីមកាតឬលេខទូរសព្ទដល់អតិថិជនដោយមិនទាមទារបណ្ណសម្គាល់អត្តសញ្ញាណ។ (ហ្វេសប៊ុក៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications)

​ក្រសួងលើកឡើងថា ដើម្បីធានាសន្តិសុខជាតិ ខ្លួននឹងចាត់វិធានការច្បាប់ទៅលើក្រុមហ៊ុនទូ​រសព្ទចល័តចំនួនពីរ បើពួកគេនៅតែបន្តចែកចាយស៊ីមកាតឬលេខទូរសព្ទឱ្យទៅអតិថិជនទាំងមិនមាន​ឯកសារសម្គាល់អ​​ត្ត​សញ្ញាណត្រឹមត្រូវ។

ការព្រមានរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងតាមរយៈសេចក្តីប្រកា​​សព័ត៌មានមួយចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

បើតាមលិខិតនោះ ក្រសួងលើកឡើងថា ថ្មីៗនេះ ខ្លួនបានរកឃើញក្រុមហ៊ុនពីរ គឺ «ក្រុមហ៊ុនវៀតធេល (ខេមបូឌា)» ឬ «ក្រុមហ៊ុន មិត្តហ្វូន» និង «ក្រុមហ៊ុនស្មាត អាស្យាតា ខូអិលធីឌី» បានធ្វើសកម្មភាព​លក់​និងចែ​កចាយស៊ីម​កាតនៅទីតាំងមួយចំនួន ដោយ​ពុំបាន​តម្រូវឱ្យ​​​មាន​ឯកសារសម្គាល់អត្តសញ្ញាណរប​ស់​អ្នកប្រើប្រាស់ទេ។

ក្រសួងចាត់ទុកថា សកម្មភាពនេះបានបន្តអនុវត្តផ្ទុយទៅនឹងសារាចរ​ណែនាំ​អន្ត​រក្រសួ​ង​​ចុះ​​ថ្ងៃ​ទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ និង​រំលោភលើសេចក្តីណែនាំរបស់ក្រសួងប្រៃសណីយ៍ និងនិយ័តករទូរគ​ម​នា​​គមន៍។

ក្រសួង​មួយនេះបានគូសបញ្ជាក់ថា ដើម្បីពង្រឹងសណ្តាប់ធ្នាប់​លើវិស័យទូរគ​មនាគម​ន៍​និងសន្តិសុខជាតិ ក្រសួងអំពាវនាវ ឱ្យក្រុមហ៊ុនទាំងពីរនោះបញ្ឈប់ជាបន្ទាន់នូវស​កម្មភា​ព​​នេះតាម​គ្រប់​មធ្យោបាយ ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។

ក្រសួងព្រមានថា ក្នុងករណីប្រតិបត្តិករនៅតែមិនអនុវត្តតាម ក្រសួងនឹងព្យួរឬលុបអា​ជ្ញាបណ្ណ​ប្រតិបត្តិការ​ផ្តល់​សេវាទូរសព្ទចល័ត បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករ ចា​ត់វិធានការផ្សេងទៀតស្របតាមមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ [ហើយ] រាល់បុគ្គលពាក់ព័​ន្ធ​នឹងករណីនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ព្រហ្មទណ្ឌ។

យ៉ា​ងណា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនបានបញ្ជាក់ថាមានស៊ីមកាតប៉ុន្មានដែ​លក្រុមហ៊ុនទូរសព្ទចល័តទាំងពីរនោះ​បានលក់ចែកចាយរួចហើយឱ្យអតិថិជនទាំង​មិនមា​ន​​​​ឯ​កសារសម្គាល់អ​​ត្ត​សញ្ញាណត្រឹមត្រូវដែលខ្លួនបានរកឃើញនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ